ព្រះវិហារៈ មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ​អះអាង​ថា តុលាការ​កំពុង​ចាត់​នីតិវិធី​ទៅលើ​សំណុំ​រឿង​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​បឹងពែរ ដែល​ប្រព្រឹត្ត​ដោយ​ជន​ចំណាកស្រុក​ចំនួន​ ៣ ​នាក់​មកពី​ខេត្ត​កំពង់ធំ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​មន្ត្រី​បរិស្ថាន និង​តំណាង​ប្រជាសហគមន៍​បណ្ដាញ​ព្រៃឡង់​កាលពី​ថ្ងៃ​អង្គារ​។

អ្នកស្រី​ ភី ស៊ីថង អ្នក​នាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅក្នុង​សំណុំ​រឿង​នោះ​ជនសង្ស័យ​ឈ្មោះ​ ឈួន ឆាត ស្នាក់នៅ​ភូមិ​ស្រែវាល ឃុំ​ធ្មា ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ និង បក្ខពួក​ ២ ​នាក់​ទៀត​រួម​មាន​ឈ្មោះ យុន ញ៉ាញ់ ស្នាក់នៅ​ភូមិ​ភ្ញាក់រឭក ឃុំ​ធ្មា​ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ និង​កូនប្រុស​របស់​គាត់​ឈ្មោះ​ ញ៉ាញ់ អ៊ីញ ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​បឹងពែរ​រួម​ទាំង​តំណាង​ប្រជាសហគមន៍​បណ្ដាញ​ព្រៃឡង់​ខេត្ត​ព្រះវិហារ​ប្ដឹង​ចោទ​ពី​បទ​ «​កាប់​បំផ្លាញ​ព្រៃឈើ និង​គំរាម​សម្លាប់​» ។

អ្នកស្រី​បញ្ជាក់​ថា​៖ «​បណ្ដឹង​នោះ​បាន​ដាក់​ចូល​ដល់​តុលាការ​កាលពី​ថ្ងៃទី​ ១១ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ហើយ​នៅពេល​នេះ​លោក​ព្រះរាជអាជ្ញា​កំពុង​ចាត់​វិធានការ​ទៅ​តាម​នីតិវិធី​»​។

បើ​តាម​ការអះអាង​របស់​លោក មាស ញឹម ប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​បឹងពែរ​បណ្ដឹង​ប្រឆាំង​ទៅ​លើ​បុរស​សង្ស័យ​ទាំង​ ៣ ​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​រារាំង​ដល់​ការអនុវត្ត​ច្បាប់​របស់​ក្រុមមន្ត្រី​ឧទ្យានុរក្ស និង​ប្រជាសហគមន៍​ការពារ​ព្រៃឡង់​ដោយ​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ និង​គំរាមកំហែង​ដល់​អាយុជីវិត​ផងដែរ ខណៈ​ក្រុមមន្ត្រី​ឧទ្យានុរក្ស និង ប្រជាសហគមន៍​ការពារ​ព្រៃឡង់​បាន​ចាប់​រឹបអូស​យក​ឈើ​ក្ដារបន្ទះ​ប្រភេទ​ផ្ដៀក​សរុប​ ៣៥៥ ​សន្លឹក​ស្មើ ៧,២ ​ម៉ែត្រគុប​ដែល​ពួកគេ​បាន​លាក់​ទុក​នៅក្នុង​ព្រៃ​ស្ថិត​ក្នុង​ភូមិ​ភ្ញាក់រឭក ឃុំ​ធ្មា ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ​។

លោក​​ ញឹម បញ្ជាក់​ថា​៖ «​ជន​ទាំង​ ៣ ​មិន​គ្រាន់​តែ​រារាំង​ជេរប្រមាថ​ដល់​មន្ត្រី​របស់​យើង និង​ប្រជាសហគមន៍​ការពារ​ព្រៃឡង់​ដែល​ខំ​បំពេញ​ការងារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម​បាញ់​សម្លាប់​ថែម​ទៀត​» ​។

លោក​បន្ថែម​ថា​មុន​ពេល​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​ក្រុម​ជនសង្ស័យ​ទាំង​ ៣ ​ខាង​លើ​នេះ​រូប​លោក​បាន​ចេញ​លិខិត​កោះអញ្ជើញ​ពួកគេ​ឲ្យ​ចូល​ខ្លួន​មក​ដោះស្រាយ​ជុំវិញ​ករណី​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព និង​សូមទោស​ជា​លាយលក្ខណ៍​អក្សរ​ដល់​មន្ត្រី​ឧទ្យានុរក្ស និង​ប្រជាសហគមន៍​ចំពោះ​ការប្រមាថ និង​ការ​គំរាម​សម្លាប់​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​បាន​ចូល​ខ្លួន​នោះ​ទេ ថែម​ទាំង​បន្ត​គំរាមកំហែង​ដល់​មន្ត្រី​ឧទ្យានុរក្ស និង តំណាង​ប្រជាសហគមន៍​ការពារ​ព្រៃឡង់​ថែម​ទៀត​។

