កណ្ដាល៖ អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល កំពុង​សាកសួរ​មន្រ្តី​យោធា​ម្នាក់ និង​មនុស្ស​ប្រុស​ស្រី ២ នាក់​ទៀត​ ពាក់ព័ន្ធ​នឹង​ករណី​បើក​រថយន្ត​ឆ្លង​កាត់​គោលដៅ​បំពាន​បម្រាម​បិទ​ខ្ទប់​ប្រព្រឹត្ត​នៅ​មហាវិថី​សម្តេច​ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី ២៤ មេសា នៅ​ភូមិសាស្រ្ត​សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

លោក​វរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី ២៥ មេសា​នេះ​ថា ជនសង្ស័យ​ទី១-ឈ្មោះ គឹម ពិសិដ្ឋ អាយុ ៣៣ ឆ្នាំ ជា​យោធា​បម្រើ​ការ​នៅ​នាយកដ្ឋាន​វិស្វកម្ម, ទី២-ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ ៤២ ឆ្នាំ និង ទី៣-ឈ្មោះ ណី ប៊ុនធឿន ជា​គ្រូ​ចិន​សែ។

លោក​ប្រាប់​ថា៖ «ជន​សង្ស័យ​ប្រុសស្រី ៣ នាក់ ដែល​មាន​ម្នាក់​ជា​មន្រ្តី​យោធា​កំពុង​ត្រូវ​ព្រះរាជអាជ្ញា​សាកសួរ​មិន​ទាន់​ចប់​ទេ។ ពួក​គាត់​បំពាន​នឹង​បម្រាម​បិទ​ខ្ទប់»។

លោក​បាន​រំឭក​ប្រាប់​ថា កាល​ពី​វេលា​ម៉ោង​ជាង ៩ យប់​ថ្ងៃទី ២៤ មេសា ខណៈ​សមត្ថកិច្ច​ចម្រុះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល កំពុង​យាម​ប្រចាំ​ការ​នៅ​គោលដៅ​ផ្លូវ ១១៥ ជិត​ស្តុប ៦០ ម៉ែត្រ (មហាវិថី​សម្តេច ហ៊ុន សែន) ក្នុង​ការ​បិទ​ខ្ទប់​មិន​ឲ្យ​មាន​សកម្មភាព​ចេញ-ចូល រវាង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ក៏​ស្រាប់​តែ​ឃើញ​មនុស្ស ៣ នាក់ ជិះ​ក្នុង​រថយន្ត​បម្រុង​ឆ្លង​កាត់​គោលដៅ​ក្នុង​ស្ថានភាព​ស្រវឹងស្រា។

លោក​បាន​បន្ត​ថា ខណៈ​នោះ គឺ​មាន​ឈ្មោះ គឹម ពិសិដ្ឋ ជា​អ្នក​បើក​រថយន្ត ហើយ​ឃើញ​ដូច​នោះ​សមត្ថកិច្ច​ក៏​បាន​ឃាត់​រថយន្ត ដើម្បី​សាកសួរ​តែ​ជន​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​មន្រ្តី​យោធា​ហាក់​មិន​គោរព​សមត្ថកិច្ច​ឡើយ។ ពេល​នោះ​ដោយ​ឃើញ​ពួក​គេ​ល្មើស​នឹង​បម្រាម​ផង​នោះ កម្លាំង​សមត្ថកិច្ច​ដែល​យាម​នៅ​គោលដៅ​នោះ​ក៏​បាន​ឃាត់​ខ្លួន​តែ​ម្តង​ទៅ៕