ភ្នំពេញៈ តាមរបាយការណ៍ថ្មីមួយបានបង្ហាញថា កាលពីឆ្នាំកន្លងទៅដំណើរការថវិកាជាតិរបស់កម្ពុជាគឺមានតម្លាភាពតិចតួចជាងពីឆ្នាំមុនៗ ប៉ុន្តែនៅមានព័ត៌មានតិចតួចត្រូវបានផ្តល់ជូនដល់សាធារណជនជុំវិញដំណើរការប្រើប្រាស់ថវិកាជាតិ ខណៈឱកាសសាធារណជននៅមានតិចតួចក្នុងការចូលរួមត្រួតពិនិត្យដំណើរការថវិកានេះ។
ការស្ទង់មតិថវិកាបើកទូលាយរបស់អង្គការ The International Budget Partnership ឆ្នាំ ២០១៧ ដែលបានចេញផ្សាយនៅដើមខែនេះស្តីអំពីដំណើរការថវិកាជាតិនៃប្រទេស ១១៥ បានវាយតម្លៃចាប់ពី ០ ដល់ ១០០ ពិន្ទុដែលមានដូចជា តម្លាភាព ការចូលរួមពីសាធារណជន និងការត្រួតពិនិត្យថវិកាជាតិ។
ពិន្ទុរបស់កម្ពុជាបានកើនដល់ ២០ ពិន្ទុសម្រាប់តម្លាភាពថវិកា គឺកើនឡើងពី ៨ ពិន្ទុក្នុងការស្ទង់មតិចុងក្រោយក្នុងឆ្នាំ ២០១៥ គឺខ្ពស់ជាងវៀតណាមដែលមាន (១៥) ពិន្ទុ ប៉ុន្តែតិចជាងទីម័រដែលមាន (៤០) ពិន្ទុក្នុងតំបន់។ ទោះជាយ៉ាងណាក្ដី វាស្ថិតនៅឆ្ងាយពីមធ្យមភាគសកលដែលមាន ៤២ ពិន្ទុ។
ដើម្បីកែលម្អបញ្ហានេះរបាយការណ៍ក៏បានបញ្ជាក់ដែរថារដ្ឋាភិបាលគួរពង្រីកការត្រួតពិនិត្យដំណើរការថវិកាជាតិរួមបញ្ចូលទាំងចំណាយផង។
ចំពោះការចូលរួមពីសាធារណជនគឺកម្ពុជាទទួលបាន ៤ ពិន្ទុក្នុងតំបន់គឺនៅលើមីយ៉ាន់ម៉ាតែមួយប៉ុណ្ណោះដែលមាន ០ ពិន្ទុ ចំណែកឯការត្រួតពិនិត្យវិញកម្ពុជាទទួលបាន ៥៥ ពិន្ទុ។
របាយការណ៍នេះក៏បាន «ផ្តល់អនុសាសន៍ថាត្រូវបង្កើតគ្រឹះស្ថានសារពើពន្ធឯករាជ្យមួយដើម្បីត្រួតពិនិត្យលើតម្លាភាពថវិកាជាតិនេះ»។
នាយកអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជាលោក ព្រាប កុល បានថ្លែងថា៖ «វាអាចជាការវិវឌ្ឍដ៏ល្អបំផុតមួយ ប្រសិនបើរដ្ឋាភិបាលអាចផ្សព្វផ្សាយពីផែនការថវិកាជាតិឲ្យលម្អិតក៏ដូចចំណាយតាមក្រសួង»៕ NS