ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ជំនុំជម្រះ​ជនជាតិ​ចិន​តៃវ៉ាន់ ៣ ​នាក់​ ក្នុង​ចំណោម​ ៤ ​នាក់ ​ក្នុង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ចំនួន ៩០,៩៣ ​ក្រាម​ដែល​ពួកគេ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ៨ ​ទៅ​ ១៥ ​ឆ្នាំ​។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​លោក​ចៅក្រម សាលី ធារ៉ា ​បាន​អាន​អង្គហេតុ ចំពោះ​មុខ​ជនជាប់ចោទ​ដែល​សុទ្ធតែ​ភេទ​ប្រុស​មាន​ជនជាប់ចោទ​ឈ្មោះ ១- Lin tonghun អាយុ​ ៤៣ ​ឆ្នាំ ទី២- Lor che song អាយុ​ ៦៧ ​ឆ្នាំ ទី៣- Chav mucheNhg អាយុ​ ៥០ ​ឆ្នាំ និង​ទី៤-​ Kor chang heng ពួកគេ​កើត​ និង​រស់នៅ​កោះ​តៃវ៉ាន់​មុនពេល​ចាប់ខ្លួន​។

លោក​ចៅក្រម​អាន​អង្គហេតុ​បន្តថា កាលពី​ថ្ងៃទី​ ១៧ ​ខែ​ កញ្ញា ឆ្នាំ ២០១៥ នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​បុរស​ជនជាតិ​ចិនតៃវ៉ាន់​ ៤ ​នាក់​ នៅ​ផ្ទះ​លេខ ៦៣ BC ផ្លូវ​លេខ​ ៤៥០ ​សង្កាត់​ទួល​ទំពួង​ ២ ខណ្ឌចំការមន និង​ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​បាន​ ៤ ​នាក់ និង​ឆែកឆេរ​ក្នុង​បន្ទប់​នៃ​ផ្ទះ​នោះ​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ម្សៅ​ពណ៌​ស​ថ្លា ទម្ងន់ ៩០,៩៣ ​ក្រាម និង​ម្សៅ​ម៉ដ្ឋ​ពណ៌​ស​ថ្លា ជា​ប្រភេទ​ហេរ៉ូអ៊ីន​ទម្ងន់ ៦,៣២ ​ក្រាម និង​កាំភ្លើង​ខ្លីម៉ាក K59 មួយ​ដើម​ផង​។

សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៦ ខែ​កក្កដា ឆ្នាំ​ ២០១៧ សម្រេច​ផ្ដន្ទាទោស Lin tonghun ដាក់ពន្ធនាគារ​ ៩ ​ឆ្នាំ​ពិន័យ​ប្រាក់​ ១៨ ​លាន​រៀល​ចូល​ថវិការដ្ឋ​ចោទ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទកាន់កាប់​អាវុធ​ខុសច្បាប់​។ ទី​២-Lor che song អាយុ​ ៦៩ ​ឆ្នាំ​,​ទី​ ៣-Chav mucheNhg និង Kor chang heng ដាក់ពន្ធនាគារ​ម្នាក់ៗ​ ៨ ​ឆ្នាំ ពិន័យ​ម្នាក់ៗ​ ១៥ ​លាន​រៀល​ ចូល​ថវិការដ្ឋ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ សំណុំ​រឿងនេះ​ត្រូវ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​ ២ ខែ​មេសា ឆ្នាំ​ ២០១៩ ​សម្រេច​តម្កល់​សាលក្រម​នៅ​ដដែល​។ ប៉ុន្តែ​មាន​ជនជាប់ចោទ​តែ​ ៣ ​នាក់​ទេ​ដែល​ប្តឹង​សារទុក្ខ​ទៅ​កំពូល​ចំណែក​ Lin tonghun មិនបាន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទេ​។

ជនជាប់ចោទ Chav muc-heNhg បាន​ឆ្លើយ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ថា លោក​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ដោយសារ​តែ​មិន​សុខ​ចិត្ត​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ព្រោះថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះទេ​។ ព្រោះ​នៅ​ថ្ងៃ​កើតហេតុ​លោក​បាន​ទៅលេង​ផ្ទះ​របស់​ឈ្មោះ Lin tonghun និង​អង្គុយ​ផឹក​ទឹកតែ​បាន​បន្តិច​ស្រាប់តែ​សមត្ថកិច្ច​ចូលក្នុង​ផ្ទះ​មកឃាត់​ខ្លួន​តែម្តង​។

លោក Chav mucheNhg ថា​៖ «​ខ្ញុំ​មិនបាន​ជួញដូរ​គ្រឿងញៀន​ទេ ហើយ​ខ្ញុំ​ស្នើសុំ​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

ដោយឡែក លោក Lor che song និយាយ​ប្រាប់​ចៅក្រម​ថា ការដែល​តុលាការ​ថ្នាក់ក្រោម​ចោទ និង​ឃុំខ្លួន​លោក​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ហើយ​កាលពី​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​លោក​បាន​សុំ​ដក​ពាក្យបណ្តឹង​ទាស់​វិញ​ ព្រោះ​មន្ត្រី​ពន្ធនាគារ​ប្រាប់​លោក​ថា បើ​លោក​ដក​បណ្តឹង​នៅ​សាលាឧទ្ធរណ៍ គឺ​តុលាការ​នឹង​បញ្ជូន​លោក​ឲ្យ​ទៅ​ជាប់ពន្ធនាគារ​នៅ​កោះ​តៃវ៉ាន់​វិញ ដូច្នេះ​លោក​ក៏​សុំ​សាលាឧទ្ធរណ៍​ដក​ពាក្យបណ្តឹង​វិញ​ទៅ​។ ​«​តែ​យ៉ាងណា​សូម​តុលាការ​ដោះលែង​ខ្ញុំ​វិញ​ផង​»​។

លោក នៅ មុនីជោត តំណាង​មហាអយ្យការ សន្និដ្ឋាន​ថា​ពាក់ព័ន្ធ​ជនជាប់ចោទ​ឈ្មោះ Lor che song និង ឈ្មោះ Chav mucheNhg តាម​ដែល​លោក​ពិនិត្យ​មើលឃើញ​ថា ពួកគាត់​មិនទាន់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អង្គហេតុ​ទេ ហើយ​តុលាការ​ថ្នាក់ក្រោម​ក៏​មិន​បាន​លើក​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ពួកគាត់​ដែរ​។ «​ដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ គប្បី​ពិនិត្យ​អង្គហេតុ និង​ពិចារណា​តាម​ច្បាប់​»​។

ក្រោយ​ជំនុំជម្រះ​ប្រមាណ​ជា​ ១ ​ម៉ោង​លោក​ចៅក្រម និល ណុល ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ៩ ​មិនា​៕