ភ្នំពេញ: ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក កែវ សុធា បានចេញដីកាបញ្ជាឲ្យជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលចូលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំនេះ ដើម្បីសួរពីករណីឃាតកម្មលើបុរសម្នាក់។
សមត្ថកិច្ចខណ្ឌដូនពេញកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំនេះបានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់សម្លាប់បុរសម្នាក់នៅភោជនីយដ្ឋានឈ្មោះ ហេបភីណេសស៊ុប និងខារ៉ាអូខេគ្រួសារក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញដោយជនសង្ស័យបានបាញ់មកលើជនរងគ្រោះ ១ គ្រាប់ ត្រូវចំសៀតផ្កាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
តាមដីការបស់លោក កែវ សុធា ចុះថ្ងៃទី ១៤ ខែមករា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃពុធបានបញ្ជាឈ្មោះ ដួង មុនីរដ្ឋ អាយុ ២៧ ឆ្នាំ មានលំនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទឃាតកម្មតាមរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញបានថ្លែងកាលពីថ្ងៃពុធថា លោកបានទទួលដីកានេះរួចរាល់ហើយ ដោយតុលាការបានបង្គាប់ឲ្យជនសង្ស័យចូលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់មានមតិអ្វីច្រើនទេ ប្រសិនជនសង្ស័យហ្នឹងគាត់មិនមកបង្ហាញខ្លួន ឬមកបង្ហាញខ្លួនតាមដីកាតុលាការ វាគឺជានីតិវិធីរបស់តុលាការ បើតុលាការបង្គាប់ឲ្យឃាត់ខ្លួន ឬធ្វើយ៉ាងណាបន្តទៀតគឺសមត្ថកិច្ចយើងនឹងអនុវត្តតាម... »។
កាលពីម្សិលមិញ ភ្នំពេញ-ប៉ុស្ដិ៍មិនអាចស្វែងរកប្រភពទាក់ទងសាច់ញាតិរបស់ជនរងគ្រោះសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ប៉ុន្ដែកាលពីថ្ងៃពុធ Fresh News បានដកស្រង់សម្ដីសាច់ញាតិជនរងគ្រោះដោយពួកគាត់បានអំពាវនាវដល់កម្លាំងសមត្ថកិច្ច ជាពិសេសនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមស្រាវជ្រាវ និងតាមចាប់ខ្លួនជនបង្កយកមកផ្ដន្ទាទោសឲ្យបានឆាប់ៗ។
លោក ប៊ុន ប្រុស នាយប៉ុស្ដិ៍នគរបាលសង្កាត់បឹងរាំងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ១០ ខែមករា ថា សមត្ថកិច្ចជំនាញបានកំណត់អត្តសញ្ញាណជនសង្ស័យហើយ ប៉ុន្ដែគេរត់គេចខ្លួន។ លោកថាជនសង្ស័យ និងជនរងគ្រោះគឺជាមិត្តភ័ក្ដិគ្នា ដោយពួកគេបានជិះរថយន្ត ១ គ្រឿង ជាមួយគ្នាទៅហូបអាហារនៅភោជនីយដ្ឋានកើតហេតុកាលពីម៉ោង ៤ ព្រឹកថ្ងៃទី ៩ ខែមករា។
លោកបន្តថា ខណៈពួកគេចូលដល់ភោជនីយដ្ឋាននោះជនរងគ្រោះបានចេញពីរថយន្ត ហើយមកអង្គុយចាំជនសង្ស័យមុន ខណៈជនសង្ស័យកំពុងរកកន្លែងចតរថយន្ត។
ក្រោយពីចតរថយន្តរួចជនសង្ស័យបានក៏ចូលក្នុងហាងនោះដែរ ស្រាប់តែជននោះបានដកកាំភ្លើងខ្លី ១ ដើម មកបាញ់ផ្ទប់នឹងសៀតផ្កាជនរងគ្រោះ ១ គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។
លោក ប៊ុន ប្រុស បានបញ្ជាក់ថា៖ «បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាងនោះ ដោយមានបុរស ៣ នាក់ផ្សេងទៀតបើករថយន្ត ១ គ្រឿង និងម៉ូតូ ១ គ្រឿង មកទទួលនៅខាងមុខហាង ហើយបើកគេចខ្លួនបាត់ទាំងអស់គ្នា។ បុរសជនរងគ្រោះ គឺជាឌីជេ (អ្នកចាក់បទចម្រៀងក្នុងក្លិប) នៅហាង UrBanBeer House BKK ប៉ុន្ដែខ្ញុំមិនទាន់ដឹងពីមូលហេតុដែលឈានដល់ការបាញ់សម្លាប់នេះនៅឡើយទេ»៕