សៀមរាបៈ ក្រោយពី​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បម្រើ​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​អង្គរ​អស់រយៈពេល​ជាច្រើន​ឆ្នាំ សត្វ​ដំរី​ ៥ ​ក្បាល​ ក្នុង​ចំណោម​ ១៤ ​ក្បាល​ នៃ​សហគមន៍​ដំរី​អង្គរ​ត្រូវ​បាន​គេ​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​ថ្មី ដើម្បី​ឲ្យ​រស់នៅ​តាមបែប​ធម្មជាតិ​វិញ​។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​ ឡុង កុសល​ អ្នក​នាំពាក្យ​អាជ្ញាធរ​អប្សរា​កាលពី​ម្សិលមិញ​។

លោក​ កុសល ​បន្តថា ជាការ​ពិត​វត្តមាន​របស់​សត្វ​ដំរី​ទាំងនោះ​នាពេល​កន្លងមក មិន​ត្រឹមតែ​ផ្ដល់​ភាព​ទាក់ទាញ​ដ៏អស្ចារ្យ​ក្នុង​ការផ្ដល់​សេវាកម្ម​សម្បូរបែប​ក្នុង​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ ប៉ុន្តែ​បរិបទ​ថ្មី​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក៏ដូចជា​ដើម្បី​លើកកម្ពស់​ការរស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ដំរី គឺ​ចាំបាច់​ត្រូវ​បញ្ឈប់​ការយក​សត្វ​ដំរី​ទាំងអស់​មក​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​តទៅទៀត​។

លោក​បញ្ជាក់ថា​៖ «​ការដឹកជញ្ជូន​សត្វ​ដំរី​ ៥ ​ក្បាល​ក្នុង​ចំណោម​ ១៤ ​ក្បាល​ខាងលើ​នេះ ​គឺជា​សញ្ញា​ល្អប្រសើរ​មួយ ដើម្បី​ឈាន​ទៅ​រក​ការបញ្ឈប់​ទាំងស្រុង​នូវ​សកម្មភាព​អាជីវកម្ម​លើ​សត្វ​ដំរី តាមរយៈ​ការផ្ដល់សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ កម្សាន្ត ក្នុង​ទី​រមណីយដ្ឋាន​អង្គរ​នា​ដើម​ឆ្នាំ​ ២០២០ ​ខាងមុខនេះ​។ ប៉ុន្តែ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា ប៉ះពាល់​ដំរី​ ឬ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សត្វ​ដំរី​ទាំងនោះ​នៅ​ទីតាំង​ថ្មី​បាន​»​។

បើតាម​លោក​ កុសល មិនមែន​តែ​ដំរី​មេ​ ៥ ​ក្បាល​នោះទេ សត្វ​ដំរី​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​ត្រូវ​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​ថ្មី​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​បុស្សធំ ឃុំ​ខ្នាពោធិ៍ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ ១៤ ខែ​វិច្ឆិកា នេះ​តទៅ និង​គ្រោង​ដឹកចេញ​ឲ្យ​អស់​មុន​ដំណាច់​ឆ្នាំ​ ២០២០​។

ក្រោយពី​បាន​ដឹកជញ្ជូន​សត្វ​ដំរី​មេ​ ៥ ​ក្បាល​ ទៅ​ដល់​គោលដៅ​បាន​សម្រេច តាម​គម្រោង​ហើយ​នោះ លោក អ៊ន់ គីរី អ្នកគ្រប់គ្រង​កិច្ចការ​ទូទៅ​នៃ​សមាគម​ក្រុម​ដំរី​អង្គរ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីតាំង​ថ្មី​នោះ​មាន​ផ្ទៃដី​ប្រមាណ​ជាង​ ១០ ​ហិកតា​ ដែល​សម្បូរ​ដោយ​ព្រៃ​ធម្មជាតិ​ និង​ប្រព័ន្ធ​អូរ​ធម្មជាតិ​សម្រាប់​ឲ្យ​សត្វដំរី​ទាំងនោះ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព និង​ដែល​ត្រូវបាន​គេ​រំពឹងថា ពួកវា​អាច​បន្ត​ពូជ​បាន​ទៅ​តាម​លក្ខណៈ ធម្មជាតិ និង​ជីវសាស្ត្រ​របស់​ពួកវា​នាពេល​អនាគត​។

