ភ្នំពេញៈ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ ឈឹម ផលវរុណ ដែល​ជា​គូ​ជម្លោះ​នឹង​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា បាន​ចូល​ទៅ​បំភ្លឺ​កាលពី​ម្សិលមិញ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ គី ឫទ្ធី ក្នុង​សំណុំ​រឿង​ចោទប្រកាន់​អតីត​មេបក្ស​រូប​នេះ​ពី​បទ ​«​ក្បត់​ជាតិ​»​។

ប៉ុន្តែ​មេធាវី និង​អ្នក​វិភាគ​យល់​ឃើញ​ថា​លោក​ ឈឹម ផលវរុណ ដែល​ជា​ភាគី​ម្ខាង​ធ្លាប់​មាន​ទំនាស់​នឹង​លោក​ កឹម សុខា នោះ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​បំភ្លឺ​ឡើយ​ដោយសារ​ថា​ការពិត ការ​ទុកចិត្ត និង​យុត្តិធម៌​នឹង​មិន​អាច​រកឃើញ​សម្រាប់​លោក​ កឹម សុខា ឡើយ ខណៈ​ដែល​គូទំនាស់​ត្រូវ​បាន​ហៅ​មក​សាកសួរ​រឿង​ពាក់ព័ន្ធ​នឹង​គូទំនាស់​នឹង​គ្នា​នោះ​។

ការ​កោះ​ហៅ​លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដោយសារ​ថា លោក​ធ្លាប់​ជា​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​កាលពី​ជំនាន់​លោក កឹម សុខា នៅ​ជា​ប្រធាន​ដោយ​កោះ​ហៅ​ដើម្បី​ឲ្យ​ទៅ​ឆ្លើយ​នឹង​សំណួរ​ក្នុង​នាម​សាក្សី​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​លោក​ កឹម សុខា ពី​បទ​ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ឬ​ឃុបឃិត​ជាមួយ​បរទេស​ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​។ បទ​ចោទ​នេះ​ប្រសិន​បើ​តុលាការ​រកឃើញ​ដូច​ការ​ចោទប្រកាន់​មែន​លោក​ កឹម សុខា ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១៥ ​ឆ្នាំ​ទៅ​ ៣០ ​ឆ្នាំ​។

លោក​ ឈឹម ផលវរុណ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​ឆ្លើយ​បំភ្លឺ​ថា​៖ «(​ចៅក្រម​) ​សួរ​ពាក់ព័ន្ធ​ដែល​ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​កាល​ជំនាន់​លោក​ កឹម សុខា ជា​ប្រធាន​មជ្ឈមណ្ឌល​។ យើង​មាន​អ្វី​ (​ឯកសារ​)​ ដែល​បញ្ជាក់​រឿង​ការពិត​ប៉ុណ្ណោះ យើង​មិន​អាច​និយាយ​បាន​ទេ​ព្រោះ​វា​ជា​នីតិវិធី​របស់​តុលាការ ហើយ​ជា​ការ​គោរព​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​បុគ្គល​អ៊ីចឹង​យើង​មិន​លាតត្រដាង​ជា​សាធារណៈ​។ ខ្ញុំ​បាន​សន្យា​ថា​យោង​តាម​សម្បថ​ខ្ញុំ​និយាយ​តែ​ការពិត​»​។

លោក​ថ្លែង​ថា​អ្វី​ដែល​ចៅក្រម​បាន​សាកសួរ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ចោទ​លើ​លោក កឹម សុខា​។ លោក​បញ្ជាក់​ថា​៖ «​គាត់​សួរ​តែ​រឿង​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អ្វី​នៅ​ក្នុង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ទៅ​នឹង​បទល្មើស​ដែល​កំពុង​នៅ​ក្នុង​ដំណើរការ​ក្តី​ហ្នឹង តែ​ខ្ញុំ​គ្រាន់​តែ​ឆ្លើយ​ក្នុង​នាម​សាក្សី​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​ទេ​»​។

លោក ឈឹម ផលវរុណ ធ្លាប់​បាន​ដាក់​ពាក្យ​ប្តឹង​លោក កឹម សុខា កាលពី​ឆ្នាំ​ ២០០៦ ដោយ​ចោទប្រកាន់​លោក កឹម សុខា ថា​បាន​កិបកេង​ប្រាក់​រាប់ពាន់​ដុល្លារ​ពី​ថវិកា​ជំនួយ និង​បង្កើត​ឯកសារ​ក្លែងក្លាយ​។ ប៉ុន្តែ​រឿង​ក្តី​នេះ​ត្រូវ​បាន​ពន្យារ​រហូត​ដល់​ឆ្នាំ​ ២០១០ ​ក្រោយ​ពេល​លោក កឹម សុខា លាលែង​ទៅ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ទើប​តុលាការ​កោះ​ហៅ​លោក កឹម សុខា ទៅ​សាកសួរ​។

