បាត់ដំបងៈ ក្រុម​ប្រតិបត្តិករ​ណូរី​ក្នុង​ខេត្ត​បាត់ដំបង​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ក្រោយ​ពេល​ផ្លូវ​ណូរី​មួយ​ខ្សែ​ស្ថិត​នៅ​ស្រប​តាម​ជើងភ្នំ​បាណន់ ស្រុក​បាណន់ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ក្រោម​កិច្ចសហការ​សាងសង់​ឡើង រវាង​អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​នេះ ។

លោក សយ បូរ៉ា តំណាង​ក្រុម​ប្រតិបត្តិករ​ណូរី​ដែល​ជា​ដៃគូ​វិនិយោគ​លើ​គម្រោង​អភិឌ្ឍន៍​ខ្សែ​ណូរី​នេះ​បាន​និយាយ​ថា​ក្រុម​ប្រតិបត្តិករ​ណូរី​ដែល​បាន​ប្រកប​អាជីវកម្ម​នេះ​កាលពី​មុន​បាន​នាំ​គ្នា​បន្ត​នូវ​អាជីព​របស់​ខ្លួន​ជាថ្មី ក្រោយ​ពេល​រដ្ឋាភិបាល​បាន​បិទ​សកម្មភាព​ណូរី​លើ​ផ្លូវ​រថភ្លើង ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ដំណើរការ​ស្ដារ និង​អភិវឌ្ឍ​ផ្លូវ​ដែក​នៅ​កម្ពុជា​កាលពី​ ២ ​ឆ្នាំ​មុន​។

លោក​ បូរ៉ា បាន​បញ្ជាក់​ថា​៖ «​គិត​ត្រឹម​ថ្ងៃ​ទី​ ១ ខែ​មករា​ឆ្នាំ​ ២០១៨ ទៅ​យើង​មាន​ណូរី​ចំនួន​ ៦ ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​ដឹក​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ដែល​មក​ទស្សនា​តំបន់​ប្រាសាទ​បាណន់​»​។

លោក បូរ៉ា បាន​បន្ត​ថា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ជើង​ណូរី​ដែល​មាន​ចម្ងាយ​ ៣៨៥០ ​ម៉ែត្រ​លាត​សន្ធឹង​ស្រប​តាម​ជើងភ្នំ​បាណន់​ដោយ​ចាប់ផ្ដើម​ពី​ភូមិ​សង្ឃ ឃុំ​កន្ទឺ​ ២ ដល់​ភូមិ-ឃុំ ឈើ​ទាល​ទេសចរ​អាច​នឹង​មើល​ឃើញ​ផ្ទាំង​ទស្សនីយភាព​ជាច្រើន​នៃ​ប្រាង​ប្រាសាទ​ភ្នំ​បាណន់ និង​ល្អាង​ភ្នំ​បុរាណ​។ ដោយ​ភ្ញៀវ​ម្នាក់ៗ​គ្រាន់​តែ​បង់​ថ្លៃ​សំបុត្រ​មួយ​ម៉ឺន​រៀល​សម្រាប់​ទេសចរ​ជាតិ ដែល​មាន​អាយុ​លើស​ពី​ ១០ ​ឆ្នាំ និង ២ ​ម៉ឺន​រៀល​សម្រាប់​ទេសចរ​បរទេស​។

ភ្ញៀវ​ទេសចរ​ក៏​នឹង​អាច​មើល​ឃើញ​នូវ​ប្រភេទ​សត្វព្រៃ​ដ៏កម្រ​ជាច្រើន​ប្រភេទ​ទៀត​ដែល​កំពុង​មាន​វត្តមាន​នៅ​ឡើយ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ចំនួន​បី​នៅ​ក្នុង​ស្រុក​បាណន់ ដូចជា ស្វាឪ (​ស្វា​សម្បុរ​ខ្មៅ​មាឌធំ​) ពពែ​ព្រៃ កេស ខ្លារខិន និង ខ្លាដំបង​។ នេះ​ជា​ដំណើការ​នូវ​ខ្សែ​ណូរី​ដំបូង​គេ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​នឹង​ធ្វើឲ្យ​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ល្អ​៕