ព្រះសីហនុៈ មន្ត្រី​នគរ​បាល​ពន្លត់​អគ្គិ​ភ័យ​បាន​និយាយ​ថា​ ការ​ឆេះ​ក្លិប​កម្សាន្ត​អិល​វី (LV Clu​b​) នៅ​ក្រុង​ព្រះ​សី​ហនុ​កាល​ពី​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ពុធ​នោះ​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ល្បី​ក្នុង​ក្លិប​នេះ​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​ឆេះ​ខ្លោច​ពេញ​ខ្លួន​ និង​ កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​រពេទ្យ ​CHO RAY ប្រទេស​វៀត​ណាម ។

លោក ​ប៊ួរ​ សុទ្ធី ​ស្នង​ការ​រង​ខេត្ត​ព្រះសី​ហនុ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ ​២២ ​កុម្ភៈ​នេះ​ថា​ អគ្គិ​ភ័យ​នេះ​បាន​ចាប់​ផ្ដើម​ឆេះ​នៅ​វេលា​ម៉ោង ​១២ ​យប់​ថ្ងៃ​ពុធម្សិលមិញ​ ហើយ​ត្រូវ​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​​ ១:៣០​ នា​ទីព្រឹក​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ ​ក្រោយ​ពី​មាន​អន្ត​រាគម​ន៍​ពី​ក្រុម​ពន្លត់​អគ្គិ​ភ័យ​ខេត្ត។​ បើ​តាម​លោក​ សុទ្ធី តារា​ចម្រៀង​ដែល​របួស​នោះ​ ឈ្មោះ ​បូ ​សីហា​ អាយុ​ ៣៣​ឆ្នាំ​ ។

លោក​បាន​បញ្ជាក់​ថា៖​ «សាក្សី​ជា​ច្រើន​ដែល​ចូល​កម្សាន្ត​នៅ​ក្នុង​ក្លិប​នេះ​បាន​អះ​អាង​ថា​មុន​ពេល​មាន​ភ្លើង​ឆេះ​​ពួក​គេ​ឮ​ស្នូរ​ផ្ទុះ​ចរន្ត​អគ្គិ​សនី​នៅ​លើ​ពិ​តាន​ឆាក​តន្ត្រី​ បន្ទាប់​មក​ក៏​មាន​កម្ទេច​ភ្លើង​ឆាប​ឆេះ​និង​ធ្លាក់​លើ​ឆាក​ប្រគំ​តន្ត្រី​​នោះបណ្ដាល​ឲ្យ​ឆាប​ឆេះ​ក្លិប​នោះ​តែ​ម្ដង។យោង​តាម​ការ​បំភ្លឺ​នេះ​សមត្ថ​កិច្ច​យើង​បាន​សន្និ​ដ្ឋាន​ក្នុង​ជំហា​នបឋ​ម​ថា ​ការ​ឆេះ​នេះ​អា​ច​មក​ពី​ទូស្សេ​ចរន្ត​អគ្គិ​សនី »។

យ៉ាង​ណា​ក៏​ដោយ លោក​ សុទ្ធី ​ថា នៅ​ថ្ងៃ​នេះ សមត្ថ​កិច្ច​នឹង​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​និង​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​បន្ថែម​ទៀត​៕