ព្រះសីហនុ/កណ្ដាលៈ នគរបាលខេត្តព្រះសីហនុកំពុងស្វែងរកអត្តសញ្ញាណនិងតាមចាប់ខ្លួនជនសង្ស័យក្នុងអំពើឃាតកម្ម រំលោភសម្លាប់ស្ត្រីម្នាក់នៅស្រុកស្ទឹងហាវ ខណៈកាលពីម្សិលមិញនគរបាលស្រុកកោះធំខេត្តកណ្ដាលបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត មួយថ្ងៃក្រោយចាប់ខ្លួនករណីចាប់រំលោភប្អូនថ្លៃស្រីរបស់ខ្លួនជាអនីតិជន។
លោក រស់ កី អធិការស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាកាលពីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ មានករណីឃាតកម្មមួយកើតឡើងនៅភូមិ-ឃុំកែវផុស ដោយស្ត្រីរងគ្រោះជាមនុស្សមានសតិមិនគ្រប់ វ័យ ៣៦ ឆ្នាំត្រូវបានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណរំលោភហើយសម្លាប់។
លោកបានបញ្ជាក់ថា៖ «តាមលទ្ធផលធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុគឺជនរងគ្រោះមុនពេលស្លាប់មានគេចាប់រំលោភ ព្រោះសពនាង មានសភាពអាក្រាតកាយនិងមានស្នាមរបួសលើចញ្ចើមខាងឆ្វេងទំហំ ៥ សង់ទីម៉ែត្រដែលអាចជនសង្ស័យវាយសម្លាប់ ព្រោះយើងបានរកឃើញដំបងឈើប្រឡាក់ឈាមមួយនៅក្បែរនោះ»។
ជុំវិញករណីនេះ លោក ចាន់ ផល្លី អាយុ ៣៦ ឆ្នាំ ដែលជាប្ដីស្ត្រីរងគ្រោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រពន្ធរបស់លោកមានជំងឺបាត់បង់សតិ ៨ ឆ្នាំមកហើយបន្ទាប់ពីលោករួមរស់ជាមួយគាត់ជាង ១០ ឆ្នាំ និងមានកូនស្រីប្រុស ២ នាក់។ កន្លងមកនាងក៏ធ្លាប់ដើរចោលផ្ទះអស់ច្រើនថ្ងៃផងដែរ ប៉ុន្តែនាងតែងតែត្រឡប់មកដោយសុវត្ថិភាព។
លោក ផល្លី បានបញ្ជាក់ថា៖ «ពេលនេះប្រពន្ធខ្ញុំត្រូវជនទុរយសរំលោភហើយវាយសម្លាប់នាងយ៉ាងឃោរឃៅបំផុត»។
បើតាមលោក ផល្លី ឃាតករគឺមិនមែននៅតំបន់ឆ្ងាយទេ។ជាមួយគ្នានេះលោកបានស្នើឲ្យសមត្ថកិច្ចជួយតាមចាប់ខ្លួនជនសង្ស័យនោះមកផ្ដន្ទាទោសដើម្បីផ្ដល់យុត្តិធម៌ជូនភរិយារបស់លោក។
យ៉ាងណាក្ដី បើតាម លោក រស់ កី ករណីនេះក្រុមសមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសឲ្យខាងតែបាន។
ដោយឡែកនៅខេត្តកណ្ដាលសមត្ថកិច្ចស្រុកកោះធបានបញ្ជូនបុរសជាជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពីម្សិលមិញ បន្ទាប់ពីចាប់ខ្លួនពីបទបៀតបៀន និងចាប់រំលោភប្អូនថ្លៃស្រីរបស់ខ្លួនក្រោមអាយុ ១៥ ឆ្នាំបានសម្រេចជាច្រើនដង។
លោក ខាន់ ចាន់ថា អធិការរងស្រុកកោះធំបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាជនសង្ស័យករណីនេះឈ្មោះ ជឿន សុខជា អាយុ ៣៤ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតាមបណ្ដឹងរបស់ស្ត្រីជាម្ដាយក្មេក និងប្រពន្ធគាត់ ឈ្មោះ ធី ស្រីភា។
លោក ចាន់ថា បានអះអាងថា តាមពាក្យបណ្ដឹងនោះបានចោទប្រកាន់ថា ឈ្មោះ ជឿន សុខជា ធ្លាប់បានបៀតបៀនកេរ្តិ៍ខ្មាសដោយប្រើម្រាមដៃលូកប្រដាប់ភេទ និងចាប់បង្ខំរួមភេទនារីរងគ្រោះជាច្រើនដងរួចមកហើយ ក្នុងពេលនាងនៅផ្ទះតែម្នាក់ឯង។ ប៉ុន្តែនៅព្រឹកថ្ងៃទី ៩ មេសា ខណៈបងស្រី និងម្ដាយរបស់នាងមិននៅផ្ទះជនសង្ស័យបានចាប់រំលោភនាងក្នុងបន្ទប់ទឹកម្ដងទៀតប៉ុន្តែត្រូវស្ត្រីជាប្រពន្ធមកទាន់ ពេលកំពុងធ្វើសកម្មភាព។
លោក ចាន់ថា បានបញ្ជាក់ដោយលើកយកសម្ដីផ្ទាល់របស់យុវតីរងគ្រោះដែលបានឆ្លើយបំភ្លឺនៅចំពោះសមត្ថកិច្ចថា៖ «គាត់ [ជនជាប់ចោទ] បានចាប់រំលោភខ្ញុំច្រើនដងមកហើយពេលម៉ែនិងបងស្រីខ្ញុំមិននៅផ្ទះ ហើយគាត់តែងតែគំរាមខ្ញុំមិនឲ្យប្រាប់អ្នកណាទាំងអស់ បើសិនបើលេចឮរឿងនេះដល់គេ គាត់នឹងសម្លាប់ចោលមួយពូជ»។
ទោះជាយ៉ាងណាក្ដី លោក ចាន់ថា បានបញ្ជាក់ថា បុរសសង្ស័យបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ ប៉ុន្តែបានសារភាពថាគាត់ពិតជាធ្លាប់បានលួចមើលនាងងូតទឹក។
លោកបានបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីនគរបាលជំនាញកសាងសំណុំរឿងចោទប្រកាន់ពីបទ «បៀតបៀនលើអនីតិជនក្រោមអាយុ ១៥ ឆ្នាំ» និងបានបញ្ជូនទៅតុលាការខេត្តកណ្ដាលដើម្បីចាត់់ការបន្តតាមនីតិវិធី៕