ភ្នំពេញៈ មេធាវី​ការពារ​ជន​ជាប់​ចោទ​ម្នាក់ បាន​ប្រាប់​ចៅក្រម​តុលាការ​កំពូល កាល​ពី​ម្សិលមិញ​ថា នគរបាល​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ម្នាក់​បាន​ក្លែង​ឯកសារ​ឲ្យ​តុលាការ​សម្រេច​កំបាំង​មុខ​ឃុំ​ខ្លួន​កូនក្តី​លោក ៥ ឆ្នាំ ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ២៤ ថង់​តូច​ប្រព្រឹត្ត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​រូប​នោះ​ច្រាន​ចោល​ចំពោះ​ការ​ចោទ​នេះ។

នៅក្នុង​សវនាការ​ជំនុំជម្រះ​កាលពី​ម្សិលមិញ ខណៈ​អ​វត្តមាន​ជន​ជាប់​ចោទ​ឈ្មោះ ម៉េង រតនៈ អាយុ ៣៣ ឆ្នាំ (គេច​ខ្លួន) នោះ លោក ជូង ជូងី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​បាន​ប្រាប់​ចៅក្រម​ក្នុង​សវនាការ​ថា កូន​ក្តី​លោក បាន​ជ្រុះ​បាត់​អត្ត​សញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រះប្រសព្វ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា​ឆ្នាំ ២០១៥ ប៉ុន្តែ​ខាង​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើ​ពាក្យ​បណ្តឹង​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០១២ ឈ្មោះ​ម៉េង រតនៈ បាន​ជ្រុះ​បាត់​អត្ត​សញ្ញាណ​ប័ណ្ណ។ លុះ​ប្តឹង​បាន ២ ខែ ពោល​គឺ​នៅ​ថ្ងៃទី ១៨ ខែ​មិថុនា ឆ្នាំ ២០១៥ ទើប​កើត​មាន​ករណី​ចាប់​គ្រឿង​ញៀន ដូច្នេះ​កូនក្តី​លោក​ត្រូវ​បាន​អាជ្ញាធរ​ទទួល​ដឹង​ឮ​តាំង​ពីថ្ងៃ​ប្តឹង​នោះ​មក​ម្ល៉េះ​ដែល​បញ្ជាក់​ថា គាត់​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ទេ ប៉ុន្តែ​ក្នុង​សំណុំ​រឿង​នេះ​បែរ​ជា​មាន​ភ្ជាប់​អត្ត​សញ្ញាណ​ប័ណ្ណ ឈ្មោះ ម៉េង រតនៈ ដែល​បាត់​នោះ​បញ្ជូន​ទៅ​តុលាការ​វិញ។

លោក​សន្និដ្ឋាន ប្រាប់​ចៅក្រម​ថា៖ «តាមរយៈ​ពាក្យបណ្តឹងនេះ កូនក្តី​ខ្ញុំ​មិន​បាន​ប្រើប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​នោះ​ទៀត​ទេ។ ប៉ុន្តែ​លោក អ៊ីវ ភារិទ្ធ នាយ​ការិយាល័យ​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​មិន​ដឹង​ជា​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​កូនក្តី​លោក​ពី​ណាយ​កមក​ធ្វើ​ជា​ភ័ស្តុតាង​រួច​កសាង​សំណុំ​រឿង​ចោទ​កូនក្តី​ខ្ញុំ​ទៅ​វិញ។​គាត់​យក​អត្ត​សញ្ញាណ​ប័ណ្ណ​កូពី​របស់​កូនក្តី​ខ្ញុំ​ដាក់​ចូល​ក្នុង​សំណុំ​រឿង​ធ្វើជា​ភ័ស្តុតាង​ក្លែង ហើយ​រៀបចំ​ចម្លើយ​ឲ្យ​សាក្សី​ឆ្លើយ​ដាក់​កូនក្តី​ខ្ញុំ​ដោយ​អ​សុទ្ធ​ចិត្ត​ថា ជា​មេ​ជួញដូរ​គ្រឿង​ញៀន។ខ្ញុំ​សុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​កូនក្ដី​ខ្ញុំ»។