ចៅក្រម​ស៊ើបសួរ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​។

លោកស្រី ម៉េង សុភារី មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ ៨ ​នាក់​ដែល​ការពារ​ក្តី​លោក​ កឹម សុខា ថ្លែង​ថា​ការ​កោះ​ហៅ​លោក ឈឹម ផលវរុណ មក​សាកសួរ​ក្នុង​នាម​សាក្សី​នេះ​មិន​អាច​រកឃើញ​ការពិត និង​មាន​ទំនាស់​ផលប្រយោជន៍​។

លោកស្រី​ពន្យល់​ថា​៖ «​លោក​ ឈឹម ផលវរុណ ពី​ដើម​មក​គាត់​ធ្លាប់​មាន​ទំនាស់​នៅឯ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​ដោយសារ​តែ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អស់​មូលនិធិ​ទៅ​មជ្ឈមណ្ឌល​បាន​បញ្ឈប់​លោក​ ឈឹម ផលវរុណ ដែល​កាល​នោះ​គាត់​ជា​បុគ្គលិក​ម្នាក់​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដែរ​។ គាត់​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ការ​បញ្ឈប់​គាត់ តែ​មិនមែន​តែ​គាត់​ទេ​គឺ​មាន​ការ​បញ្ឈប់​បុគ្គលិក​មួយ​ចំនួន​ទៀត​ចំពោះ​គម្រោង​មួយ​ចំនួន​ដែល​ត្រូវ​អស់​ជំនួយ​»​។

លោកស្រី​បន្ថែម​ថា​៖ «​យើង​ធ្លាប់​បាន​ស្តាប់​ឮ​តាម​វិទ្យុ​ហើយ គាត់​បាន​ធ្វើ​ការ​វាយប្រហារ​មក​លើ​ឯកឧត្តម កឹម សុខា ជា​រឿយៗ​តាម​វិទ្យុ​។ ដូច្នេះ ការ​កោះ​ហៅ​លោក​ ឈឹម ផលវរុណ មក​ធ្វើ​ជា​សាក្សី​ហ្នឹង​មិន​បង្ហាញ​ពី​ការពិត ហើយ​ក៏​មិន​អាច​រក​យុត្តិធម៌​ដល់​ជន​ត្រូវ​ចោទ​បាន​ទេ ព្រោះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួកគាត់​ទាំង​ ២ ​មាន​ទំនាស់​ផលប្រយោជន៍​នឹង​គ្នា​នៅ​ក្នុង​រឿងក្តី​នេះ​»​។

លោកស្រី​មេធាវី​និយាយ​ថា​ក្រុម​មេធាវី​នឹង​ស្នើសុំ​ឯកសារ​ចម្លើយ​របស់​លោក ឈឹម ផលវរុណ ដើម្បី​យក​មក​សិក្សា និង​សម្រេច​ថា តើ​ក្រុម​មេធាវី​នឹង​សុំ​ប្តឹង​មោឃភាព​លើ​ចម្លើយ​របស់​គាត់​ឬ​យ៉ាង​ណា ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នា​វេលា​យប់​ឈាន​ចូល​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា ឆ្នាំ​ ២០១៧ ​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​នៅ​ផ្ទះ​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក​ដោយ​សមត្ថកិច្ច​សំអាង​លើ​វីដេអូឃ្លីប​ដែល​លោក​បាន​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ចុង​ឆ្នាំ​ ២០១៣​។ លោក​ត្រូវ​បាន​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​ចាប់ពី​ពេល​នោះ​មក​។

កាលពី​សប្តាហ៍​មុន​លោក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​មក​ចូលរួម​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ភ្នំពេញ ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​បដិសេធ​មិន​ឲ្យ​លោក​នៅក្រៅ​ឃុំ​ឡើយ​។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា​តុលាការ​មិន​គួរ​ពិចារណា​ចំពោះ​ការ​ធ្វើ​សក្ខីកម្ម​របស់​លោក​ ឈឹម ផលវរុណ ទេ «​ប៉ុន្តែ​តុលាការ​របស់​យើង​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​»​។

លោក​បន្ថែម​ថា​៖ «​ការ​ចោទប្រកាន់​លោក​ កឹម សុខា នោះ​វា​មិន​យុត្តិធម៌​ស្រាប់​ទៅ​ហើយ​គឺ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​។ ខ្ញុំ​គិត​ថា​តុលាការ​បាន​កោះហៅ​សាក្សី ហើយ​វា​ស្រេច​លើ​ក្រុម​មេធាវី​ដែល​ការពារ​លោក កឹម សុខា ទេ​ដែល​ត្រូវ​ជំទាស់​ទៅ​នឹង​ការ​ផ្តល់​សក្ខីកម្ម​នេះ ឬ​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​នៃ​សក្ខីកម្ម​នេះ ដោយសារ​តែ​វា​មាន​ទំនាស់​ជាមួយ​ជន​ត្រូវ​ចោទ​គឺ​លោក កឹម សុខា​»៕