ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថាជោគជ័យនៃការប្រឡងបាក់ឌុបឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងមកពិតជាបានធ្វើឱ្យសិស្សកាន់តែខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវ ឯគ្រូបង្រៀនខិតខំផ្តល់ការអប់រំដល់សិស្ស ហើយមាតាបិតាសិស្សក៏កាន់តែចូលរួម និងឱ្យតម្លៃខ្ពស់ដល់ការអប់រំដែលនេះស្របតាមពាក្យមួយឃ្លារបស់ក្រសួងថា «អ្នកចេះគឺជាប់»។
ក្នុងសារលិខិតកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ការប្រឡងនេះគឺបានឆ្លុះបញ្ចាំងទៅនឹងអ្វីដែលក្រសួងតែងតែលើកឡើងថា «អ្នកចេះគឺជាប់» ព្រោះការប្រឡងមានយុត្តិធម៌ តម្លាភាពធ្វើឡើងតាមគោលការណ៍ច្បាប់ ហើយលទ្ធផលទទួលយកបាន។
លោកបន្ថែមថា លទ្ធផលប្រឡងនេះមិនមែនជាការកំណត់វាសនាបេក្ខជនទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឱ្យសិស្សខិតខំប្រឹងប្រែងបន្តទៅមុខទៀត។ លទ្ធផលដ៏ល្អប្រសើរនេះកើតចេញពីការចូលរួម ការគាំទ្រ និងការឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមធ្វើឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន។
លោក ហង់ជួន ណារ៉ុន ថ្លែងថា៖ «ការចេញវិញ្ញាសាប្រឡងពុំមានពាក្យថា វិញ្ញាសាស្រួល ឬវិញ្ញាសាលំបាកឡើយ។ គឺការចេញវិញ្ញាសាអនុលោមទៅតាមការវាស់ស្ទង់សមត្ថភាពសិស្សក្នុងអំឡុងពេលនៃការសិក្សាដោយវិធីសាស្ត្រ Bloom Taxonomy និងការពិនិត្យពិចារណា និងពិភាក្សាដោយយកចិត្តទុកដាក់បំផុតពីសំណាក់សាស្ត្រាចារ្យ និងមន្ត្រីអប់រំជាន់ខ្ពស់ដែលមានបទពិសោធ។ វិញ្ញាសាប្រឡងត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុតពីក្នុងមេរៀននៃកម្មវិធីសិក្សាគោលរបស់ក្រសួង»។
លោករដ្ឋមន្ត្រីបន្តថា ការបូកពិន្ទុត្រូវបានកែលម្អ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា SQL Server និងឧបករណ៍ដែលត្រូវបានរៀបចំថ្មីនៅឆ្នាំ ២០១៩។
ការប្រកាសលទ្ធផលប្រឡងបានបញ្ចប់កាលពីថ្ងៃអង្គារដែលបេក្ខជនចំនួន ៧៩ ០៥២ នាក់ស្មើនឹង ៦៨,៦២ ភាគរយបានប្រឡងជាប់ក្នុងចំណោមបេក្ខជនសរុប ១១៧ ០៤៣ នាក់គឺកើនឡើង ១,៥៥ ភាគរយបើធៀបនឹងឆ្នាំមុន។
បេក្ខជនដែលប្រឡងជាប់និទ្ទេស A មាន ៤៤៣ នាក់កើនឡើង ៣៥ នាក់ បើធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៤០៨ នាក់មាន ២១ រាជធានី-ខេត្ត។ រាជធានីភ្នំពេញនាំមុខខ្ពស់ជាងគេឆ្ងាយដែលមានដល់ទៅ ១៤១ នាក់ ខណៈខេត្តដទៃទៀតមានត្រឹមតែពី ១ នាក់ដល់ ៣៨ នាក់។ ខេត្តដែលមាននិទ្ទេស A តិចជាងគេគឺខេត្តឧត្តរមានជ័យ មណ្ឌលគិរី និងកោះកុងដែលមាន ១ នាក់ស្មើគ្នា។ ខេត្តដែលមិនទទួលបាននិទ្ទេស A មាន ៤ ខេត្ត គឺស្ទឹងត្រែង ព្រះវិហារ កែប និងប៉ៃលិន។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សម្រាប់រយៈពេល ៥ ឆ្នាំទៅមុខ ក្រសួងអប់រំជឿជាក់ថាក្រសួងនឹងសម្រេចឱ្យបាននូវមុំទី ១ ស្តីពីការពង្រឹងគុណភាពអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលស្ថិតនៅជាអាទិភាពទី ១ ផ្នែកការអភិវឌ្ឍធនធានមនុស្សនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «ការងារកំណែទម្រង់អប់រំ យុវជន និងកីឡាធ្វើឡើងជាប្រព័ន្ធ និងមានភាពប្រទាក់ក្រឡាគ្នារវាង ៧ អនុវិស័យដើម្បីឆ្លើយតបទៅនឹងតម្រូវការសិក្សាគ្រប់វ័យ គ្រប់កម្រិតថ្នាក់ ហើយផ្សារភ្ជាប់ទៅនឹងទីផ្សារការងារ»។
បើតាមអ្នកនាំពាក្យរូបនេះ អនុវិស័យទាំង ៧ សម្រាប់ ៥ ឆ្នាំទៅមុខទៀតគឺ ១. ការយកចិត្តដាក់ទៅលើគ្រូបង្រៀន ២. ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត ៣.ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន ៤.ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ ៥. ការអប់រំបំណិនឱ្យស្របតាមទីផ្សារការងារ ៦. ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និង ៧. ការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣។
ទាក់ទងនឹងការប្រកាសលទ្ធផលនៅថ្ងៃផ្សេងគ្នាលោក រស់ សុវាចា បញ្ជាក់ថា ការដែលក្រសួងប្រកាសលទ្ធផលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅមុនខេត្តដទៃទៀតគឺហេតុផលយោងទៅលើទីតាំងភូមិសាស្ត្រ។ លោកថា៖ «នៅក្នុងការងារហ្នឹង ប្រសិនជាខេត្តឆ្ងាយដឹកលទ្ធផលអាចក្រោយលទ្ធផលដែលមានចេញនៅភ្នំពេញ និងខេត្តកណ្តាល»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថ្លែងពីម្សិលមិញថា ទោះបីជាចំនួនបេក្ខជនប្រឡងជាប់ឡើងដល់ ៦០ ភាគរយ ឬ ៧០ ភាគរយដែលក្រសួងប្រកាសថាជាភាពជោគជ័យក៏ដោយ លោកស្រីមិនជំទាស់ពីភាពជោគជ័យរបស់ក្រសួងទេ។
លោកស្រីថ្លែងថា៖ «ប៉ុន្តែយើងសួរថា តើយុវជនយើងទាំងអស់ដែលប្រឡងហើយ បើសិនជាយកទៅធ្វើការងារ តើសមត្ថភាពរបស់គាត់ដល់កម្រិតណា? ការប្រកួតប្រជែងទៅលើពិភពលោកក៏ដូចជាក្នុងអាស៊ានយើង។ ថាតើមានប៉ុន្មានភាគរយដែលជាចំណេះដឹងដែលគាត់មានដុងតាំងពីនាយរបស់គាត់»៕