ភ្នំពេញៈ តុលាការកំពូល នៅព្រឹកថ្ងៃ ៩ ខែឧសភានេះ បានប្រកាសសាលដីកាឲ្យស្រ្តីវៀតណាមម្នាក់ជាប់គុក ៤ ឆ្នាំដដែល បន្ទាប់ពីជំនុំជម្រះប្រមាណជាកន្លះម៉ោង ពាក់ព័ន្ធជួញដូរគ្រឿងញៀន ៣០ កញ្ចប់ប្រព្រឹត្ត កាលពីឆ្នាំ ២០១៦។

លោកស្រីចៅក្រម គីម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកាចំពោះមុខស្រ្តីជាប់ចោទ បន្ទាប់ពី ថយទៅពិភាក្សាពាក្យបណ្តឹងជនជាប់ចោទថាធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់ ។

លោកស្រីថ្លែងថា៖ «ថ្វីដ្បិតតែ ជនជាប់ចោទសារភាពទទួលកំហុសនៅក្នុងសវនាការ និង សូមឲ្យតុលាការបន្ថយទោសដល់ខ្លួនក៏ពិតមែន ប៉ុន្តែ ការស្នើសុំនេះមិនស្របតាមមាត្រា ៣១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។ ដូច្នេះ តុលាការកំពូល សម្រេចតម្កល់សាលដីការបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល »។

ក្នុងពេលសវនាការស្រ្តីជាប់ចោទ ឈ្មោះ ឃុន ស្រីពៅ អាយុ ៤០ ឆ្នាំ បានឆ្លើយប្រាប់ចៅក្រមថា គាត់ពិតជាបានប្រព្រឹត្តបទល្មើសមែន ប៉ុន្តែ ដោយសារគាត់មានកូន ៣ នាក់គ្មាននរណាថែរក្សា និង មានកូនតូចអាយុជាង ១ ឆ្នាំ រស់នៅក្នុងមន្ទីរឃុំឃ្លាំងផង។ ដូច្នេះ គាត់ជួបបញ្ហាលំបាកខ្លាំងហើយណាមួយត្រូវប្តីលែងលះទៀត គាត់ស្នើឲ្យតុលាការកំពូល បន្ថយទោសដល់គាត់ដើម្បីឆាប់បានចេញទៅមើលថែរក្សាកូនៗ។

លោកព្រះរាជអាជ្ញា ឌុច គឹមសន តំណាងមហាអយ្យការសន្និដ្ឋានថា ជនជាប់ចោទបានសារភាព ហើយគាត់ក៏ត្រូវសមត្ថកិច្ចចាប់បានគ្រឿងញៀនជាក់ស្តែងដែរ។

លោកថ្លែងថា៖ «ជនជាប់ចោទបានសារភាពនៅគ្រប់ដំណាក់កាល។ដូច្នេះខ្ញុំយល់ឃើញថាសាលក្រមក៏ដូចជាសាលដីការបស់តុលាការថ្នាក់ក្រោមដែលផ្ទន្ទាទោសជនជាប់ចោទនេះមានលក្ខណៈត្រឹមត្រូវហើយសូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់ ។

តាមអង្គហេតុស្រី្តរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦នៅក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ។

គាត់ត្រូវបានតុលាការថ្នាក់ក្រោមកាត់ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ កាលពីឆ្នាំ ២០១៦ រីឯ សាលាឧទ្ធរណ៍ បានតម្កល់សាលដីកាដដែលនៅ កាលពីឆ្នាំមុន៕