លោក​ ញឹម និយាយ​ទៀត​ថា​៖ «​ដើម្បី​សុវត្ថិភាព​របស់​មន្ត្រី​ និង​ប្រជាសហគមន៍​ការពារ​ព្រៃឈើ​របស់​យើង​ចាំបាច់​យើង​ខ្ញុំ​ត្រូវ​តែ​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​ពួកគេ​ទៅ​តុលាការ ដើម្បី​ជួយ​អន្តរាគមន៍ និង​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​»​។

អ្នកស្រី​ ភោគ ហុង តំណាង​ប្រជាសហគមន៍​បណ្ដាញ​ព្រៃឡង់​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ​ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប និង​រឹបអូស​ឈើ​របស់​ក្រុម​ជនសង្ស័យ​ទាំង​ ៣ កាលពី​ថ្ងៃទី​ ៦ ខែ​ធ្នូ​កន្លង​មក​នេះ និង​ជាដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​ខាង​លើ​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ទាំង​ ៣ ​ជា​ជន​ចំណាកស្រុក​មកពី​ខេត្ត​កំពង់ធំ ហើយ​ក៏​ជា​អ្នករកស៊ី​កាប់​ឈើ និង ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់​ជាច្រើន​ឆ្នាំ​មក​ហើយ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ក្រុម​ជនសង្ស័យ​បាន​រារាំង​យើង​ខ្ញុំ និង​មន្ត្រី​ឧទ្យានុរក្ស​មិន​ឲ្យ​រឹបអូស​យក​ឈើ​របស់​ពួកគេ ដែល​លាក់ទុក​នៅក្នុង​ព្រៃ​នៃ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​បឹងពែរ​»​។

លោក​ នួន វ៉ាន់ស៊ុយ មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​បឹងពែរ​ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ចុះ​ល្បាត​ព្រៃ​ជាមួយ​ក្រុម​ប្រជាសហគមន៍​បណ្ដាញ​ព្រៃឡង់​នា​ថ្ងៃ​នោះ​និយាយ​ថា បន្ទាប់ពី​ក្រុម​ការងារ​របស់​លោក​បាន​ដឹកជញ្ជូន​ឈើ​ទាំង​នោះ​មក​រក្សាទុក​នៅ​ទីស្នាក់ការ​ដែន​ជម្រក​បឹង​ពែរ ក្រុម​ជនសង្ស័យ​បាន​ថតរូប​ពួកគាត់ និង​និយាយ​បោះ​ពាក្យសម្ដី​គំរាម​កំហែង​អាយុជីវិត​របស់​ពួកគាត់​ថែម​ទៀត​។

លោក​ វ៉ាន់ស៊ុយ បញ្ជាក់​ថា​៖ «​ជនសង្ស័យ​ឈ្មោះ​ ញ៉ាញ់ អ៊ីញ បាន​និយាយ​បោះ​ពាក្យ​សម្ដី​មក​លើ​យើង​ខ្ញុំ​ថា ចាប់​ឈើ​អ្នក​ណា​មិន​ចាប់​ ចាប់​ឈើ​អញ បើ​អញ​មាន​កាំភ្លើង អញ​នឹង​បាញ់​សម្លាប់​ចោល​ទាំងអស់​។ ចំណែក​ឪពុក​របស់​គេ ឈ្មោះ​ យុន ញ៉ាញ់ បាន​និយាយ​ថា​អស់​ប៉ុន្មាន​ក៏​អស់​ទៅ អញ​នឹង​ធ្វើឲ្យ​ពួក​បរិស្ថាន​អស់​ហ្នឹង​ខ្ទាត​ចេញ​ឲ្យ​អស់ »​។

ជុំវិញ​ការចោទប្រកាន់​នេះ​នៅ​ថ្ងៃ​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ស្វែងរក​ទំនាក់ទំនង ដើម្បី​សុំ​ការអធិប្បាយ​ពី​ភាគី​លោក ឈួន ឆាត​, លោក យុន ញ៉ាញ់ និង​លោក​ ញ៉ាញ់ អ៊ីញ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ​៕