កំពង់ឆ្នាំងៈ មន្ត្រី​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា តុលាការ​នៅតែ​បន្ត​នីតិវិធី​លើ​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ដែល​បាន​ប្ដឹង​ «​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​» ​ម្នាក់​រួមទាំង​គូកន​ពី​បទបង្ខាំង​មនុស្ស និង​ជំរិត​ទារប្រាក់​ចំនួន​ ៥ ​ពាន់​ដុល្លារ បើទោះបី​ជា​ដើមបណ្តឹង​បាន​សម្រេច​ឈប់​ប្ដឹង​ក្រោយពី​ជនជាប់ចោទ​បាន​ផ្តល់ប្រាក់​ទាំងអស់​ឱ្យ​ជនរងគ្រោះ​វិញ​ក្តី​។

លោក​ ឈុន ឈីវជាតិ ​ជាដើម​បណ្ដឹង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា កាលពី​ថ្ងៃទី​ ២៦ ខែ​តុលា លោក លុន ឡន ហៅ​ ឡុង បាន​យកលុយ​ទាំង ៥ ពាន់​ដុល្លារ​មក​ប្រគល់​ឱ្យ​លោក​វិញ ដើម្បី​ជា​ថ្នូរ​ឱ្យ​លោក​ដក​ពាក្យបណ្ដឹង​ដែល​បាន​ប្ដឹង​ឈ្មោះ លឹម ហាក់ មន្ត្រី​កងរាជ​អាវុធហត្ថ​ឈ្មោះ លុន ឡន និង​គូកន​។

លោក​ថា​ លោក​បានសម្រេច​ដក​ពាក្យបណ្ដឹង​តាម​កិច្ចសន្យា​។ លោក​ថា​៖ «​ថ្ងៃ​មុន តុលាការ​បាន​ហៅ​ខ្ញុំ​ទៅ​ដែរ ហើយ​តុលាការ​ថា ការដក​ពាក្យបណ្ដឹង​គឺ​រឿង​របស់​ខ្ញុំ​។ ប៉ុន្តែ​រឿង​ព្រហ្មទណ្ឌ​ចាត់ចែង​តាមផ្លូវ​ច្បាប់ គឺជា​រឿង​របស់​តុលាការ ហើយ​តុលាការ​គេ​បញ្ជាក់​ទៀត​ថា​នឹង​ស៊ើបអង្កេត​បន្តទៀត ប្រសិន​បើ​ពាក់ព័ន្ធ​នឹង​រឿង​បទល្មើស​ព្រហ្មទណ្ឌ​មែន​»​។

ជាមួយ​គ្នា​នេះ​លោក ឈួន ស៊ីវិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ថ្លែង​ថា​លោក លឹម ហាក់ រួមទាំង​បក្ខពួក​បាន​ជាប់​បណ្ដឹង​ចំនួន​ ២ ​គឺ​បណ្ដឹងរដ្ឋប្បវេណី និង​បណ្ដឹងអាជ្ញា​។ លោក​ថា ថ្វី​ដ្បិត​លោក ឈុន ឈីវជាតិ ទទួល​បាន​សំណង​រដ្ឋប្បវេណី​វិញ​ក្ដី ប៉ុន្តែ​លោក លឹម ហាក់ និង​បក្ខពួក​នៅ​តែ​ជាប់​បណ្ដឹងអាជ្ញា​ដែល​តម្រូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​ទៅមុខទៀត​។

លោក​ថា​៖ «​គាត់​សងអា ៥ ​ពាន់​ហ្នឹងហើយ វា​រួច​ពី​បណ្ដឹងរដ្ឋប្បវេណី ប៉ុន្តែ​គាត់​នៅជាប់​បណ្ដឹងអាជ្ញា​។ ឥឡូវនេះ​សំណុំ​រឿង​ហ្នឹង​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ព្រះរាជអាជ្ញា​ចាត់ការ​នៅ​ឡើយ​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​បានទេ​ដោយសារ​ទូរស័ព្ទ​លោក​មិន​មាន​អ្នកទទួល​។

កាលពី​ថ្ងៃទី​ ១០ ខែ​តុលា​ លោក ឈុន ឈីវជាតិ បានដាក់​ពាក្យ​ប្ដឹង​ឈ្មោះ លុន ឡន និង​ឈ្មោះ លឹម ហាក់ ​ដែល​ជា​ «​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​» ​និង​គូកន ទៅកាន់​​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ពី​បទ​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ និង​ជំរិត​ទារប្រាក់​។

