ព្រះសីហនុៈ តុលាការបានសម្រេចឃុំខ្លួនពលរដ្ឋ ៤ នាក់ក្នុងចំណោម ៦ នាក់ដាក់ពន្ធនាគារខេត្តបណ្តោះអាសន្ន កាលពីថ្ងៃអង្គារ ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីជាមួយនឹងឧកញ៉ាម្នាក់នៅក្នុងឃុំ អូរត្រេះ ស្រុកស្ទឹងហាវ។
ពលរដ្ឋ ៤ នាក់ក្នុងចំណោម ៦ នាក់នោះត្រូវបានតុលាការខេត្តសម្រេចធ្វើការចោទប្រកាន់ពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ទៅតាមមាត្រាទី ២៥៣ នៃច្បាប់ភូមិបាល ខណៈដែលពលរដ្ឋ ២ នាក់ផ្សេងទៀតត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីពួកគាត់ត្រូវឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទៅតាមពាក្យបណ្តឹងរបស់លោកឧកញ៉ា តាន់ តាត់។
ដីកា បង្គាប់ឲ្យឃុំខ្លួនដែលចុះហត្ថាលេខាដោយចៅក្រមស៊ើបសួរឈ្មោះ ឡូត ផារី បានបង្ហាញអត្តសញ្ញាណពលរដ្ឋទាំង ៤ នាក់នោះ ដែលមានឈ្មោះ លោក កៅ ហេង អាយុ ៤៣ ឆ្នាំ, លោកស្រីលុច ទូចអាយុ៥៥ឆ្នាំ, លោក ញ៉ាញ់ ជាតិ អាយុ ៣៥ ឆ្នាំ និង លោក មែន ខេន អាយុ ៣៦ ឆ្នាំ។ យោងតាមមាត្រា ២៥៣ នេះបានឲ្យដឹងថា ពលរដ្ឋទាំង ៤ នាក់ប្រឈមមុខនឹងការពិន័យរហូតដល់ទៅ ២៥ លានរៀល និង/ឬ ជាប់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំ។
លោក ស៊ុយ ឈុនហាក់ មេធាវីការពារក្តីឲ្យពលរដ្ឋទាំង ៦ នាក់បានមានប្រសាសន៍ថា៖ «កូនក្តី ៤ នាក់ត្រូវបានចោទប្រកាន់ និង ឃុំខ្លួនបណ្តោះអាសន្នហើយ។ ២ នាក់ទៀតត្រូវដោះលែងវិញ»។
លោកមេធាវីបានថ្លែងបន្តថា៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងហើយខ្ញុំបានប្រឹងប្រែងយ៉ាងអស់សមត្ថភាពកូនក្តីខ្ញុំ ៦ នាក់ [តែ] ជួយបាន ២ នាក់ឲ្យមានសេរីភាពវិញ ៤ នាក់ត្រូវចៅក្រមស៊ើសួរឃុំខ្លួនដាក់ពន្ទនាគារជាបណ្តោះអាសន្ន»។
ពលរដ្ឋ៦នាក់ ក្នុងចំណោម ៥៦ គ្រួសារ ត្រូវបានលោកឧកញ៉ាតាន់ តាត់ប្តឹងទៅអាវុធហត្ថ ហើយត្រូវបានចាប់ឃាត់ខ្លួន ពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្នុងខណៈពេលដែលពួកគាត់កំពុងតែត្រួសត្រាយសំអាតស្មៅ និងព្រៃនៅលើដីរបស់ពួកគាត់ដែលបានកាន់កាប់ តាំងពីឆ្នាំ ១៩៩២ មក ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែ លោកលោកឧកញ៉ាតាន់ តាត់ក៏មានលិខិតកាន់កាប់លើដីនោះរហូតដល់ទៅ ១៦ ប័ណ្ណភោគ ដែលស្មើនឹង ៨៥ ហិកតា៕