ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ចាប់ដំណើរការ​ផ្ដល់​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូវីដ​ ១៩​ ជា​ផ្លូវការ​នៅថ្ងៃនេះ ដោយ​កំណត់​យក​អ្នកស្ម័គ្រចិត្ត​ជំហាន​ដំបូង​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ និង​កូនៗ​របស់​ថ្នាក់​ដឹកនាំ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គឺ​នឹងត្រូវ​កំណត់​ចំនួន​ត្រឹមតែ​ ១៤៩ ៥០០ ​នាក់ ​ដែល​នឹងត្រូវ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​ស៊ីណូហ្វាម​។

គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩​ ព្រមទាំង​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​ការអនុវត្ត​យុទ្ធសាស្ត្រ និង​កិច្ចប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នឹងត្រូវ​ធ្វើជា​ដំណាក់កាលៗ​ទៅតាម​ចំនួន​វ៉ាក់សាំង​ដែល​បាន​ទទួល​រួចហើយ និង​វ៉ាក់សាំង​ដែល​អាចនឹង​ទទួល​បាន​នៅក្នុង​ឆ្នាំ​ ២០២១ ​នេះ​។

លោក​ ម៉ម ប៊ុនហេង ដែលជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ បាន​ឱ្យ​ដឹងថា ក្រុមមនុស្ស​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វ៉ាម​គឺមាន​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​បុត្រាបុត្រី​ជា​ឥស្សរជន​ជាន់ខ្ពស់ អភិបាល​រាជធានី-ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់ អ្នកនាំពាក្យ​នៅតាម​ក្រសួង​ស្ថាប័ន​នានា និង​អ្នកសារព័ត៌មាន​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ដល់​ ៥៩ ​ឆ្នាំ​ជាដំបូង​គេ​នៅតាម​ទីតាំង​ចំនួន​ ៤ ​ដែល​ក្រសួង​បានរៀបចំ​រួចរាល់​។

បន្ទាប់មក ក្រុមមនុស្ស​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាក់​ជា​បន្តបន្ទាប់​ទៀត​មាន​កម្លាំង​ជំនាញ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ជួរមុខ (​ខេត្ត ស្រុក ខណ្ឌ សង្កាត់ ឃុំ ភូមិ​) និង​កងកម្លាំង​មាន​សមត្ថកិច្ច (​នគរបាល​) ជួរមុខ​ដែល​កំពុង​សកម្ម​ក្នុង​ការជួយ​អន្តរាគមន៍​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​នគរបាល​ដែល​នៅ​ឈរជើង​តាម​ព្រំដែន​នឹងត្រូវ​ចាក់​ជូន​ដោយ​ក្រសួង​ការពារជាតិ​។ ជាមួយ​គ្នា​នេះដែរ ក្រសួង​សុខាភិបាល​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ​ ២០២១​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា រហូត​មក​ដល់​ថ្ងៃទី​ ៨ ខែកុម្ភៈ​នេះ ក្រសួង​សុខាភិបាល​មិនទាន់​អាច​បញ្ជាក់​បាន​អំពី​ចំនួន​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ស្ម័គ្រចិត្ត​ក្នុងការ​ទទួលយក​ការចាក់​​វ៉ាក់សាំង​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​សម្រាប់​រូបខ្ញុំ គឺ​ខ្ញុំ​បានគិត​ពីលើ​បញ្ហា​ចាក់​នេះ​រួចទៅហើយ ហើយ​រូបខ្ញុំ​ផ្ទាល់ គឺ​ខ្ញុំ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ស៊ីណូហ្វ៉ាម​ដែលជា​អំណោយ​មនុស្សធម៌​ដ៏ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​គោរព​ទៅតាម​បទបញ្ជា​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​»​។

លោកស្រី​ក៏បាន​អះអាង​ផងដែរ​ថា រហូតមក​ដល់​ពេលនេះ មិនទាន់​មាន​វ៉ាក់សាំង​កូវីដ​ណាមួយ​ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​នូវ​ប្រសិទ្ធភាព​ ១០០ ​ភាគរយ​ទេ ប៉ុន្តែ​ករណី​ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​ ឬ​មិន​ទទួលស្គាល់​ក៏ដោយ ក៏​វ៉ាក់សាំង​នេះ​នៅតែ​ដំណើរ​ទៅមុខ​ដដែល​។

លោក​ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ​ និង​ជា​ប្រធាន​ក្រុម​វ៉ាក់សាំង​កូវីដ​ ១៩​ បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ដែរ​ថា ក្រុម​វ៉ាក់សាំង​កូវីដ ​១៩ ​ក្រសួង​ការពារជាតិ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វ៉ាម​ទៅ​ដល់​ថ្នាក់ដឹកនាំ ប្រធាន​ស្ថាប័ន​ចំណុះ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែលមាន​អាយុ​ពី ​១៨ ​ដល់​ ៥៩ ​ឆ្នាំ​តាម​ការស្ម័គ្រចិត្ត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ម៉ោង​ ២ នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ហើយ​សម្រាប់​ការចាក់​វ៉ាក់សាំង​ទៅដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន តាម​ស្ថាប័ន កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ ក្រសួង​នឹង​ជូនដំណឹង​ពី​កាលបរិច្ឆេទ និង​ទីតាំង​ជាក់លាក់​នៅពេល​ក្រោយ​។

