ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៦ ​ខែ​ឧសភា បានសម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ជា​បណ្តោះអាសន្ន​​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ​រហូតដល់​មាន​សម្រេច​សា​ជាថ្មី ពាក់ព័ន្ធ​នឹង​ករណី​គេចវេះ​​ពី​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ប្រព្រឹត្ត​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២២ ឧសភា កន្លងទៅ​។

តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​​របស់លោក រស់ សាម៉ឺឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៦ ​ឧសភា ឆ្នាំ ២០២១ ឱ្យដឹងថា ឈ្មោះ ​សៀ ស៊ាន់ ភេទ​ប្រុស អាយុ​ ២៨ ​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីកន្លែង​កំណើត​ភូមិ​ចំបក់កោង ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​​កណ្តាល​បានគេច​វេះ​ពី​ការព្យាបាល​ ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល​ប្រព្រឹត្ត​នៅ​ចំណុច​​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​ទួល​ពង្រ​មណ្ឌល​​លេខ​ ៩ ផ្លូវ​លេខ​ ១៦៨៣ ភូមិ​សំបូរ សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២២ ខែ​​ ឧសភា ឆ្នាំ​ ២០២១​។

លោក រស់ សាម៉ឺឌី បាន​ចោទ ឈ្មោះ សៀ ស៊ាន់ ពី​បទគេចវេះ​ពី​ការព្យាបាល​ ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល​ជំងឺ​កូវីដ​ ១៩ តាម​បញ្ញត្តិ​មាត្រា​ ៨ នៃ​ច្បាប់​ស្តីពី​វិធាន​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កាចសាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ បន្ទាប់ពី​បុរស​ខាងលើ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩​។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧ ខែឧសភា បង្ហាញថា បុរស​ខាងលើ​បាន​ព្យាយាម​រត់ចេញ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រូពេទ្យ​​ដែល​ប្រចាំការ​ក្នុង​មណ្ឌល​គ្រប់ៗ​គ្នា​កាលពី​ល្ងាច ថ្ងៃទី​ ២២ ខែ ឧសភា ឆ្នាំ​ ២០២១​។

បន្ទាប់ពី​បានទទួល​ការស្នើសុំ​​ឱ្យជួយ​អន្តរាគមន៍​ពី​ក្រុម​គ្រូពេទ្យ កម្លាំង​អន្តរាគមន៍​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​ស្រាវជ្រាវ​រុករក​មុខ​សញ្ញា​អស់​រយៈពេល​ប្រមាណ​ ១៥ ​នាទី ក៏​រកឃើញ​អ្នកជំងឺ​​កូវីដ​ ១៩ ​ម្នាក់​នោះ នៅ​ចំណុច​ផ្លូវ​ ៣៧១ កែង​នឹង​ផ្លូវ​ ២០០២ ទើប​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ត្រៀម​រួចជាស្រេច​ជាមួយ​សម្លៀកបំពាក់​ការពារ​មេរោគ និង​ឧបករណ៍​ចាប់ពី​ចម្ងាយ​ស្វ័យប្រវត្តិ​ឃាត់ខ្លួន​អ្នកជំងឺ​កូវីដ​ ១៩ ​នោះបាន​ភ្លាមៗ​តែម្តង​។

យោងតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ការរត់​គេច​​ចេញ​ពី​មណ្ឌល​ព្យាបាល​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៥ ​លាន​រៀល ទៅ​ ២០ ​លាន​រៀល តែបើ​មាន​​ការចម្លង​ដល់​អ្នកដទៃ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​៕