ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងបន្តនីតិវិធីស៊ើបអង្កេតឡើងវិញពាក់ព័ន្ធសំណុំរឿងបុរសម្នាក់បង្ហោះរូបអាក្រាតរបស់សង្សារខ្លួនក្រោយពេលបែកផ្លូវគ្នា ហើយបានគំរាមទារប្រាក់ ៥០០ ដុល្លារពីស្ត្រីគូស្នេហ៍ ដែលត្រូវខាងស្រីប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៨ វិច្ឆិកា នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោក គុជ គឹមឡុង អ្នកនាំពាក្យផ្នែកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ករណីជនសង្ស័យឈ្មោះ រ៉ាន់ សុគន្ធ ដែលពាក់ព័ន្ធការបង្ហោះរូបរបស់សង្សារខ្លួននោះ គឺអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងពិនិត្យលើសំណុំរឿង និងបន្តទៅស៊ើបអង្កេតឡើងវិញ ដោយសារតែរឿងរ៉ាវដែលខាងស្ត្រីរងគ្រោះចោទភាគីខាងបុរសនោះកើតឡើងរយៈពេលជាង ១ ឆ្នាំកន្លងមកហើយ។
លោក គឹមឡុង បានឲ្យដឹងទៀតថា សំណុំរឿងនេះក្រោយពីសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបញ្ជូនជនសង្ស័យ និងកំណត់ហេតុមកគឺអយ្យការបានសាកសួរជនសង្ស័យ ប៉ុន្តែជនសង្ស័យបានប្រកែកដោះសាពីការចោទប្រកាន់ពាក់ព័ន្ធការបង្ហោះរូបភាពអាក្រាតរបស់ស្ត្រីជាសង្សារនោះ។ ប៉ុន្តែ ប្រសិនបើរឿងនេះតុលាការរកឃើញថាជនសង្ស័យពិតជាប្រព្រឹត្តមែននោះទោសនេះមានលក្ខណៈស្រាលទេ ដែលប្រហែលជាជាប់ពន្ធនាគារពី ៦ ខែទៅ ១ ឆ្នាំប៉ុណ្ណោះ។
លោក គឹមឡុង ថ្លែងប្រាប់ថា៖ «រឿងនេះខាងអយ្យការពិនិត្យមើលអង្គហេតុឃើញថា មិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការចោទប្រកាន់ជននោះនៅឡើយទេ ព្រោះត្រូវស៊ើបអង្កេតបន្ថែមទៀត»។
លោក ម៉ៅ សៀត អធិការរងនគរបាល ខណ្ឌច្បារអំពៅបានប្រាប់ពីម្សិលមិញថា ជនសង្ស័យមានឈ្មោះ រ៉ាន់ សុគន្ធ អាយុ ២៣ ឆ្នាំ រីឯ នារីដែលអះអាងថា ជាជនរងគ្រោះឈ្មោះ គ.ស.ឡ អាយុ ២០ ឆ្នាំមានលំនៅ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ពាក់ព័ន្ធការចាប់ខ្លួននេះគឺជនសង្ស័យបានឆ្លើយសារភាព តែចំណុចខ្លះជនសង្ស័យឆ្លើយបដិសេធដែលចម្លើយនេះ បើប្រៀបធៀបនឹងចម្លើយរបស់នារីរងគ្រោះ។ ប៉ុន្តែបើតាមអង្គហេតុ និងចម្លើយរបស់ជនសង្ស័យ និងនារីរងគ្រោះបង្ហាញថាវាមានលក្ខណៈស៊ីចង្វាក់គ្នា។
លោក សៀត ថ្លែងប្រាប់ថា៖ «ជាធម្មតារឿងខ្លះជនសង្ស័យឆ្លើយដោះបន្ទុកទៅ ហើយក៏មានចម្លើយត្រឹមត្រូវខ្លះដែរដែលបង្ហាញពីការប្រព្រឹត្តល្មើសរបស់ជនសង្ស័យ» ។
យោងកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា ជនសង្ស័យធ្លាប់ស្រឡាញ់គ្នាជាមួយនារីរងគ្រោះពីអំឡុងឆ្នាំ ២០១៦ រហូតដល់ចុងឆ្នាំ ២០១៨។ ដោយមានទាំងថតរូប និងថតវីដេអូទុកក្នុងទូរស័ព្ទដៃផង។ ប៉ុន្តែក្រោយមកក៏មានទំនាស់គ្នា ដោយសារតែនារីរងគ្រោះសុំចែកផ្លូវគ្នាជាមួយជនសង្ស័យ។
ក្រោយពីមានទំនាស់នឹងគ្នាមក ជនសង្ស័យបានយករូបថតដែលពួកគេថតជាមួយគ្នាបង្ហោះដែលមានទាំងរូបភាព និងរូបថតវីដេអូអាសអាភាសបញ្ជូនចូលទៅទូរស័ព្ទដៃរបស់នារីរងគ្រោះជាសង្សារតាមប្រព័ន្ធ Messenger Facebook។ មិនតែប៉ុណ្ណោះជនសង្ស័យបានគំរាមនារីរងគ្រោះទារលុយចំនួន ៥០០ ដុល្លារថែមទៀត តែនារីរងគ្រោះមិនឲ្យហើយក៏រកវិធីល្បួងជនសង្ស័យដើម្បីចាប់ខ្លួន។
កំណត់ហេតុដដែលនេះបានបង្ហាញបន្តថា មុនមានការចាប់ខ្លួននេះក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមគ្រួសារទាំងសងខាងបានជួបគ្នាធ្វើកិច្ចសន្យាមិនបង្ហោះរូបថតវីដេអូអាសអាភាសទៅខាងក្រៅទេ និងឲ្យទូរស័ព្ទដៃជនសង្ស័យទៅជនរងគ្រោះលុបរូបថតវីដេអូអាសអាភាសទាំងអស់ពីក្នុងទូរស័ព្ទជនសង្ស័យ។
ប៉ុន្តែនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ៧ និង ១៥ នាទី ព្រឹកក៏មានគេផ្ញើរូបថតវីដេអូអាសអាភាសរបស់នារីរងគ្រោះតាមប្រព័ន្ធ Messenger Facebook ចូលទូរស័ព្ទដៃរបស់នាងដែលឃ្លីបវីដេអូនោះ ជនសង្ស័យបានចែកចាយបង្ហោះចូលក្នុងក្រុម (group)។
កំណត់ហេតុបង្ហាញថា ដោយសារចង់ចាប់ខ្លួនជនសង្ស័យនោះនៅវេលាម៉ោង ៦ ល្ងាចថ្ងៃដដែល នារីរងគ្រោះ និងក្រុមគ្រួសារបានណាត់ជួបជនសង្ស័យនៅវត្តនិរោធ ហើយគ្រួសាររបស់នារីរងគ្រោះបានចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ភ្នំពេញប៉ុស្តិ៍ មិនអាចរកប្រភពទាក់ទងជនរងគ្រោះ ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