ភ្នំពេញ៖ សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បានសម្រេច​ឃុំខ្លួន​ឈ្មោះ ប៉ាន់ សុភី អាយុ ២៩ ឆ្នាំ​នៅ​ពន្ធនាគារ​ខេត្ត ជា​បណ្តោះអាសន្ន​ពី​បទ «រារាំង​ដល់​ការអនុវត្ត​វិធានការ (សុខាភិបាល) និង​បទញុះញង់​ឱ្យមាន​ការរើសអើង» ប្រព្រឹត្ត​តាម​បណ្តាញ​សង្គម TikTok។

យោងតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ ៣០៦ របស់​លោក​ ថៃ គឹមមុនី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១០ ខែ​មេសា នេះ​បាន​ឱ្យ​ដឹងថា ឈ្មោះ ប៉ាន់ សុភី ភេទ​ប្រុស អាយុ ២៩ ឆ្នាំ​មាន​កន្លែង​កំណើត​នៅ​ភូមិ ភ្នំ​តូច ឃុំ​ពោធិ៍ចំរើន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​សម្រេច​ដាក់​ជននេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​ពី​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង ដែល​បាន​ប្រព្រឹត្ត​តាម​បណ្តាញ​សង្គម TikTok កាលពី​ថ្ងៃទី ៤ ខែ​មេសា ឆ្នាំ ២០២១។

បើតាម​ដីកា​នេះ ជន​ត្រូវ​ចោទ​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​មាត្រា ៤៩៤ និង មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​ ថៃ គឹមមុនី បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ ធ្វើការ​នាំខ្លួន ជន​ត្រូវ​ចោទ​នេះ ទៅ​មន្ទីរឃុំឃាំង​ខេត្តកំពង់ស្ពឺ​រហូតដល់​មាន​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​មិញ​ថ្លែងថា លោក​មិន​លើកលែង​ឱ្យដល់​បុគ្គល​ណាមួយ​ដែល​បាន​ផ្សព្វផ្សាយ ឬ ញុះញង់​មិនឱ្យ​មាន​ការចូលរួម​ចាក់​វ៉ាក់សាំង​ប្រឆាំង​​នឹង​ជំងឺ​កូវីដ ១៩ នៅក្នុង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​នឹង​ត្រូវ​ចាប់ខ្លួន និង​ដាក់​ពន្ធនាគារ។

លោក​ ហ៊ុន សែន ​ថ្លែងថា៖​ «អាមួយ​នៅ​កំពង់ស្ពឺ​នៅ​បសេដ្ឋ នគរបាល​គេ​សួរ​អាហ្នឹង ប្អូនឯង​បង្ហោះ​មែន គេ​ចេះ​លេង Tik Tok វា​បង្ហាញ​អាហ្នឹង ឥឡូវ​ជាប់​បណ្តោយ អត់​រួចខ្លួន​ទេ»។

លោក ហ៊ុន សែន ​ថ្លែង​ថា លោក​សុខចិត្ត​ឱ្យ​គេ​ហៅ​លោក​ថា​ជា​ជន​ផ្តាច់ការ ដោយ​មាន​វិធានការ​លើ​មនុស្ស​ ១ ឬ ២ នាក់ ខណៈ​ដែល​លោក​ត្រូវ​សម្រេចចិត្ត​ធ្វើ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

យោង​តាម​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា អំពើ​ញុះញង់​តាម​មធ្យោបាយ​ណាមួយ​ដែលមាន​ចែង​នៅក្នុង​មាត្រា ៤៩៤ (លក្ខខណ្ឌ​អត្ថិភាព​នៃ​ការញុះញង់) នៃ​ក្រម​នេះ ឱ្យ​មាន​ការប្រព្រឹត្ត​ការរើសអើង ការគុំកួន ឬ ហិង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ ក្រុម​ណាមួយ​ដោយ​មូលហេតុ​បុគ្គល​នោះ​ជា​សមាជិក ឬ មិនមែន​សមាជិក​នៃ​ជាតិពន្ធុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណាមួយ​ជា​កំណត់​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់​ព័ន្ធ​នាគារ​ពី ១ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ចាប់ពី ២ លាន​រៀល ទៅ ៦ លាន​រៀល ៕