មណ្ឌល​គិរីៈ ដំរី​ដឹក​ភ្ញៀវ​ទេស​ចរណ៍១​ក្បាល ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ បាន​ងាប់​ដោយ​សារ​ខ្វះ​អាហារ ក្រោយ​ពេល​ចុះ​ប្រេង ​ហើ​យ​ត្រូវ​ម្ចាស់​វា ចា​ប់ចង​អស់​រយៈ​ពេល​ជិត​ ១ ​ខែ​នៅ​​ក្នុង​ព្រៃ​ ស្ថិត​នៅ​ក្នុង​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែន​មនោ​រម្យ។

ដំរី​ឈ្មោល​ដែល​ងាប់​នេះ មាន​​ឈ្មោះ​បឹក​គុ​ អាយុ​ ៣៥​ ឆ្នាំ​ បាន​ងាប់​កាល​ពី​វេលាម៉ោង​ប្រមាណ​ ​៥​ ល្ងាច​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ក្រោយ​ពី​វាបាន​ដួល​សន្លប់​ប្រមាណ​ជិត ​៨​ ម៉ោង​ ដោយ​សារ​តែខ្វះ​អាហា​រ នៅ​ក្នុង​ពេល​កំពុង​​ជា​ប់ចំ​​ណង​នៅ​ក្នុង​ព្រៃ​ត្រ​​​​​ង់ចំ​ណុច​អូរតេ​។ នេះ​បើ​យោង​តាម​លោក​ពេជ្រ សុធារី​ នាយ​ប៉ុស្តិ៍​ រមនា ដែលបា​ន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ កា​លពី​ព្រឹ​កថ្ងៃ​អាទិត្យ​ ជា​មួយ​នឹង​មន្រ្តី​បរិស្ថាន និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​។

លោក​សុធារី​ បាន​ឲ្យ​ដឹង​ថា ដំរី​នេះ​ បាន​ចុះ​ប្រេង និង​បាន​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ក្នុង​ភូមិ​ពូតាំង​ នៅថ្ងៃ​ទី​ ២៥ និង ​២​៦ ​ខែ​មី នា​កន្លង​មក និងមា​នកា​ររា​​យ​ការណ៍​សុំ​អន្តរា​គមន៍​ទៅ​អង្គការ​សម្ព័ន្ធ​ភាព​សត្វ​ព្រៃ (ហៅ​ថា​វ៉ា​យ​​អេ​ដ)។ នៅ​ថ្ងៃ​ទី​ ២៧ ក្រុម​ការ​ងារ​របស់​អង្គការ​ ក៏​បាន​ចុះ​ទៅ​បាញ់​ថ្នាំ​សណ្តំ ដើម្បី​ឲ្យ​ម្ចាស់​ឈ្មោះ​ចុច ចេល​ចាប់ច​ង​ នៅក្នុ​ង​ព្រៃ ដីចំការ​របស់​គាត់។ ​

លោក​នាយ​ប៉ុស្តិ៍​បញ្ជាក់​ថា​៖«ចាប់​គ្នា​ច​ង​រហូត​មក ដល់​ថ្ងៃទី​ ២១​។ តាម​យើង​សន្និដ្ឋាន​ទៅ ​វា​ដាច់​បាយ​ដា​ច់​ទឹក​ ហើយ​ដំរី​ក៏​ធ្លាក់​ខ្លួន​ឈឺ​បណ្តាល​ឲ្យ​ស្លាប់​។ ឲ្យ​ចំណី​ខ្លះ​ដែរ គឺ​មិន​យក​ចិត្ត​ទុក​ដាក់​។ ណា​មួយ​គ្នា​ខ្លាច​ផ​ង បើចូល​ទៅ​ជិត​ដំរី។ ខ្លាច​ដំរី​ធ្វើ​បាប ព្រោះ​មាន​ម្តង​ហើយ​ ២០១៧ ​[ដំរី​ជាន់​ម្ចាស់​ស្លាប់]​»។

កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០១៧​ កន្លង​មក​ ដំរី​មួយ​ក្បាល ​នៅ​ក្នុង​ភូមិ​ពូតាំង​ដដែល​នេះ ​ត្រូវ​បាន​អា​ជ្ញាធ​រ​មា​នស​ត្ថ​កិ​ច្ចបាញ់​សម្លាប់ ក្រោយ​ពេល​ដែល​វា​បាន​ចុះប្រេង​ ហើយ​ជាន់​ម្ចាស់​ស្លាប់ ព្រម​ទាំង​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​​អ្នក​ភូមិ និង​បង្ក​​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​។