បើតាម​លោក​ គិរី សត្វ​ដំរី​នៃ​សមាគម​ក្រុម​ដំរី​អង្គរ​ទាំង​ ១៤ ​ក្បាល​នោះ​មាន​ឈ្មោល​ ២ ​ក្បាល ហើយ​ពួកវា​មាន​អាយុ​ចន្លោះ ពី​ ៣០-៦០ ​ឆ្នាំ​។ លោក​ថ្លែង​​ថា​៖ «​យ៉ាងណា​ក៏ដោយ​សត្វ​ដំរី​ដែលមាន​វ័យ​ចន្លោះ​ពី ៣០ ទៅ​ ៤៥ ឬ ៥០ ឆ្នាំ អាច​បង្កាត់​ពូជ​បាន​។ ប៉ុន្តែ​ការបង្កាត់​ពូជ​របស់​សត្វ​ដំរី​ខុសប្លែក​ពី​ពួក​សត្វ​ផ្សេងៗ​ព្រោះ​វា​ជា​សត្វ​មាន​ភាពអៀនខ្មាស​ដូចជា​មនុស្ស​»​។

លោក ទុយ សេរីវឌ្ឍនា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Wild Earth Allies in Prey Lang ដែល​ធ្វើ​ការផ្ដោត​សំខាន់​ទៅលើ​ការងារ​អភិរក្ស​សត្វ​ដំរីព្រៃ​សម្ដែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការបញ្ឈប់​សកម្មភាព​អាជីវកម្ម​លើ​សត្វ​ដំរី​តាមរយៈ​ការដឹកជញ្ជូន​​ភ្ញៀវទេសចរ​កម្សាន្ត​សប្បាយ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​អ្នក​អភិរក្ស សត្វ​គឺ​យើង​មិន​ស្វាគមន៍​ចំពោះ​ការយក សត្វ​ទៅធ្វើ​អាជីវកម្ម​អូសទាញ ឬ​ដឹកជញ្ជូន​នោះទេ ពិសេស​សត្វដំរី ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​នេះ​។ ផ្ទុយទៅវិញ​យើង​រីករាយ និង​គាំទ្រ​ចំពោះ សកម្មភាព​ទាំងឡាយ​ណា​ដែល​បាន​ផ្ដល់​ការគាំពារ និង​លើកកម្ពស់​ការរស់នៅ​តាម​លក្ខណៈ​ធម្មជាតិ​របស់​សត្វ ទោះ​សត្វ​នោះ​ជា​សត្វស្រុក​ ឬ​សត្វព្រៃ​ក៏ដោយ​»​។

លោក សេរីវឌ្ឍនា ថ្លែង​ទៀតថា ការបញ្ឈប់​សកម្មភាព​អាជីវកម្ម​លើ​សត្វ​ដំរី តាមរយៈ​ការដឹកជញ្ជូន​ទេសចរ​ជាតិ និង អន្តរជាតិ​កម្សាន្ត​ក្នុង​ទី​រមណីយដ្ឋាន​អង្គរ គឺជា​ជំហាន​មួយ​ឈាន​ទៅ​រក​ការបញ្ឈប់​ទាំងស្រុង​នូវ​ការប្រើប្រាស់​សត្វ​ដំរី ជា​កម្លាំង​អូសទាញ ឬ​ជា​យានជំនិះ​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ភ្ញៀវទេសចរ​មិនអាច​ទស្សនា ឬ​ប៉ះពាល់ ឬ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សត្វ​ដំរី​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ការនាំយក​សត្វ​ដំរី​ទាំងនោះ​ទៅ​រស់នៅ​ទីតាំង​ថ្មី ស្រប​តាម​តាម​លក្ខណៈ​ធម្មជាតិ​របស់​វា​នោះ គឺជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ការរស់នៅ​របស់​សត្វ​។ យើង​ជឿថា​តាមរយៈ​ការមើលថែ​របស់​សហគមន៍​ដំរី​ទាំងនោះ​នឹង​មាន​ផាសុខភាព​ល្អ​ហើយ​អាច​នឹង​ឈាន​ដល់​ការ​បង្កាត់​ពូជ​បាន​ថែមទៀត​»​។

គួរ​បញ្ជាក់ថា សត្វ​ដំរី​ស្រុក​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ ១០ ​ឆ្នាំ​មុន​ ត្រូវ​បាន​គេ​អះអាង​ថា មាន​ប្រមាណ​ជិត ២០០ ​ក្បាល​។ ប៉ុន្តែ​ដោយសារ​តែ​ពួកវា​មិនអាច​បន្ត​ពូជ​បាន និង​ដោយ​ភាគច្រើន​មាន​វ័យ​ចំណាស់ និង​ដោយសារ​កង្វះ​ការថែទាំ​ និង​ផ្ដល់​អាហារ​មិន​គ្រប់គ្រាន់ ពួកវា​មួយ​ចំនួន​បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​សត្វ​ដំរី​ស្រុក​នៅ​កម្ពុជា ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាននៅ​សេសសល់​ប្រមាណ​ ៧០ ​ក្បាល​ប៉ុណ្ណោះ​៕