ភ្នំពេញៈ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ឃុំខ្លួន​ស្ត្រី​សង្ស័យ ២ នាក់ នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ថ្ងៃ​សុក្រ ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ ក្រោយ​ពេលឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ២៤ មករា​ឆ្នាំ២០១៩ នៅ​ភូមិ​ចម្ការ​ថ្មី ឃុំ​គគីរ ស្រុក​ត្បូងឃ្មុំ ពាក់ព័ន្ធ​ករណី​នាំ​នារី​ខ្មែរ​ម្នាក់​ទៅ​រៀបការ​ប្តី​នៅ​ប្រទេស​ចិន ប្រព្រឹត្ត​កាល​ពី​ឆ្នាំ ២០១៧។

លោក ថេ​ង ជាង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ស្ត្រី​ឈ្មោះ វ៉ោក ឆៃងីម ហៅ យាយ​ម៉ៅ អាយុ ៦១ ឆ្នាំ​និង​ស្ត្រី ឈ្មោះ ធូក ថេត អាយុ ៣៨ ឆ្នាំ ដែល​រស់​នៅ​ភូមិ​អន្លង់​ពោង ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ហើយកាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក។

លោក​ប្រាប់ថា៖ «ស្ត្រី​ត្រូវ​ចោទ​ទាំង ២ នាក់ ត្រូវ​ចោទ​ប្រកាន់ពីបទ​នាំចេញ​ដោយ​មិន​ស្រប​ច្បាប់​ដោយ​មាន​គោល​ដៅ​តាម​បញ្ញត្តិ​មាត្រា ១០ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស»។

បើ​យោងតាម​មាត្រា​នេះ ប្រសិន​បើ​តុលាការ​រកឃើញថា​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ ស្ត្រី​ទាំង ២ នាក់ ត្រូវ​ប្រឈម នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ទៅ ១៥ ឆ្នាំ។

លោកស្រី ហៃ ឡា​លីន ស្នងការរង​ផ្នែក​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែងថា​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​នារី​រង​គ្រោះ​បាន​ប្ដឹង​ទៅ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្ដរជាតិ ហើយ​ខាង​ក្រសួង​បាន​ប្រាប់​មក​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ទីកន្លែង​កើត​ហេតុ​វិញ។

លោកស្រី​បញ្ជាក់ថា៖ «ដំបូងគាត់ [ស្ត្រី​រងគ្រោះ] ប្តឹង​ក្រសួង​ការបរទេស បន្ទាប់​មក​ក៏​ប្ដឹង​ទៅ​សមត្ថកិច្ច​ខេត្ត ទើប​មាន​ការ​ស្រាវជ្រាវ​ឈាន​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​តែ​ម្តង»។

លោក សុខ ឈុន​ឡាយ​នាយរងការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា ក្រោយ​ឃាត់​ខ្លួន ស្ត្រី​សង្ស័យ​ទាំង ២ នាក់​បាន​ឆ្លើយ​ថា ពួកគេ​បាន​ស្គាល់​ស្ត្រី​ម្នាក់​ឈ្មោះ ឆេង ជា​មេ​ខ្យល់​ធំ ហើយ​ស្ត្រី​នោះ​បាន​ប្រាប់​ពួកគេ​ឲ្យ​រក​នារី​ក្មេងៗ​ទៅ​រៀបការ​ប្តី​នៅ​ប្រទេស​ចិន​នឹង​បាន​កម្រៃ ប៉ុន្តែ​ពួកគេ មិន​ស្គាល់​ទីកន្លែង​រស់​នៅ​របស់​ស្ត្រី​ជា​មេ​ខ្យល់​នោះ​ទេ។

លោកស្រី​បន្តថា៖ «រឿងនេះ​ឈ្មោះ ធូ​ក ថេត បានទទួល​លុយ​ពី​មេខ្យល់​ឈ្មោះ ឆេង ចំនួន ៣០០ ដុល្លារ ក្នុង​ការ​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ប្រទេស​ចិន រីឯ​ឈ្មោះ វ៉ោក ឆៃងីម គាត់​ថា មិន​បាន​ទទួល​លុយ​ពី​មេ​ខ្យល់​ឈ្មោះ ឆេង ទេ»។

លោក​បាន​រំឭក ប្រាប់​តាម​សម្ដី​ជនរងគ្រោះ ឈ្មោះ ស.ន អាយុ ២៣ ឆ្នាំ ថា មុន​កើត​ហេតុ​នាង [ជន​រង​គ្រោះ] បាន​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រី ឈ្មោះ វ៉ោក ឆៃងីម ហៅ​យាយ​ម៉ៅ និង​ស្ត្រី​ឈ្មោះ ធូក ថេត (ជា​កូន​របស់​យាយ​ម៉ៅ) ដោយ​មាន​ស្ត្រី​ម្នាក់ ឈ្មោះ ឆេង ជា​មេ​ខ្យល់​ធំ។ បន្ទាប់​ពី​រត់​ការ​ធ្វើ​ឯកសារ​ចប់​សព្វ​គ្រប់ ក្រុម​ជន​សង្ស័យ បាន​បញ្ជូន​នាង​ទៅ​ដល់​ប្រទេស​ចិន​ក្នុង​អំឡុង​ឆ្នាំ ២០១៧។

លោក​ថា តាម​សម្ដី​នារី​រងគ្រោះ បន្ទាប់ពី​ទៅដល់​ប្រទេស​ចិន​នាង​ត្រូវបាន​បុរស​ជន​ជាតិ​ចិន​ម្នាក់​បង្ខាំង​ទុក​ក្នុង​ផ្ទះ​ឲ្យ​បម្រើ​ផ្លូវភេទ​អស់​ពេល ៤ ខែ។បន្ទាប់​មក​បុរស​ចិន​នោះ​បាន​លក់​នាង​បន្ត​រហូត​ដល់ ៤ កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​លុះ​ដល់​ដើម​ឆ្នាំ ២០១៨ នាង​បាន​រត់​គេច​ខ្លួន​រួច និង​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ។

លោក​បាន​បញ្ជាក់ថា នារីរងគ្រោះ​ត្រូវបាន​អង្គការ ១ នៅ​ប្រទេស​ថៃ​និង​ស្ថានទូត​កម្ពុជា​ជួយ​សង្គ្រោះ​មក​កម្ពុជា​វិញ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ និង​បាន​ប្តឹង​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួនជន​សង្ស័យ​ទាំង​នេះ៕