បាត់ដំបង៖ តុលាការ​ខេត្ត​បាត់​ដំបង​បាន​ឃុំ​ខ្លូន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃទី ២៧​ ឧសភា ​ក្រោយ​ឃាត់​ខ្លួន​បាន ១ ថ្ងៃ​ ពាក់ព័ន្ធ​ករណីចាប់​កូនស្រី​ចុង​របស់ខ្លួន​រំលោភ​សេព​សន្ថវៈ ​ប្រព្រឹត្ត​នៅ​ឃុំ​បារាំង​ធ្លាក់ ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង កាលពី​ខែសីហា​ ឆ្នាំ​ ២០១៩​។

លោក ប៊​ន់ វណ្ណា​រ៉ា នាយ​ការិយា​ល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជននៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ២៧ ឧសភា​នេះថា ជន​ត្រូវ​ចោទ ​ឈ្មោះ វង់​ធឿន អាយុ​ ៤៥ ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ខេត្ត​ហើយ ​នៅ​ថ្ងៃទី ២៧​ ឧសភា ​បន្ទាប់ពី​សមត្ថ​កិច្ច​លោក​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ បាន ១ ថ្ងៃ។​

លោក​ពន្យល់​ប្រាប់ថា ​ជា​នីតិវិធី​ កាល​ណា​នគរបាល​យុត្តិធម៌​ចាប់​ជនល្មើស​ណា​ម្នា​ក់បាន​ គឺ​ត្រូវ​បញ្ជូន​ជន​នោះ​ទៅ​តុលា​ការ។ក្រោយ​ពេលដែល​តុលា​ការ​ឃុំខ្លួន​ជន​នោះ​ហើយ​ គឺ​តុលាការ​នឹង​បញ្ជូន​ដីកាឃុំ​ខ្លួន​នោះ​មកឱ្យ​នគរបាល​យុ​ត្តិ​ធម៌ដើម្បី​ជូនដំណឹង​ថា​ជនសង្ស័យ​ម្នាក់​នោះ​ត្រូវបាន​ឃុំខ្លួន​ហើយ​។

លោក វណ្ណា​រ៉ា​ បានប្រាប់​ថា៖ ​«បុរស​ម្នាក់​នោះ​ត្រូវ​បានចោទ​បទ​រំលោភ​សេព​សន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​តាម​បញ្ញត្តិ​មាត្រា​ ២៤១ នៃ​ក្រម​ព្រហ្មទណ្ឌ»​។ក្នុង​ករណី​ដែល​តុលាការ​រកឃើញ​ថា​ ជន​នេះ​ពិតជា​បាន​ប្រព្រឹត្ត​លើ​ជនរង​គ្រោះ​ដូចដែល​តុលាការ​ចោទ​ប្រកាន់​មែន​នោះ នឹង​ត្រូវ​ប្រឈម​ការជាប់​ពន្ធនាគា​រ​ពី ៧ ទៅ​ ១៥ ឆ្នាំ។

ពាក់ព័ន្ធ​នឹងប្រវត្តិ​របស់​ជនសង្ស័យ​ លោក​ ណន ផេង នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្តីទី​ឃុំ​បារាំង​ធ្លាក់ បាន​រៀបរាប់​នៅ​រសៀល​ថ្ងៃទី ២៧​ ឧសភា​ថា ម្តាយ​ក្មេងរ​ងគ្រោះ​មាន​ប្តី​និង​មានកូន​ប្រុស​ស្រី ២ នាក់​ដែល​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម.រ អាយុ​ ១៣ ឆ្នាំ (២០១៩) ជា​កូនច្បង ប៉ុន្តែ​ក្រោយមក​បាន​លែង​លះ​ជាមួយ​ប្តី។ ក្រោយមក​ទៀត ​គាត់ក៏បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​បុរស​ឈ្មោះ​ វង់ ធឿន (ជន​សង្ស័យ) និង​រស់នៅក្នុង​ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង ។

លោក​បន្តថា គ្រួសារ​ក្មេងស្រី​រងគ្រោះ​មាន​ជីវភាព​ក្រីក្រ ហើយ​ម្តាយ​នាង​តែងតែ​ទៅ​ស៊ីឈ្នួល​ធ្វើ​ការងារ​ឱ្យគេ​មិនសូវ​បាន​នៅផ្ទះ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ជន​សង្ស័យ​ជា​ឪពុក​ចុង​មាន​ឱកាស​អាច​ចាប់​ក្មេងរង​គ្រោះ​រំលោភ​សេព​សន្ថវៈ​បាន។ ប៉ុន្តែ​រាល់ពេល​​ជនសង្ស័យ​រំលោភម្តងៗគឺ​ជននោះ​តែងតែ​សំឡុត​គំរាម​ក្មេងរង​គ្រោះ​មិនឱ្យ​និយាយ​ប្រាប់​នរណា​ឱ្យដឹង​ទេ​ បើ​រឿងនេះ​បែក​ការ​គេ​នឹង​សម្លាប់​ចោល​។

លោក​បាន​បន្ត​តាម​សម្តី​ម្តាយ​ក្មេងរង​គ្រោះ​ទៀតថា នៅ​ថ្ងៃទី ២ សីហា​ ឆ្នាំ ២០១៩ ម្តាយ​ក្មេង​រងគ្រោះ​ឃើញ​អា​ការកូន​ខុសប្លែកពី​ប្រក្រតី​ក៏​សួរ​ក្មេងរង​គ្រោះ​ទើប​ដឹងថា​កូន​របស់គាត់​ត្រូវ​ប្តី​ក្រោយ​ចាប់រំលោភ។​ភ្លាមៗនោះ​ម្តាយ​បាន​នាំ​ក្មេងរង​គ្រោះ​មកប្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ ឃុំ​បារាំង​ធ្លាក់ ​របស់លោ​ក​តែម្តង​។

លោក​បន្តទៀត​ថា ដោយ​ដឹងថា​ ម្តាយ​ក្មេងរង​គ្រោះ​ប្តឹង​ឱ្យ​នគរបាល​ចាប់ ជន​សង្ស័យ​បានរត់គេច​ខ្លួន​បាត់ហើយ​ចាប់តាំង​ពី​ខែសីហា​ឆ្នាំ ២០១៩​ មក ​គឺ​ជន​សង្ស័យ​មិនដែល​ចូល​ស្រុក​ទេ។ ក៏ប៉ុន្តែ​លុះដល់​ថ្ងៃទី ២៦ ឧសភា ​ឆ្នាំ ២០២១ ទើប​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​បាន​ខណៈ​ជននោះ​បានលួច​ចូល​ផ្ទះ។

លោក ណន ផេង បាន​បញ្ជាក់ថា​៖ «រឿងនេះ​ម្តាយ​ក្មេង​មកប្តឹង​នៅ​ប៉ុស្តិ៍នគរ​បាល​ខ្ញុំ​មែន ប៉ុន្តែ​ខាង​នគរបាល​ស្រុក​ភ្នំព្រឹក និង​ខាង​នគរបាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខេត្ត​ទេ​ ជា​អ្នក​ចុះ​ចាប់​ជន​សង្ស័យ​នោះ»​៕