ឧត្តរមានជ័យ: សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​សម្រេច​ផ្តន្ទាទោស​ពលរដ្ឋ ៣ ​នាក់​ ដែលជា​តំណាង​ពលរដ្ឋ​ ៨៩ ​គ្រួសារ​ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៤ ​លាន​រៀល​ពាក់ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី​ប្រមាណ​ ៦០០ ​ហិកតា​ដែល​ត្រូវបាន​ប្តឹង​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក គឹមលី​។

លោក នឿន សាវុធ តំណាង​ពលរដ្ឋ​ចំនួន ៨៩ ​គ្រួសារ​ ដែល​ជា​អ្នក​រង​បណ្ដឹង​ម្នាក់​ក្នុង​ចំណោម ៣ ​នាក់​ថ្លែង​ពីថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា​ ​ថា ការសម្រេច​របស់​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ពិតជា​អយុត្តិធម៌​ខ្លាំងណាស់ ហើយ​ពួកលោក​គ្រោង​ដាក់​បណ្ដឹង​ប្ដឹង​ជំទាស់​នឹង​ការសម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍​បន្តទៀត ដើម្បី​ស្វែងរក​យុត្តិធម៌​។ លោក​បន្តថា ការសម្រេច​របស់​តុលាការ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ឈ្មោះ ម៉ែន សារ៉េត និង​ឈ្មោះ ទៀង ឡាយ ដែល​ជា​អ្នកចាំចម្ការ​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក គឹមលី តួនាទី​ជា​នាយរង​ទីចាត់ការ​ការងារ​ព្រំដែន​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។

លោក សាវុធ អះអាង​ថា​៖ «​ដី​ប្រមាណ​ ៦០០ ​ហិកតា ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ចំនួន ៨៩ ​គ្រួសារ សម្រាប់​អាស្រ័យផល​ជា​យូរ​ឆ្នាំ​មកហើយ ស្រាប់តែ​នៅ​ឆ្នាំ​ ២០-១៧ លោក​ផ្កាយ​ ២ អ៊ុក គឹមលី បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយដី​ពលរដ្ឋ ប៉ុន្ដែ​ពលរដ្ឋ​បាន​នាំគ្នា​តវ៉ា និង​រារាំង​មិនឱ្យ​ឈូសឆាយ ហើយ​ត្រាក់ទ័រ​ក៏​ត្រឡប់​ទៅវិញ​»​។ រហូតដល់​ឆ្នាំ​ ២០១៩ ស្រាប់តែ​គេ​ដាក់​ត្រាក់ទ័រ​មក​ឈូសឆាយ​ម្ដងទៀត ហើយ​ពលរដ្ឋ​ក៏បាន​រារាំង​ទៀត ក្រោយមក​រូបលោក​ និង​តំណាង​ពលរដ្ឋ​ ២ ​នាក់​ទៀត​ក៏មាន​ឈ្មោះ​ត្រូវ​តុលាការ​កោះ​ហៅ​ជាច្រើនលើក​។

បើ​តាម​ដីកា​របស់​តុលាការ​តំណាង​ពលរដ្ឋ​ទាំង​ ៣ ​នាក់​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​មានឈ្មោះ សឿន ប៉ាច ភេទ​ស្រី អាយុ ៤៤ ​ឆ្នាំ វ៉ាន់ ចំរើន ភេទ​ប្រុស អាយុ ៤៩ ​ឆ្នាំ និង​ នឿន សាវុធ ​ភេទ​ប្រុស អាយុ ៥០ ​ឆ្នាំ​។

លោក សឿន ប៉ាច តំណាង​ពលរដ្ឋ​ម្នាក់ទៀត​ថ្លែងថា ដោយសារ​ពួកលោក​បាន​រារាំង​សកម្មភាព​ឈូសឆាយដី​ពលរដ្ឋ​នេះ​ទើប​ពួកលោក​ត្រូវ​បាន​អ្នក​ចាំ​ចម្ការ​ឱ្យ​លោក​ផ្កាយ​ ២ អ៊ុក គឹមលី ប្ដឹង​ឡើង​តុលាការ​។ លោក​ថា​៖ «​ពួកខ្ញុំ​មិន​សុខចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​ខេត្ត​ឧត្តរមានជ័យ​ទេ គឺ​ពួកខ្ញុំ​នឹង​ប្ដឹងទៅ​សាលាឧទ្ធរណ៍​បន្តទៀត​។ ពួក​ខ្ញុំ​ពិតជា​រង​អយុត្តិធម៌​ខ្លាំងណាស់​។ សូម​លោក​តុលាការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ទន់ខ្សោយ​ផង​»​។

