ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅមន្ត្រីមន្ទីររៀបចំដែនដីខេត្តកណ្តាលម្នាក់ និងបក្ខពួកម្នាក់ទៀតឲ្យចូលទៅបំភ្លឺនៅតុលាការ នៅពាក់កណ្តាលខែមិថុនានេះ ពាក់ព័ន្ធនឹងករណីក្លែងឯកសារលក់ដីរបស់ពលរដ្ឋ ៤ គ្រួសារ ដែលមានផ្ទៃដីជាង ៨០ ហិកតា។
ដីកាកោះចំនួន ២ ដាច់ដោយឡែកពីគ្នា របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដោយព្រះរាជអាជ្ញារង លោក ងិន ពេជ កាលពីដើមខែមិថុនានេះបានកោះហៅឈ្មោះ នៅ សាត ដែលគេស្គាល់ថា ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ១៧ ផ្លូវលេខ ២៦៥ ភូមិ ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ចូលខ្លួនបំភ្លឺនៅថ្ងៃទី ១៣ និងម្នាក់ទៀតឈ្មោះ យ៉ែម រចនា រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ ចូលខ្លួនថ្ងៃទី ១៤ មិថុនា។
ដីកាកោះទាំង ២ នោះ បានកំណត់ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទប់អក្សរ ត ជាន់ទី២ ពីដំណើររឿង «សមគំនិតក្នុងអំពើក្លែងបន្លំ ប្រើប្រាស់លិខិត និងលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក នៅ សាត និងលោក យ៉ែម រចនា ដើម្បីសុំអធិប្បាយបានទេ កាលពីម្សិលមិញ។
យោងតាមលិខិតបំភ្លឺរបស់ជនរងគ្រោះទាំង ៤ គ្រួសារ ដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា ប្រជាពលរដ្ឋ ៤ គ្រួសារ មានឈ្មោះ អៀ ម៉េងឃឹម ឈ្មោះប្រាក់ លឹម ឈ្មោះ ថេត គឹមសាយ និងឈ្មោះ កុល ច័ន្ទសុវត្ថា បានទិញដីនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងអំឡុងឆ្នាំ ២០០៧-២០១៨ ដោយមានលិខិតទទួលស្គាល់ និងដឹងឮពីអាជ្ញាធរភូមិ ឃុំ។
លិខិតនោះបន្តថា លុះខែវិច្ឆិកាឆ្នាំ ២០១៥ មានបុគ្គលឈ្មោះ នៅ ភារម្យ ជាអ្នកទិញដី ដែលពលរដ្ឋចោទថា បានក្លែងបន្លំស្នាមមេដៃរបស់ពួកគាត់ នៅក្នុងកិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ រវាងឈ្មោះ នៅ ភារម្យ ជាមួយពួកគាត់ ៤ នាក់ ជាម្ចាស់ដីជាបន្តបន្ទាប់ដោយបុគ្គលរូបនោះ ក៏បានបន្តធ្វើលិខិតផ្ទេរសិទ្ធិពីបុគ្គលមួយទៅបុគ្គលមួយដោយមានការសម្របសម្រួលឯកសារពីឈ្មោះ យ៉ែម រចនា និងរួមមានអាជ្ញាធរភូមិ ឃុំ និងឈ្មោះ នៅ សាត បានជួយសម្របសម្រួលឯកសារ រហូតទទួលបានបណ្ណកម្មសិទ្ធិ ក្នុងការទទួលស្គាល់ដីនេះ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ យ៉ែម រតនា ហើយបន្តលក់ឲ្យឈ្មោះឡៃ ភីតធីរយូប៉ុក ដោយមានការប្តឹងជំទាស់ពីសំណាក់ម្ចាស់ដីទាំង ៤ គ្រួសារខាងលើ។
តាមលិខិតប្តឹងរបស់ម្ចាស់ដីទាំង ៤ គ្រួសារនោះ បញ្ជាក់ថា ការប្តឹងរបស់ខ្លួនទៅលើឈ្មោះ នៅ សាត និងឈ្មោះ យ៉ែម រចនា ដោយសំអាងថា ឯកសារលក់ដីទាំង ៤ នោះ បានធ្វើកោសល្យវិច័យរួចរាល់ជាផ្លូវការហើយ និងបានចេញលទ្ធផលថា ស្នាមមេដៃរបស់ដើមបណ្តឹងទាំង ៤ នាក់ មិនដូចឈ្មោះ នៅ ភារម្យ អះអាងនោះទេ គឺសុទ្ធតែក្លែងក្លាយទាំងអស់»។
ជាមួយនឹងការអះអាងនេះ លិខិតដដែល ក៏បានបញ្ជាក់ថា បច្ចុប្បន្ន លោក ឃុន សូណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យចាប់ខ្លួនបុគ្គលឈ្មោះ នៅ ភារម្យ ពីបទក្លែងបន្លំប្រើប្រាស់លិខិតក្លែងលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួនប្រព្រឹត្តនៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង លើដីទំហំ ៨៣ ហិកតាផងដែរ។
លោក លឹម ច័ន្ទសុភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាលមិនអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ។ ចំណែកលោក អ៊ូច សៅវឿង អភិបាលរងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលបានបញ្ជាក់ថា លោកបានដឹងពីករណី នេះ ប៉ុន្តែបដិសេធការធ្វើអត្ថាធិប្បាយ។
លោកបញ្ជាក់ថា៖ «ដឹងតើរឿងហ្នឹង តែឲ្យនិយាយតាមហ្នឹងម៉េចអស់មកមើលឯកសារមក មកមើលមក ខ្ញុំមិននិយាយតាមទូរស័ព្ទទេ»៕