បាត់ដំបងៈ អយ្យការ​អម​សាលា​ដំបូង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ កំពុង​បន្ដ​សាកសួរ​លោក ឡុង វុទ្ធី មេភូមិ​ភ្នំ​ដំបង​ក្នុង​ខេត្ដ​ប៉ៃលិន ករណី​រំលោភ​ទន្ទ្រាន​យក​ដី​តំបន់​ការពារ​ធម្មជាតិ​របស់​រដ្ឋ​ទៅ​ពុះឡូត៍​លក់​ដោយ​ខុសច្បាប់ ខណៈ​ដែល​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ថា ការចាត់ចែង​លក់ដូរ​ដី​សាធារណៈ​របស់​រដ្ឋ​នៃ​តំបន់​ការពារ​ធម្មជាតិ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​។

លោក​ ហេង លុយ អ្នក​នាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្ដ​បាត់ដំបង​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​​ថា អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​កំពុង​សាកសួរ​ជនសង្ស័យ ឡុង វុទ្ធី ក្រោយពី​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន និង​បញ្ជូនមក​កាលពី​យប់​ថ្ងៃទី​ ១៦ ខែ​កញ្ញា​។ លោក​ថ្លែងថា​៖ «​យើង​កំពុង​សាកសួរ​គាត់ (​ឡុង វុទ្ធី​) នៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​។ យើង​មិនទាន់​បញ្ចប់​ការសាកសួរ​នៅ​ឡើយ​ទេ​»​។

លោក​ កត ប៉ូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​តាម​ឃាត់ខ្លួន​លោក ឡុង វុទ្ធី បាន​កាល​ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​ ២០១៩ នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ខណ:​មេភូមិ​រូបនេះ​ទៅ​លាក់ខ្លួន​នៅឯ​ផ្ទះ​បងប្អូន​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ ឡុង វុទ្ធី ជា​មេភូមិ​ភ្នំ​ដំបង​នៅ​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន​ពេល​នេះ​តុលាការ​កំពុង​បន្ត​ស៊ើបសួរ​គាត់​ក្នុង​នោះ​ក៏មាន​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែរ​។ យើង​កំពុង​រក​ភ័ស្ថុតាង​បំពេញបន្ថែម​សម្រាប់​មុខ​សញ្ញា​អ្នកពាក់ព័ន្ធ​យើង​មាន​គ្រប់​អស់​ហើយ​»​។ លោក ប៉ូរ៉ាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​នេះ​បាន​ពាក់ព័ន្ធ​នឹង​ករណី​ល្មើសច្បាប់​មួយ​ចំនួន​ធំ​លើ​ការប្រើប្រាស់​ឯកសារ និង​ការលក់ដូរ​ដី​តំបន់​ការពារ​របស់​រដ្ឋ​។

លោក​បាន​បន្តថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែ​កញ្ញា​លោក ឡុង វុទ្ធី បាន​កែន​ពលរដ្ឋ​ជិត ១០០ ​នាក់​ដឹក​ដោយ​រថយន្ដ​ ៥ ​គ្រឿង​មក​តវ៉ា​នៅ​កន្លែង​ដី​នេះ​។ ប៉ុន្ដែ​ក្រោយ​សមត្ថកិច្ច និង​មន្ដ្រី​បរិស្ថាន​ពន្យល់​ពួកគាត់​ពី​ការទន្ទ្រាន​ដី​ដោយ​ល្មើសច្បាប់​នៅ​ទីតាំង​ខាងលើ​ពលរដ្ឋ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​មិន​មាន​ការប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ​ទេ​»​។

លោក ប៉ូរ៉ាន បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ពន្យល់​ពលរដ្ឋ​ជុំវិញ​ករណី​រំលោភ​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់​របស់​លោក ឡុង វុទ្ធី នេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការឆបោក និង​ការរំលោភ​អំណាច​ទើប​ពលរដ្ឋ​ត្រឡប់​ទៅវិញ​។

ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​ ១៧ ខែ​កញ្ញា​បាន​ជូនដំណឹង​ដល់​សាធារណជន​ថា លោក ឡុង វុទ្ធី បាន​ទន្ទ្រាន​កាន់កាប់​ខុស​ច្បាប់​ដី​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ហើយ​បាន​យក​ទៅ​រៀបចំ​ជា​ដីឡូត៍​លក់​។

ក្រសួង​បញ្ជាក់​ថា ដីឡូត៍​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី ដែល​មាន​ទំហំ​ផ្ទៃដី ៤៩៦០០ ម៉ែត្រការ៉េ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ភ្នំ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត ខេត្ត​បាត់ដំបង​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ (​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​) ដែល​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ១ ខែ​វិច្ឆិកា ឆ្នាំ​ ១៩៩៣​។

លោក​ កត ប៉ូរ៉ាន ​បាន​បញ្ជាក់ថា ដី​រដ្ឋ​ដែល​ជនសង្ស័យ​នេះ​ពុះឡូត៍​លក់ បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ដ​ប៉ៃលិន​បាន​ទិញ​អស់​ប្រមាណ ៦០ ឡូត៍​រួចហើយ ពេល​នេះ​ពលរដ្ឋ​កំពុង​ដាក់​ពាក្យ​ប្ដឹង​លោក ឡុង វុទ្ធី ទៅ​តុលាការ​ខេត្ដ​ប៉ៃលិន​ផងដែរ​។

ពាក់ព័ន្ធ​ករណី​លក់​ដី​រដ្ឋ​នេះ​ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ម្សិលមិញ​ថា យោង​តាម​ច្បាប់​ស្តីពី​តំបន់​ការពារធម្មជាតិ ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អនុញ្ញាតឱ្យ​កាប់​រានទន្ទ្រាន​កាន់កាប់ លក់ដូរ​បានឡើយ និង​មិនអាច​ស្ថិត​នៅ​ក្រោម​ការកាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ​ឡើយ​។

ក្រសួង​បញ្ជាក់ថា​៖ «​ការចាត់ចែង​លក់ដូរ​ដី​សាធារណៈ​របស់​រដ្ឋ​នៃ​តំបន់​ការពារ​ធម្មជាតិ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ និង​ត្រូវ​បាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។

ក្រសួង​បរិស្ថាន​បាន​ណែនាំ​ពលរដ្ឋ​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ទិញ​ដីឡូត៍​ខាងលើ ក៏​ដូចជា​ដីឡូត៍​ផ្សេង​ទៀត​ត្រូវ​ស្វែងយល់​នូវ​ព័ត៌មាន​សំខាន់ៗ មួយ​ចំនួន​ដូចជា ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់ទ្រព្យ​ (​តើ​ជា​របស់​អ្នក​អភិវឌ្ឍន៍​គម្រោង​ពុះ​ដីឡូត៍​លក់ ឬ​ជា​របស់​អ្នកផ្សេង​) ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​មាន​ជា​បន្ទុក​ឬ​អត់​) ​លិខិត​អនុញ្ញាត​អភិវឌ្ឍន៍​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ ឬ​អង្គភាព​មាន​សមត្ថកិច្ច (​ដូច​មាន​ចែង​ក្នុង​ប្រកាស​លេខ​ចុះ​ថ្ងៃទី​ ១១ ខែ​ ឧសភា ឆ្នាំ​ ២០១៨ ស្តីពី​ការអភិវឌ្ឍ​ដី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​) ​ឯកសារ​បង់ពន្ធ​អចលនវត្ថុ ប័ណ្ណ​បំបែក​ក្បាលដី ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យា​លក់-ទិញ​ជាដើម​៕