ភ្នំពេញៈ សំណុំរឿងលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ អតីតអភិបាលនិងស្នងការរងខេត្តតាកែវដែលសង្ស័យថា ជាប់ពាក់ព័ន្ធអំពើឃាតកម្មសម្លាប់ស្រីកំណាន់ឈ្មោះ អ្នកនាង ចេវ សុវឌ្ឍនា កាលពីម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកមកជំនុំជម្រះជាលើកទី៦ បន្តពីសវនាការមុន ខណៈគ្រូពេទ្យជំនាញកោសល្យវិច័យអះអាងថា ស្លាកស្នាមលើសាកសព នាង ចេវ សុវឌ្ឍនា មិនមែនជាអំពើឃាតកម្មនោះទេ។
នៅក្នុងការពិភាក្សាសួរដេញដោលកាលពីព្រឹកម្សិលមិញដែលមានសមាសភាពចៅក្រម ៣ រូប ដោយមានលោកចៅក្រម ហម ម៉េងសែ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ប្លង់ សុផល ជាតំណាងអយ្យការ ហើយក៏មានវត្តមានរបស់លោក ឡាយ វណ្ណៈ លោក ឡាយ ណារិទ្ធ រួមឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ជាអ្នកបើករថយន្តឲ្យលោក ឡាយ វណ្ណៈ ផងនោះ អ្នកស្រី អ៊ុក ចាន់ណា ជាម្ចាស់ផ្ទះជួលឲ្យលោក ឡាយ វណ្ណៈ ហើយដែលត្រូវតុលាការយកជាសាក្សីដែរនោះបានឆ្លើយប្រាប់ចៅក្រមថា ការស្លាប់របស់អ្នកនាង ចេវ សុវឌ្ឍនា នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៦ នោះគឺអ្នកស្រីមិនបានដឹងហើយក៏មិនបានឃើញសាកសពដែរ ប៉ុន្តែអ្នកស្រីឮប្តីរបស់អ្នកស្រីនិយាយប្រាប់ពីការស្លាប់របស់នាង ចេវ សុវឌ្ឍនា។
អ្នកស្រីថា៖ «ចំរឹងរីដូនិងខ្សែរីដូបង្អួចដែលអ្នកស្រី ចេវ សុវឌ្ឍនា ចងកនោះមិនអាចដាច់ឬបាក់បានទេ ព្រោះជាប់ណាស់ហើយខ្ញុំទើបតែដឹងថា នាងជាប្រពន្ធចុងរបស់លោក វណ្ណៈ ពេលនាងស្លាប់ដែរទេ»។
ជាសាក្សីម្នាក់ដែរនោះអ្នកស្រី ស៊ូ សុជាតា ជាភរិយារបស់លោក ឡាយ វណ្ណៈ បានឡើងឆ្លើយប្រាប់ចៅក្រមថា អ្នកស្រីបានរៀបការជាប្តីប្រពន្ធជាមួយលោក ឡាយ វណ្ណៈ មានកូន ៣ នាក់។ ពាក់ព័ន្ធនឹងស្រ្តីកំណាន់នេះ គឺអ្នកស្រីបានដឹងហើយបាននិយាយប្រាប់ប្តីថា រវាងអ្នកនាង និងស្រីកំណាន់គួរជ្រើសរើសយកមួយណា ហើយពេលនោះអ្នកនាងបានយកកាំភ្លើងរបស់លោក វណ្ណៈ ភ្ជង់ក្បាលខ្លួនឯងផង។
អ្នកស្រី សុជាតា ថ្លែងថា៖ «ខ្ញុំដឹងថា នៅយប់ថ្ងៃទី ២៦ នោះប្តីរបស់ខ្ញុំមកភ្នំពេញហើយប្រាប់ខ្ញុំថានាង ចេវ សុវឌ្ឍនា ស្លាប់ ហើយហើយគាត់ក៏បើកឡានត្រឡប់ទៅតាកែវវិញ រឿងអ្វីទៀតខ្ញុំមិនដឹងទេ»។
ដោយឡែកក្នុងរបាយការណ៍មួយរបស់ក្រសួងមហាផ្ទៃដែលបានធ្វើកោសល្យវិច័យក្រោយនាង ចេវ សុវឌ្ឍនា ស្លាប់ បាន ៣ ខែនោះបានបញ្ជាក់ថា ស្ថានភាពនៅកន្លែងកើតហេតុមិនប្រក្រតីខណៈមន្រ្តីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃបានឆ្លើយបំភ្លឺប្រាប់ចៅក្រមពីម្សិលមិញដែរថា៖ «ខ្ញុំគ្មានអ្វីកែប្រែនឹងរបាយការណ៍ធ្វើកោសល្យវិច័យរបស់ខ្ញុំទេ ហើយខ្ញុំអង្កេតឃើញថា នៅកន្លែងកើតហេតុមានលក្ខណៈមិនប្រក្រតី»។
លោក មាស តេន ប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏ឡើងបំភ្លឺដល់ចៅក្រមដែរថា នៅយប់ថ្ងៃកើតហេតុនោះលោកបានធ្វើកោសល្យវិច័យលើសាកសពអ្នកនាង ចេវ សុវឌ្ឍនា ហើយវាយតម្លៃក្នុងសេចក្តីសន្និដ្ឋានថាសាកសពបានយកដៃមួយកាន់ខ្សែក្រោមចង្កា ហើយពេលដែលគាត់ត្រដរខ្យល់គាត់នៅមានស្មារតីយកដៃម្ខាងទៀតកាន់ខ្សែរីដូក្នុងបំណងណាមួយដូច្នេះឃើញថា ដៃរបស់សាកសពក្តាប់ដែលលក្ខណៈបែបនេះជាការចងកសម្លាប់ខ្លួន។
លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន មកពីមន្ទីរពេទ្យសម្ភពក្រុងភ្នំពេញហើយមានជំនាញខាងកោសល្យវិច័យលើសាកសពជាង ៣០០ សាកសពមកហើយនោះ បានប្រាប់ចៅក្រមនៅក្នុងបន្ទប់ជំនុំជម្រះផងដែរថា លក្ខណៈសាកសពមនុស្សដែលស្លាប់ដោយសារចងកគឺ ៨០ ភាគរយ ហូរទឹកសំបោរហើយសាកសពនាង ចេវ សុវឌ្ឍនា មានហៀរសំបោរ។ ឯសាកសពគេសម្លាប់វិញមានលក្ខណៈស្វាយចុងដៃចុងជើងដោយសារខ្វះខ្យល់អុកស៊ីហ៊្សែនក្នុងឈាម។
ក្រោយមានការបញ្ជាក់ពីគ្រូពេទ្យជំនាញ និងជុំវិញការសាកសួរដេញដោលលើសាក្សីអស់ហើយនោះលោកចៅក្រម ហម ម៉េងសែ បានថ្លែងប្រាប់ក្នុងអង្គសវនាការថា ការជំនុំជម្រះបញ្ចប់នឹងធ្វើនៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩ ទៀត៕