ពោធិ៍សាត់ៈ មន្ត្រីសាលាដំបូងខេត្តពោធិ៍សាត់បានអះអាងថា បុរសម្នាក់ត្រូវបានតុលាការចោទប្រកាន់ និងបានបង្គាប់ឲ្យឃុំខ្លួនកាលពីរសៀលម្សិលមិញ បន្ទាប់ពីនគរបាលបញ្ជូនមកតុលាការ ករណីចាប់រំលោភកូនស្រីបង្កើតជាបន្តបន្ទាប់តាំងពីនាងនៅវ័យក្មេង។
លោក ហេង ដូនីន អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់បានឲ្យដឹងពីម្សិលមិញថា សំណុំរឿងបុរសឈ្មោះ ប៉ោះ ខ្ញី អាយុ ៥០ ឆ្នាំដែលរំលោភកូនស្រីខ្លួនឯងនោះបានមកដល់តុលាការហើយ ដោយចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធីចោទប្រកាន់គាត់។
លោកបានបញ្ជាក់ថា៖ «បុរសរូបនេះត្រូវបានចៅក្រមបានចោទប្រកាន់គាត់ពីបទរួមភេទជាមួយអនីតិជនដោយបុព្វញាតិតាមបញ្ញត្តិមាត្រា ៣៥១ នៃក្រមព្រហ្មទណ្ឌ»។
ផ្អែកតាមមាត្រានេះ ប្រសិនបើតុលាការរកឃើញកំហុសដូចការចោទប្រកាន់មែននោះ បុរសខាងលើត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ ។
ពាក់ព័ន្ធករណីនេះលោក ប៉ុល ចំរើន ប្រធានការិយាល័យជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ថ្លែងពីម្សិលមិញថា សមត្ថកិច្ចលោកបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តពោធិ៍សាត់នៅវេលាថ្ងៃត្រង់ថ្ងៃទី ២១ កក្កដា ១ ថ្ងៃ បន្ទាប់ពីនគរបាលស្រុកភ្នំក្រវាញចាប់បញ្ជូនមកដល់ស្នងការដ្ឋាន។
លោកថា៖ «បើតាមខ្ញុំដឹងពីខាងតុលាការគឺកំពុងដំណើររឿងនេះ ហើយជនសង្ស័យក៏សារភាពពាក់ព័ន្ធរំលោភកូនគាត់ប្រាប់សមត្ថកិច្ចខ្ញុំដែរ»។
លោក ហ៊ុន ចាន់ធា នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឲ្យដឹងពីថ្ងៃទី ២០ កក្កដា ថាសមត្ថកិច្ចលោកបានឃាត់ខ្លួនឈ្មោះ ប៉ោះ ខ្ញី កាលពីថ្ងៃទី ១៩ កក្កដា នៅឃុំសំរោង ស្រុកភ្នំក្រវាញ បន្ទាប់ពីនារីរងគ្រោះប្ដឹងមកនគរបាលប៉ុស្ដិ៍ឃុំសំរោង ។
លោក ហ៊ុន ចាន់ធា រំឭកប្រាប់តាមសម្តីនារីរងគ្រោះឈ្មោះ ស.ធ អាយុ ២០ ឆ្នាំថា នាងជាកូនច្បងក្នុងចំណោមបងប្អូន ៣ នាក់ក្នុងនោះមានប្រុសម្នាក់ជាកូនពៅ។ ប៉ុន្តែឪពុកនាងដែលពិការស្វិតដៃជើងតែនៅដើរកើតបានលែងលះម្ដាយប្រហែល ៦-៧ ឆ្នាំមកហើយ។
លោកបន្ត តាមសម្តីនារីរងគ្រោះថានាងត្រូវបានឪពុកបៀតបៀនកេរ្តិ៍ភេទតាំងពីអាយុ ១២ ឆ្នាំមកម្ល៉េះ។ ពេលម្តាយនាងទៅធ្វើស្រែបាត់ ឪពុកនាងតែងសុំនាងរួមភេទ។ ប៉ុន្តែគាត់គ្រាន់តែយកប្រដាប់ភេទគាត់ញល់ៗលើប្រដាប់ភេទនាងប៉ុណ្ណោះមិនបានស៊ីជម្រៅទេ។ ក្រោយមកក្នុង ១ ខែឪពុកនាងតែងតែធ្វើបែបនេះពី ៣ ទៅ ៤ ដងពេលម្តាយមិននៅផ្ទះ។
លោកបន្តថា លុះក្រោយម្តាយឪពុកបានលែងលះគ្នារួច កូនទាំង ៣ នាក់ត្រូវរស់នៅជាមួយឪពុក (ជនសង្ស័យ)។
ខណៈនាងមានអាយុ ១៥-១៦ ឆ្នាំ ឪពុកនាងតែងរួមភេទជាមួយនាងតែមិនឲ្យចូលទឹកកាមទេ ព្រោះខ្លាចមានកូន។
លុះដល់នាងមានអាយុ ១៧ ឆ្នាំក៏មានបុរសម្នាក់ចូលស្តីដណ្តឹងរៀបការរហូតបានកូនស្រីម្នាក់អាយុ ២ ឆ្នាំ។
លោកបន្តទៀតថា ពេលកូនស្រីមានប្តី ជនសង្ស័យបានផ្អាកសកម្មភាពជិត ១ ឆ្នាំ ប៉ុន្តែពេលប្តីនារីរងគ្រោះទៅរកស៊ីឆ្ងាយពីស្រុក ស្រាប់តែជនសង្ស័យសុំនាងរួមភេទញឹកញាប់។ តែក្រោយមកប្តីនាងគ្មានការងារធ្វើក៏ត្រឡប់មកនៅផ្ទះវិញ រីឯជនសង្ស័យក៏ចេះតែសួរនាងថាក្នុង ១ ខែគាត់សុំរួមភេទ ៥ ដងបានទេ?
នាងប្រាប់ថាឲ្យតែម្តងទេក្នុង ១ ខែ ព្រោះប្តីនៅផ្ទះ តែជនសង្ស័យមិនព្រម។
ពេលខ្លះជនសង្ស័យប្រាប់នារីរងគ្រោះថា បើពិបាកពេកលុយដែលនាងខ្ចីគាត់ជាង ១៥ ម៉ឺនរៀលមិនបាច់សងគាត់ទេ តែត្រូវដេកជាមួយគាត់ ហើយកាត់លុយហើយនាងក៏ចេះតែធ្វើតាមនោះទៅ។
លោកបញ្ជាក់តាមសម្តីនារីរងគ្រោះទៀតថា មុនពេលប្តឹងសមត្ថកិច្ចគឺមកពីឪពុកនាងចេះតែរករឿងប្តីនាង ហើយដេញប្តីនាងមិនឲ្យនៅផ្ទះ ដើម្បីមានឱកាសរួមភេទជាមួយនាងបានច្រើនដង។
ដោយសារទ្រាំលែងបាននាងក៏ប្តឹងមកនគរបាលប៉ុស្តិ៍សំរោងតែម្ដង៕