លោក ឈីវជាតិ បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្ដឹង​នោះ​ថា​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា មាន​មន្ត្រី​ប៉េអឹម​ពីរ​នាក់ បាន​ចុះ​មក​ឃាត់​រថយន្ត​របស់​លោក​យក​ទៅ​ដាក់​នៅ​សាលាក្រុង​កំពង់ឆ្នាំង ខណៈ​លោក​កំពុង​បើកបរ​រថយន្ត​តែម្នាក់ឯង​ដើម្បី​ទៅ​ចាក់​សាំង​។

លោក​បន្តថា ក្រោយមក​លោក​បាន​ជួប​ជាមួយ​លោក លឹម ហាក់ ហើយ​មន្ត្រី​កងរាជអាវុធហត្ថ​រូបនេះ​បាន​ប្រាប់​ថា មេ​របស់​ខ្លួន​បាន​បញ្ជា​ឱ្យ​យក​រថយន្ត​នោះ​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​ថែមទាំង​បាន​ចាប់​ឃុំឃាំង​លោក​នៅ​ទីនោះ​។

ក្នុង​ពាក្យបណ្ដឹង​បន្តថា បន្ទាប់​មក​លោក លឹម ហាក់ ប្រាប់​ទៀត​ថា​គាត់​បាន​រាយការណ៍​ទៅកាន់​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឱ្យ​ឃាត់​រថយន្ត និង​អ្នកបើកបរ​ពី​បទប្រើប្រាស់​ឡាន​អត់​ពន្ធ​។ លោក លឹម ហាក់ បាន​ឱ្យ​លោក ឈុន ឈីវជាតិ រកលុយ​ចំនួន ៥ ​ពាន់​ដុល្លារ ប្រសិន​បើ​ចង់​ពឹងពាក់​ខ្លួន​ឱ្យ​ជួយ​អន្តរាគមន៍ ដើម្បី​រួចខ្លួន​ពី​ការឃុំឃាំង និង​បាន​​រថយន្ត​ទៅវិញ​។

ពាក្យបណ្ដឹង​សរសេរ​ថា​ «​គេ​បន្ត​ឃុំខ្លួន​ខ្ញុំ​ (​ចាប់ពី​ម៉ោង​ ១២) ​រហូត​ដល់​ម៉ោង​ ៤ ​រសៀល​។ គ្រួសារ​បាន​ទាក់ទង​មក​ខ្ញុំ​ដោយ​និយាយ​ថា គាត់​ខ្ចី​គេ​បានតែ ៣ ៥០០ ​ដុល្លារ​ទេ​ ដោយ​យកប្រាក់​នេះ​ឱ្យ​ឈ្មោះ លុន ឡន ហៅ​ ឡុង ជា​អ្នក​យកលុយ​នោះ​ទៅ​ឱ្យ​ឈ្មោះ​ លឹម ហាក់ តែ​ឈ្មោះ លឹម ហាក់​មិន​ព្រម​ទេ​គឺ​ត្រូវការ ៥ ​ពាន់​ដុល្លារ​។ រហូតដល់​ម៉ោង​ ៨ ​យប់ គ្រួសារ​ខ្ញុំ​បាន​ខ្ចីប្រាក់​គេ​គ្រប់​ចំនួន និង​បាន​យក​មក​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ​នេះ​ហើយ​ពួកគេ​បានឱ្យ​ខ្ញូំ​ធ្វើ​កិច្ចសន្យា​នឹងមិន​ប្រើប្រាស់​រថយន្ត​អត់​ពន្ធ​ទៀត​ និង​បាន​ដោះលែង​ខ្ញុំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​»​។

លោក ឈុន ឈីវជាតិ បញ្ជាក់​ក្នុង​ពាក្យបណ្ដឹង​នោះ​ទៀតថា លោក​បាន​ថត​ជា​វីដេអូ​ទុក​ជា​ភ័ស្ដុតាង​អំពី​សកម្មភាព​គំរាម​ទារលុយ​លោក​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​នេះ​។