យោងតាម​សារ​សំឡេង​តាម​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ថ្ងៃទី​ ៨ ខែ​កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ជា​ផ្លូវការ កូន​ទាំង​ ៥ ​របស់​លោក​នឹងចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ រួមទាំង​អភិបាលខេត្ត​មួយចំនួន​បានសម្រេច​ស្ម័គ្រចិត្ត​ក្នុង​ការទទួល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​រួចហើយ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ដើម្បី​បង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​ និង​ធ្វើជា​គំរូ​ឱ្យ​ប្រជាពលរដ្ឋ សមាជិក​រាជរដ្ឋាភិបាល អភិបាលខេត្ត និង​រដ្ឋមន្ត្រី​ដែលមាន​អាយុ​ក្រោម​ ៥៩ ​ឆ្នាំ ​ត្រូវ​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ លើកដំបូង​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​ដូចជា លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​រដ្ឋមន្ត្រី​មួយចំនួន​ទៀត​ត្រូវ​ទៅ​ចាក់​ដើម្បី​ធ្វើជា​គំរូ​។

លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់ថា លោក​មិនមាន​ការភ័យខ្លាច​ ឬ​បារម្ភ​អ្វី​នោះទេ ដោយសារ​លោក​មាន​ការជឿជាក់​លើ​អ្នក​វេជ្ជសាស្ត្រ​ដែល​បាន​ខិតខំ​រក​វ៉ាក់សាំង​នេះ ហើយ​វ៉ាក់សាំង​នេះ​សម្រាប់​ជួយ​មនុស្ស មិនមែន​សម្រាប់​សម្លាប់​មនុស្ស​ទេ​។

លោក​ថ្លែងថា​៖ «​យើង​បាន​បង្កើតជា​ក្រុម​មួយ​ដោយបាន​មូលមតិ​គ្នា​រួចហើយ​ថា នឹង​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​នៅ​ថ្ងៃ​​ទី​ ១០ ខែកុម្ភៈ ម៉ោង​ ៩ នៅ​មន្ទីរពេទ្យរុស្ស៊ី​។ គឺ​គ្រប់​អភិបាល​រាជធានីខេត្ត​ទាំងអស់​ដែលមាន​អាយុ​ក្រោម​ ៥៩ ​ឆ្នាំ​»​។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ក៏​បាន​ស្ម័គ្រចិត្ត​ក្នុង​ការទទួល​យក​វ៉ាក់សាំង​កូវីដ​១៩​នេះ​រួចហើយ​ផងដែរ ប៉ុន្តែ​លោកស្រី​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ថា នឹង​មកចាក់​នៅ​ថ្ងៃ​ណា​ទេ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ថា​នៅពេល​ដែលមាន​វ៉ាក់សាំង​ខ្ញុំ​នឹង​ចាក់​។ ខ្ញុំ​មិនមាន​ការភ័យខ្លាច​ទេ ព្រោះ​ដើម្បី​សុវត្ថិភាព​»​។

ដោយឡែក​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​បាន​ជូនដំណឹង​ទៅ​ដល់​និស្សិត សិក្ខាកាម យោធា​នគរបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា ស្នាក់នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម​ពិសេស​ទីក្រុង​ហាណូយ​ពី​ការរឹតបន្តឹង និង​វិធាន​ការពិន័យ​តឹងរ៉ឹង​ចំពោះ​អ្នករំលោភ​នីតិវិធី​កូវីដ​ ១៩ ដោយ​ក្នុងនោះ​អាច​ប្រឈម​នឹង​ការជាប់ទោស​ពន្ធនាគារ​ចំនួន​ ១២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រាប់ពាន់​ដុល្លារ​ផងដែរ​។

គិត​ត្រឹម​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​នេះ កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ​ ១៩ ​ចំនួន​ ៤៧៦ ​នាក់​ ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៤៥៧ ​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​ ១៩ ​នាក់​។

អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​ជាប់​នឹង​ព្រំដែន​កម្ពុជា-វៀតណាម​ បាន​បន្តធ្វើ​ការពិនិត្យ និង​រឹតបន្តឹង​នូវ​វិធានការ និង​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចំពោះ​ការការពារ​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា នៅពេល​ដែល​ខេត្ត​មួយចំនួន​ក្នុងប្រទេស​វៀតណាម​ កំពុង​ឆ្លង​ចូល​ទៅក្នុង​សហគមន៍​នូវ​កូវីដ ១៩​ បំប្លែង​ថ្មី​៕