យ៉ាងណាក្ដី លោក​ព្រះរាជអាជ្ញា ច័ន្ទ​តារា រស្មី តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា តាមរយៈ​អង្គហេតុ​លោក​យល់​ថា៖ «មក​ទល់​ពេល​នេះ​គ្មាន​នគរបាល​ណា​ម្នាក់​ឆ្លើយ​ថា ការ​កសាង​កំណត់​ហេតុ​ពាក់ព័ន្ធ​សំណុំ​រឿង​គ្រឿង​ញៀន​នេះ​ខុស​បច្ចេកទេស​ទេ ហើយ​ម្យ៉ាង​សាក្សី​ថា​ជន​ជាប់​ចោទ​ជា​ម្ចាស់​គ្រឿង​ញៀន។ដូច្នេះ​ខ្ញុំ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ»។

ដោយឡែក លោក​វរសេនីយ៍ទោ អ៊ី​វ ភា​រិ​ទ្ធ នាយ​កា​រិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជ​ធានី​ភ្នំពេញ​ដែល​រង​ការ​ចោទ​ប្រកាន់​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា ៖ «ធម្មតា​មេធាវី បងគួរ​ពិចារណា​ហើយ​រឿង​ហ្នឹង ដើម្បី​ដោះ​បន្ទុក​កូន​ក្តី ហើយ​ធម្មតា​សមត្ថកិច្ច​យើង​ខ្ញុំ​កាល​ណា​ចាប់​បើ​មិន​មាន​ភ័ស្តុតាង​ច្បាស់​លាស់​គឺ​អត់​ចាប់​អត់​ឃាត់​ទេ។ ធម្មតា​មេធាវី​ទទួល​សេវា​គេ​គឺ​តែង​តែ​អ៊ីចឹង​ហើយ តែ​គ្រាន់​តែ​ថា​ស្រុក​ខ្មែរ​យើង​ដូចជា​អស់​ហើយ​អា​បញ្ហា​ក្លែង​សក្ខីកម្ម​ក្លែង​នេះ ក្លែង​នោះ ដូចជា​ហួស​ពេល​ហើយ ហើយ​ខ្ញុំ​ក៏​មិន​ដែល​មាន​ទំនាស់​ជាមួយ​លោក រតនៈ នោះ​ដែរ។ បើ​ខ្ញុំ​មាន​ទំនាស់​ជាមួយ​គាត់​ទើប​ថា​ខ្ញុំ​ក្លែង​ឯកសារ​តែ​ខ្ញុំ​មិន​ដែល​មានទំនាស់​អី​ផង។ គាត់ [មេធាវី] ចោទ​ប្រកាន់​មក​លើ​សមត្ថកិច្ច​ដែល​រាជ​រដ្ឋាភិបាល​បង្កើត​មក​ដោយ​ស្រប​ច្បាប់»។

តាម​កំណត់ហេតុ​តុលាការ​បង្ហាញថា កាលពី​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៥ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​ស្ពាន​ឈើ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បាន​ឃាត់​ខ្លួន​មនុស្ស ៥ នាក់ ប៉ុន្តែ​ក្នុង​នោះ​គ្មាន​ជន​ជាប់​ចោទ​ឈ្មោះ ម៉េង រតនៈ​ទេ។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​រក​ឃើញ​គ្រឿង​ញៀន ២៤ កញ្ចប់​តូច។

កំណត់ហេតុ​បង្ហាញ​ដែរ​ថា ដោយយោង​សាក្សី​បំភ្លឺថា ឈ្មោះ​ម៉េង រតនៈ ជា​ម្ចាស់​ស្នាក់​នៅ​បន្ទប់​ជួល (ទីតាំង​ចាប់​បាន​គ្រឿង​ញៀន) និង​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ឈ្មោះ ម៉េង រតនៈ ផង ក៏ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី ១៣ ខែ​មិថុនា ឆ្នាំ ២០១៦ សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ ម៉េង រតនៈ ដាក់​ពន្ធនាគារ ៥ ឆ្នាំ​និង​ពិន័យ​ប្រាក់ ១០ លាន​រៀល​ចោទ​បទ​ជួញដូរ និង​សម្រួល​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​តាម​មាត្រា ៤០ និង​មាត្រា ៤៤ នៃ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។ ចំណែក​មនុស្ស ៥ នាក់​ទៀត ត្រូវ​តុលាការ​ចោទ​ពី​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ផ្តន្ទា​ទោស​ម្នាក់ៗ​ក្រោម ៤ ឆ្នាំ។

ក្រោយ​ជំនុំជម្រះ លោក ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាល​ដីកា​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ២៨ ខែ​មករា ខាង​មុខ​នេះ៕