កំពង់ស្ពឺៈ សាលាដំបូងខេត្ដកំពង់ស្ពឺកាលពីម្សិលមិញកំពុងបន្តសាកសួរលោក កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងមន្ដ្រីនគរបាលក្រោមបង្គាប់ចំនួន ៦ នាក់ទៀត ករណីផឹកស៊ីស្រវឹងបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់នៅបរិវេណសាលាស្រុកសំរោងទងកាលពីថ្ងៃ ១៩ សីហា។
លោក សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា បច្ចុប្បន្នសំណុំរឿងរបស់លោក កង ភារី និងមន្ដ្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ៦ នាក់ទៀត ត្រូវបានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។
លោកថ្លែងថា៖ «សំណុំរឿងនេះ យើងបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី ២២ ខែសីហា។ ប៉ុន្ដែរហូតដល់ព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែសីហា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្ដកំពុងបន្តសាកសួរនៅឡើយមិនទាន់បានបញ្ចប់ទេ»។ លោកបញ្ជាក់ថា៖ «ករណីលោក កង ភារី និងកូនចៅ ៦ នាក់នេះ ជាករណីប្រើប្រាស់អាវុធខុសច្បាប់មានន័យថា អាវុធរបស់គាត់មិនមានបណ្ណសម្រាប់ប្រើប្រាស់ទេ។ មួយទៀតគាត់បានបាញ់កាំភ្លើងនោះដោយគ្មានបទបញ្ជា ឬហៅថា បាញ់បោះសេរី»។
លោក សាមួន ថ្លែងថា នៅក្នុងរយៈពេល ៥ ថ្ងៃនៃថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះនគរបាលខេត្ត ក្រុង ស្រុក ទាំងអស់ គឺមានភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ។ ប៉ុន្ដែលោក កង ភារី និងនគរបាល ៦ នាក់នោះមិនបានអនុវត្ដតាមតួនាទី បែរជាផឹកស៊ី ហើយបាញ់បោះសេរីបង្កភាពអនាធិបតេយ្យទៅវិញ។
នៅពេលសួរថា តើលោក កង ភារី និងនគរបាលដែលបាញ់បោះសេរីនេះនឹងត្រូវបញ្ឈប់ពីតួនាទីជាមន្ដ្រីនគរបាលឬយ៉ាងណានោះ លោក សម សាមួន បានបញ្ជាក់ថា រង់ចាំមើលការសម្រេចរបស់តុលាការសិន។
លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានថ្លែងថា ករណីបាញ់បោះសេរីខាងលើនេះកើតឡើងក្រោយពេលលោក កង ភារី និងកូនចៅបានផឹកស្រវឹងហើយនាំគ្នាបាញ់បោះសេរីយ៉ាងអនាធិបតេយ្យនៅក្នុងបរិវេណសាលាស្រុកសំរោងទងដោយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «សរុបអ្នកដែលបង្កហេតុនេះទាំងលោក កង ភារី និងមន្ដ្រីនគរបាលចំនួន ៧ នាក់ក្នុងនោះ ប្រើប្រាស់កាំភ្លើងម៉ាក Lock ចំនួន ២ ដើម សុទ្ធតែជាអាវុធគ្មានច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ទាំងអស់»។
បើតាមលោក ឃុត សុផល ជនសង្ស័យជាមន្ដ្រីនគរបាលបាញ់បោះសេរីទាំង ៧ នាក់នេះរួមមានឈ្មោះ កង ភារី ម្ចាស់ កាំភ្លើង Lock ឈ្មោះ កាន់ សៅលី ម្ចាស់កាំភ្លើង Lock ឈ្មោះ ដន សុខុម អ្នកបាញ់ឈ្មោះ ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់ឈ្មោះ ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់ ឈ្មោះ នី សុភាក់ អ្នកបាញ់ និង ឈ្មោះ ព្រីង ឡង់ឌី អ្នកបាញ់។
លោកបានបន្ដថា ករណីនេះជនសង្ស័យបានធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន ១១ គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង។ ប៉ុន្ដែមិនបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនោះទេ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកស្នើឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពលើអ្នកដែលប្រព្រឹត្ដក្នុងករណីបាញ់បោះសេរីនេះ ហើយដាក់ទោសទណ្ឌតាមវិន័យរដ្ឋបាល និងក្រមព្រហ្មទណ្ឌរបស់កម្ពុជា។
លោកថ្លែងថា៖ «យើងចង់ឱ្យមានការត្រួតពិនិត្យ ចំពោះការប្រើប្រាស់អាវុធខុសច្បាប់របស់មន្ដ្រីនគរបាលនេះ។ ករណីដែលសមត្ថកិច្ចទិញអាវុធយកមកប្រើប្រាស់ដោយខ្លួនឯងបែបនេះ វាជាគ្រោះថ្នាក់ ព្រោះពិបាកក្នុងការគ្រប់គ្រងអាវុធទាំងនោះ។ បើសិនជាអាវុធរបស់អង្គភាព ពេលយកប្រើប្រាស់ក្នុងករណីណាមួយនោះអាចពិនិត្យដឹង។ ប៉ុន្ដែការទិញអាវុធប្រើដោយខ្លួនឯងយ៉ាងអនាធិបតេយ្យបែបនេះ គឺជារឿងគ្រោះថ្នាក់សម្រាប់អ្នកអនុវត្ដច្បាប់នៅកម្ពុជា»៕