ភ្នំពេញៈ តុលាការ​កំពូល​បានប្រកាស​សាលដីកា​កាលពី​ម្សិលមិញ​លើ​សំណុំរឿង​ប្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ដែល​បាន​ជួញដូរ​គ្រឿងញៀន​ចំនួន​ជាង​ ១ ​គីឡូក្រាម​កាលពី​ឆ្នាំ​ ២០១១ ដោយ​តម្កល់​ទោស​ជាប់ពន្ធនាគារ​ ៣០ ​ឆ្នាំ​។

លោកស្រី គិម សត្ថាវី ចៅក្រម​ជំនុំជម្រះ​បាន​ថ្លែង​នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​កាលពី​ម្សិលមិញ​ថា ជន​ជាប់ចោទ​ឈ្មោះ​ ទូច វាសនា អាយុ​ ២៨ ​ឆ្នាំ​បាន​អវត្តមាន​មិនបាន​ចូល​ស្តាប់​ការសម្រេច​សេចក្តី​របស់​តុលាការ​ទេ​។

លោកស្រី​ថ្លែងថា សំណុំ​រឿងនេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​តម្កល់​ទោស​ ៣០ ​ឆ្នាំ​ដដែល​។ កាលពី​ថ្ងៃទី​ ៧ ​ខែ​តុលា​ដែលជា​ថ្ងៃ​បើកសវនាការ​នោះ​ត្រូវបាន​លោក​ ចាន់ តារារស្មី តំណាង​មហាអយ្យការ​បាន​លើក​សំអាង​ហេតុ​ក្នុង​សវនាការ​ថា កាលពី​បើកសវនាការ​នៅ​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ជនជាប់ចោទ​ឈ្មោះ ទូច វាសនា បាន​សារភាព​ហើយ​ជនជាប់ចោទ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​គឺ​គ្រាន់តែ​សុំ​បន្ធូរបន្ថយទោស​តែ​ប៉ុណ្ណោះ​។

ចំពោះ​វត្ថុតាង​គ្រឿងញៀន​វិញ​គឺ​សមត្ថកិច្ច​ចាប់បាន​ជាក់ស្តែង​នៅ​បន្ទប់​ផ្ទះសំណាក់​ដែល​តាមរយៈ​វត្ថុតាង​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​នៃ​ការជួញដូរ​គ្រឿងញៀន​យ៉ាងពិត​ប្រាកដ​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា កាលពី​ថ្ងៃទី​ ១៥ មីនា ឆ្នាំ​ ២០១១ សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឆ្មក់​បង្ក្រាប​ការជួញដូរ​ ១ ​ករណី​ឃាត់ខ្លួន​មនុស្ស​ ៣ ​នាក់​ និង​រត់​រួច​ម្នាក់​រឹបអូស​វត្ថុតាង​ថ្នាំញៀន ម៉ាទឹកកក​ចំនួន​ ១២ ​កញ្ចប់​ស្មើ​កន្លះ​គីឡូក្រាម​ និង​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​។ ជនជាប់ចោទ​ ទូច វាសនា និង​បក្ខពួក ជាប់គុក ម្នាក់ៗ​ ៣០ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ៥០ ​លាន​រៀល​៕