លោក ហែល ឆេងហុង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១១ ​វិច្ឆិកា​ថា បន្ទាប់ពី​បាន​បើក​សវនាការ​លោក​ចៅក្រម ចន សុភ័ក្រ បាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ នឿន សាវុធ ឈ្មោះ វ៉ាន់ ចំរើន និង​ឈ្មោះ សឿន ប៉ាច ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ ​លាន​រៀល​ប៉ុន្ដែ​ទោស​ជាប់ពន្ធនាគារ​ត្រូវបាន​ព្យួរ​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ពួកគាត់​ហើយ ប៉ុន្ដែ​ប្រសិនបើ​ពួកគាត់​មិន​សុខចិត្ត​ទេ អាច​ប្ដឹង​បន្តទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​។ បើ​ពួកគាត់​ចង់​ប្ដឹងទៅ​សាលាឧទ្ធរណ៍​អាច​មកជួប​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ប្រាប់​ពី​នីតិវិធី​បំពេញ​បែបបទ​ដាក់ពាក្យ​ទៅ​សាលាឧទ្ធរណ៍​ទៀត​»​។

លោក​ ហោ ជិនវិរៈយុទ្ធ អភិបាលស្រុក​អន្លង់វែង​បាន​ថ្លែងថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការសម្រេច​របស់​តុលាការ​ចំពោះ​ពលរដ្ឋ​ទាំង ៣ ​នាក់​នេះ​ទេ​។ ប៉ុន្ដែ​លោក​ក៏​មិន​អាចជួយ​ដោះស្រាយ​ជូន​ពួកគាត់​បាន​ដែរ ព្រោះ​សំណុំ​រឿង​ត្រូវបាន​បញ្ជូនទៅ​ដល់ដៃ​តុលាការ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បង្កើត​គណៈកម្មការ​ដោះស្រាយ​ទំនាស់​នេះ​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្ដែ​ភាគី​ទាំង​ ២ ​នៅតែ​មិន​ព្រម​ទទួល​យក​ការសម្របសម្រួល​របស់​អាជ្ញាធរ ទើប​ពួកគាត់​នាំគ្នា​ប្ដឹង​ទៅ​តុលាការ ដើម្បី​រក​អ្នក​ខុស អ្នក​ត្រូវ​»​។

លោក​លើកឡើង​ថា​៖ «​បើ​យើង​សួរ​ខាង​ពលរដ្ឋ គាត់​ថា គាត់​មក​រស់នៅ​យូរ​ឆ្នាំ​ហើយ គឺ​ដី​នេះ​ជា​កម្មសិទ្ធិ​ពួកគាត់ ប៉ុន្ដែ​មិនទាន់​មាន​ប្លង់រឹង​ទេ រីឯ​ភាគី​ម្ខាង​ទៀត​គាត់​ថា ពលរដ្ឋ​នាំគ្នា​មក​រំលោភ​យក​ដី​គាត់​។ អ៊ីចឹង​ហេតុផល​មាន​រៀងៗ​ខ្លួន ពួកគាត់​មិន​ទទួល​យក​អនុសាសន៍​អាជ្ញាធរ​ទេ​»​។

ភាគី​ជម្លោះ​ម្ខាង​ទៀត​គឺ​លោក អ៊ុក គឹមលី មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង សុំ​ការ​បញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​ដែល​បាន​តាមដាន​ដំណើរការ​រឿងក្តី​នេះ​បាន​ថ្លែងថា ការសម្រេច​របស់​តុលាការខេត្ត​ឧត្តរមានជ័យ​នេះ​គឺជា​រឿង​អយុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​អ្នក​រងគ្រោះ​ពិតប្រាកដ​ក្នុង​រឿង​ទំនាស់​ដីធ្លី​។

លោក​បន្តថា តុលាការ​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​អង្គហេតុ​ឱ្យបាន​ច្បាស់លាស់​មុន​ធ្វើការ​សម្រេច​ផ្តន្ទាទោស​ពលរដ្ឋ​ទាំង​អយុត្តិធម៌​បែបនេះ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ការសម្រេច​នេះ​គឺ​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ ហើយ​ខ្ញុំ​អំពាវនាវ​ឱ្យ​ពួកគាត់​បន្ត​ដាក់ពាក្យ​ប្ដឹងទៅ​សាលាឧទ្ធរណ៍​ទៀត រីឯ​មេធាវី គឺ​ខ្ញុំ​នឹង​ជួយ​គាត់​»៕