ភ្នំពេញៈ បុរសចំណាស់ម្នាក់ កាលពីម្សិលមិញ បានឆ្លើយបដិសេធនៅតុលាការកំពូល ពាក់ព័ន្ធចាប់ក្មេងស្រីម្នាក់ជាអនីតិជនរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ ២០១៣ ខណៈជនជាប់ចោទត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ។
នៅក្នុងបន្ទប់សវនាការ ពីម្សិលមិញ ជនជាប់ចោទឈ្មោះ ហែម ហៃ អាយុ ៧២ ឆ្នាំ បានរៀបរាប់ប្រាប់ចៅក្រមថា ផ្ទះរបស់គាត់ និងផ្ទះរបស់ក្មេងស្រីរងគ្រោះនោះនៅក្នុងភូមិជាមួយគ្នា ដែលមានចម្ងាយពីគ្នាប្រហែល ១០០ ម៉ែត្រ ហើយយាយតារបស់ក្មេងស្រីរងគ្រោះ ក៏ជាដន្លងជាមួយគាត់ដែរ។ ជាញឹកញាប់ ក្មេងស្រីរងគ្រោះ តែងតែមកលេងនៅផ្ទះរបស់គាត់ជាមួយក្មេងៗដទៃទៀត។
ជនជាប់ចោទបន្តថា នៅថ្ងៃកើតហេតុទី ៧ ខែសីហា ឆ្នាំ ២០១៣ នោះនៅផ្ទះរបស់គាត់ មានក្មេងរងគ្រោះ រួមទាំង ចៅ របស់គាត់កំពុងមើលទូរទស្សន៍ ហើយពេលនោះ គាត់បានប្រាប់ឲ្យចៅរបស់គាត់ បិទទូរទស្សន៍ ហើយគាត់ក៏មិនបានចាប់ក្មេងរងគ្រោះនោះដែរ។
ជនជាប់ចោទប្រាប់ចៅក្រមថា៖ «ខ្ញុំប្តឹងសារទុក្ខ មកតុលាការកំពូលពេលនេះ គឺខ្ញុំមានបំណងឲ្យតុលាការជួយរកយុត្តិធម៌ឲ្យខ្ញុំ ព្រោះខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ចំពោះចម្លើយ ដែលខ្ញុំឆ្លើយនៅប៉ូលិសថា ខ្ញុំបានធ្វើអំពើលើក្មេងស្រីរងគ្រោះនោះ គឺដោយសារគេសម្លុតខ្ញុំ»។
ទោះយ៉ាងណា លោកស្រីចៅក្រម គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រាប់ទៅជនជាប់ចោទថា៖ «ករណីដែលលោកឆ្លើយថា លោកសារភាព ព្រោះតែខ្លាចនគរបាលយុត្តិធម៌សម្លុតគំរាមនោះ ហាក់ដូចជាមិនពិតទេ ដោយហេតុថាលោកមានវ័យចំណាស់នេះទៅហើយ សូម្បីតែប៉ូលិសឃើញវ័យរបស់លោក ក៏គេមិនហ៊ានប្រើពាក្យធ្ងន់ដែរ។ ដូច្នេះលោកមិនអាចដោះសាបែបនេះបានទេ»។
លោក ទិត្យ ឡាយ មេធាវី ការពារសិទ្ធិឲ្យជនជាប់ចោទ បានសន្និដ្ឋានថា តុលាការជាន់ទាប តែងតែដាក់បន្ទុកកូនក្តីលោកដោយសំអាងលើចម្លើយសារភាពរបស់គាត់។ ក្មេងរងគ្រោះម្តងថា កូនក្តីលោកបានរំលោភទៅលើនាង ម្តងថា ទើបតែបានម្តងទេ ដែលចម្លើយនេះ គ្មានភាពស៊ីចង្វាក់គ្នាបន្តិចឡើយ។ ម្យ៉ាងលិខិតកោសល្យវិច័យ គ្មានបញ្ជាក់ថា ប្រដាប់ភេទក្មេងរងគ្រោះមានស្នាមរលាត់ផងទេ។
លោកប្រាប់ចៅក្រមថា ក្មេងរងគ្រោះម្តងឆ្លើយថា កូនក្តីលោករំលោភនាងបាន ៥ ដង ម្តងឆ្លើយថា ទើបតែបានម្តងទេ។ គាត់ចាប់រំលោភយ៉ាងម៉េចកើត បើពេលនោះ ប្រពន្ធរបស់គាត់នៅក្នុងផ្ទះដែរនោះ ហើយគាត់មានវ័យចំណាស់នេះទៅហើយតើប្រដាប់ភេទរបស់គាត់អាចមានសមត្ថភាពទៅរួចទេ? សូមក្រុមប្រឹក្សាជំនុំជម្រះឲ្យគាត់រួចផុតពីបទចោទ និងដោះលែងគាត់វិញផង»។
លោកបានបន្តថា៖ «កូនក្តីខ្ញុំ អនុវត្តទោសក្នុងពន្ធនាគារ ដល់ពេលនេះ បានជាង ៥ ឆ្នាំ ហើយ ហើយវាក៏ជិតផុតទណ្ឌកម្មទោស ៧ ឆ្នាំផងដែរ។ បើគាត់ពិតជាបានប្រព្រឹត្តមែននោះ គាត់មិនប្តឹងមកតុលាការកំពូលទេ ប៉ុន្តែដោយគាត់ចង់បានភាពស្អាតស្អំរបស់គាត់ ទើបគាត់ប្តឹងមកតុលាការកំពូលដែលយ៉ាងហោចណាស់ ក៏បញ្ជាក់ពីភាពស្អាតស្អំរបស់គាត់វិញដែរ ដើម្បីកុំឲ្យអ្នកភូមិគេយល់ថា គាត់ជាមនុស្សអាក្រក់»។
លោកព្រះរាជអាជ្ញា ជុំ សំបាន តំណាងមហាអយ្យការ សន្និដ្ឋានថា តាមការពិនិត្យលើសំណុំរឿងលោកយល់ឃើញថាប្រការដែលសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងនោះ គឺឧទ្ធរណ៍សំអាងលើការឆ្លើយសារភាពរបស់ជនជាប់ចោទ នៅនគរបាល និងនៅចៅក្រមស៊ើបសួរ។
លោកថ្លែងថា៖ «ជនជាប់ចោទ បានឆ្លើយថា ត្រូវប៉ូលិសសម្លុត គំរាមគាត់ ចុះនៅចៅក្រមស៊ើបសួរ ហេតុអ្វីបានជាជនជាប់ចោទសារភាពទៀត។ ដូច្នេះខ្ញុំសូមតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល»។
ក្រោយជំនុំជម្រះលោកស្រី ចៅក្រម គិម សត្ថាវី បានថ្លែងនៅក្នុងសវនាការថា សាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ៣០ មករា ខាងមុខ៕