ភ្នំពេញៈ បុរសវៀតណាម ៣ នាក់ កំពុងត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តសាកសួរកាលពីម្សិលមិញបន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនដល់តុលាការកាលពីថ្ងៃទី ២៥ ខែមករា ពាក់ព័ន្ធចាប់បង្ខាំងបុរសវៀតណាមម្នាក់ជំរិតទារប្រាក់ចំនួន ៣០០ លានដុង។
បុរសវៀតណាមរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៣ ខែមករា នៅផ្ទះសំណាក់ឈ្មោះ ហេង ឡុង ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ករណីជនជាតិវៀតណាម ៣ នាក់ ដែលសមត្ថកិច្ចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញពីថ្ងៃទី ២៥ ខែមករា នោះរហូតមកដល់ថ្ងៃម្សិលមិញ អយ្យការកំពុងសាកសួរពួកគេ ប៉ុន្តែមិនទាន់ចោទប្រកាន់ទេ។ លោកបញ្ជាក់ថា៖ «ជនជាតិវៀតណាម ៣ នាក់នោះ កំពុងនៅដំណាក់កាលអយ្យការមិនទាន់បញ្ជូនទៅចៅក្រមស៊ើបសួរទេ»។
លោក វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទពីម្សិលមិញថា ករណីក្រុមសង្ស័យជាជនជាតិវៀតណាម ៣ នាក់ ដែលកម្លាំងសមត្ថកិច្ចរបស់លោកចាប់ខ្លួននោះកំពុងត្រូវអយ្យការអមសាលាដំបូងសាកសួរ។
លោកបញ្ជាក់ថា ករណីចាប់ជំរិតទារប្រាក់នេះមិនមែនជនជាតិចិនចាប់ជំរិតជនជាតិវៀតណាមនោះទេ តែជនជាតិវៀតណាមចាប់ជនជាតិវៀតណាមគ្នាឯង។
លោកបន្តថា ដើមហេតុនៃការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់នេះគឺក្រុមជនសង្ស័យបានល្បួងជនរងគ្រោះឈ្មោះ Phom Quang Dung អាយុ ៥៧ ឆ្នាំដែលជាជនជាតិវៀតណាមដូចគ្នាទៅលេងល្បែងនៅកាស៊ីណូណាហ្គា។
ក្រោយពីលេងល្បែងចាញ់ហើយត្រូវក្រុមជនសង្ស័យចាប់ជនរងគ្រោះទៅបង្ខាំងនៅក្នុងបន្ទប់នៃផ្ទះសំណាក់មួយកន្លែងដែលមានយីហោឈ្មោះ ហេងឡុង ១ ភូមិ ៤ ក្រុម ២២ ផ្លូវលេខ ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា ហើយក្រុមជនសង្ស័យបានទូរស័ព្ទទៅប្រពន្ធជនរងគ្រោះ ដើម្បីទារលុយ។ សមត្ថកិច្ចចម្រុះមិនឃើញជនរងគ្រោះមានស្លាកស្នាមអ្វីដែលជាការវាយដំនៅលើខ្លួនទេ។
លោកបន្តទៀតថា៖ «ក្រុមជនសង្ស័យគ្រាន់តែគំរាមកំហែង មិនទាន់ដល់ថ្នាក់ធ្វើទារុណកម្មទេគ្រាន់តែបង្ខាំងជនរងគ្រោះទុកទេ»។
ចំពោះមូលហេតុដែលធ្វើឲ្យសមត្ថកិច្ចរបស់លោកបង្ក្រាប និងចាប់ខ្លួនក្រុមជនសង្ស័យបាននោះគឺបន្ទាប់ពីជនសង្ស័យ ចាប់ជនរងគ្រោះបង្ខាំងហើយបានទូរស័ព្ទទៅប្រពន្ធជនរងគ្រោះនៅប្រទេសវៀតណាម។
ពេលនោះប្រពន្ធជនរងគ្រោះបានរាយការណ៍ប្រាប់អាជ្ញាធរវៀតណាម ហើយខាងអាជ្ញាធរវៀតណាមបានសុំសហការ និងជូនដំណឹងមកខាងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការ។
បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់រួចមក លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានស្នើសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិព្រមទាំងមានការសម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមកនៅវេលាថ្ងៃត្រង់ថ្ងៃទី ២៥ ខែមករា សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបនៅទីតាំងខាងលើដោយឃាត់ខ្លួនបុរសជនជាតិវៀតណាមបាន ៣ នាក់។
បើតាមលោក វិបុល ទឹកប្រាក់ដែលជនសង្ស័យជំរិតទារពីប្រពន្ធជនរងគ្រោះគឺមានចំនួន ៣០០ លានដុង។ ជនសង្ស័យបានប្រាប់ទៅប្រពន្ធជនរងគ្រោះថា ទាល់តែផ្ញើប្រាក់មកឲ្យពួកគេចំនួន ៣០០ លានដុង ទើបពួកគេព្រមដោះលែងជនរងគ្រោះឈ្មោះ Phom Quang Dung៕