
ជនជាប់ចោទទាំង ២ នាក់ ក្នុងសំណុំរឿងឃាតកម្មទៅលើនារីកាស៊ីណូម្នាក់នៅខេត្តស្វាយរៀង កាលពីឆ្នាំ ២០១៧។ គឹម សារុំ
ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការលើសំណុំរឿងឃាតកម្មទៅលើនារីកាស៊ីណូម្នាក់នៅខេត្តស្វាយរៀង កាលពីឆ្នាំ ២០១៧ និងបាន ប្រកាសសាលដីកាដោយតម្កល់ទោសម្នាក់ៗ ១ ជីវិត។
ជនជាប់ចោទទាំង ២ នាក់ និងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទកាលពីម្សិលមិញមិនមានវត្តមាននៅក្នុងបន្ទប់សវនាការតុលាការកំពូលទេ។
លោកចៅក្រម តែ សំអាង បានអានសាលដីកាថា ឈ្មោះ ឆើយ សុជាតិ និងឈ្មោះ ផ្លេក សូនី មិនបានចូលស្តាប់ប្រកាសក្នុងសវនាការ ហេតុដូច្នេះតុលាការសូមមិនលើកពីមូលហេតុនៃការតម្កល់សាលដីកានេះមកអានជូនក្នុងសវនាការទេ។
លោក ចៅក្រម បានថ្លែងថា៖ «ដោយសារតែជនជាប់ចោទអត់បានមកខ្ញុំអានតែសេចក្តីសម្រេចទេតុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល»។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តស្វាយរៀងប្រកាសសាលក្រមនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៨ ផ្តន្ទាទោសម្នាក់ៗដាក់ពន្ធនាគារ ១ ជីវិតតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់រួមគ្នាសង ៦ ម៉ឺនដុល្លារដល់អ្នកស្រី រឿន ស្រីឡូត ជាម្តាយរបស់ជនរងគ្រោះ។ ដោយមិនសុខចិត្តនឹងសាលក្រមនេះក្រុមជនជាប់ចោទបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃទី ២០ កុម្ភៈឆ្នាំ ២០១៩ តម្កល់តាមសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងទុកជាបានការដដែល។
តាមកំណត់ហេតុសមត្ថកិច្ចបង្ហាញថាកាលពីខែសីហា ឆ្នាំ ២០១៧ នារីអាយុ ១៨ ឆ្នាំម្នាក់ជាបុគ្គលិកនៅកាស៊ីណូ Good Luck បានជួលរថយន្តជនជាប់ចោទជិះ ពេលមានឱកាសជនជាប់ចោទបានចាប់នារីរងគ្រោះច្របាច់ករហូតសន្លប់ហើយបានសម្រាតនាងរំលោភម្នាក់ម្តងៗនៅលើរថយន្តរហូតបានសម្រេច បន្ទាប់មកពួកគេទាញនាងទម្លាក់ទឹកក្នុងស្រែមុនពេលគេចខ្លួន៕