ទោះជា​យ៉ាងណា​កាលពី​ថ្ងៃទី​ ៩ ខែ​តុលា អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា លោក សៅ សុខា បាន​បញ្ជា​ឱ្យ​ស្វែងរក​ការពិត​ជុំវិញ​ករណីនេះ និង​បាន​បញ្ជាក់ថា បុគ្គល​ឈ្មោះ​លុន ឡន មិនមែន​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ឡើយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​សរសេរ​ថា​៖ «​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឱ្យ​មានការ​ត្រួតពិនិត្យ​រាល់​កិច្ចការរដ្ឋបាល ការបំពេញ​តួនាទី ភារកិច្ច​របស់​កងរាជ​អាវុធហត្ថ​គ្រប់ពេលវេលា​ដូចជា​ករណី​ខាងលើ​នេះ និង​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​រកឱ្យ​ឃើញ​ការពិត​»​។

កាលពី​ថ្ងៃ​ធុធ​លោក សាក់ សារ៉ាង មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​យ៉ាងខ្លី​ថា អ្នក​ជំរិត​ទារប្រាក់​ ៥​ ​ពាន់​ដុល្លារ​នោះ ​គឺ​មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ឡើយ​។ លោក​បាន​ថ្លែងថា​៖ «​គេ​ចេញ​លិខិត​បដិសេធ​ហើយ​ថា អា​អ្នក​ទទួល​លុយ​ហ្នឹង មិនមែន​កងរាជអាវុធហត្ថ​ខ្ញុំ​ទេ លោក​ឯង​ម៉េច​មិន​មើល​»​។

ជាមួយ​គ្នា​នេះ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ក៏បាន​បញ្ជាក់​យ៉ាង​ខ្លី​ដែរ​ថា បុគ្គល​ដែល​ជំរិត​ទារលុយ​គឺ​មិនមែន​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ឡើយ​ប៉ុន្តែ​លោក​ថា ករណី​នេះ​គឺ​កំពុង​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​កងរាជអាវុធហត្ថ​នៅឡើយ​។ លោក​ថា​៖ «​មិនបាច់​បញ្ជាក់​ (​ច្រើន​) ​ទេ គ្រាន់តែ​ដឹងថា អាវុធហត្ថ​កំពុង​ត្រួតពិនិត្យ​»​។

យ៉ាងណាក្តី​លោក ឈីវជាតិ បញ្ជាក់​ថា​ថ្វីដ្បិត​លោក​ឈប់​ប្ដឹងផ្ដល់​ក្ដី ប៉ុន្តែ​អ្វីដែល​លោក​បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្ដឹង​ដែល​លោក​ដាក់​ទៅ​តុលាការ គឺ​សុទ្ធតែ​ជា​ការពិត​ទាំងអស់ ហើយ​ថែម​ទាំង​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ទៀត​ផង​។

លោក​ សំ ចាន់គា អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​កំពង់ឆ្នាំង​បាន​លើកឡើង​ថា ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ គឺ​មិន​អាច​រួចផុត​ពី​ផ្លូវច្បាប់​ដោយសារ​តែ​ការចរចា​ផ្ដល់​សំណង​រដ្ឋប្បវេណី​ឡើយ​។ លោក​ថា​៖ «​អ្នកឯង​បាន​ប្រព្រឹត្ត​រួចហើយ ហើយ​ក្រោយមក មក​សុំ​ទោស និង​បង្វិល​វត្ថុតាង​ទៅ​ម្ចាស់​គេ​វិញ គឺ​អត់​រួច​ពី​បទល្មើស​ព្រហ្មទណ្ឌ​ទេ​តែ​អាច​គ្រាន់តែ​ជា​ការសម្រាល​ (​ទោស​) ​ទេ​»​។

កាលពី​ខែ​មុន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​បញ្ជាក់​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​ថា តាម​ការស្រាវជ្រាវ​គឺ​ករណី​ចោទប្រកាន់​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ថា បាន​យកលុយ​ពី​ម្ចាស់​ឡាន​ដែល​ត្រូវបាន​ឃាត់ទុក​គឺ​ពិតជា​មាន​ការទារ​ និង​ការទទួលប្រាក់​ពិតប្រាកដ​មែន​។

សេចក្ដី​ជូនដំណឹង​សរសេរ​ថា​៖ «​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ត្រូវការ​ពេលវេលា​បន្តិច​ទៀត ដើម្បី​វាយតម្លៃ​​ថា ការទារ​ប្រាក់​ និង​ការទទួលប្រាក់​នេះ​យ៉ាង​ដូចម្ដេចខ្លះ ដើម្បី​មាន​មូលដ្ឋាន​បន្ត​នីតិវិធី​បើក​ ឬ​មិន​បើក​ការស៊ើប​អង្កេត​ករណីនេះ​»៕