ត្បូងឃ្មុំៈ អតីត​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ ស៊ូ យាន ត្រូវ​បាន​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​នេះ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​លោក​ហ៊ុន សែន និង​អ្នក​គាំទ្រ​លោក។

លោក ប្រាក់ ប៊ុន​ណុន ស្នងការរង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ចាប់​ខ្លួន​ឈ្មោះ ស៊ូ យាន តាម​ដីកា​កាល​ពី​ថ្ងៃ​ចន្ទ​និង​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត។ លោក​បាន​ថ្លែង​ថា សាលា​ដំបូង​ខេត្ត​បាន​សម្រេច​ឃុំខ្លួន​ឈ្មោះ ស៊ូ យាន កាល​ពី​រសៀល​ម្សិលមិញ។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​ខេត្ត​ត្បូងឃ្មុំ លោក ឡុង ហុក​ម៉េង ឈ្មោះ ស៊ូ យាន បាន​រង​បណ្ដឹង​ព្រហ្ម​ទណ្ឌ​ករណី ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយ​ផ្អែក​តាម​គណនី​ហ្វេសប៊ុក ឈ្មោះ Su Yean ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​ មេសា។

តាម​ដីកា​ដដែល​បញ្ជាក់ថា ស៊ូ យាន មាន​អាយុ ៤៥ រស់នៅ​ភូមិ​ប្រី​យ៍ ឃុំ​ទ្រៀក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

លោក សេង ស៊ា​ង​លី អតីត​ប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ទេ ប៉ុន្តែ​លោក​ថា ស៊ូ យាន ធ្លាប់ជា​អនុ​ប្រធាន​គណៈ​កម្មការ​ប្រតិបត្តិ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ។

យោងតាម​សារ​របស់ ស៊ូ យាន ដែល​ត្រូវបាន​ចែកចាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​លើក​ឡើង​ពី​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដូចជា រឿង​សន្យា​ការពារ​ព្រៃឈើ បំបាត់​អំពើ​ពុក​រលួយ​ជាដើម។ ប៉ុន្តែ​លើស​ពី​នេះ​ទៀត​ ស៊ូ យាន​ បាន​ប្រើ​ពាក្យ​ថា៖ «ហ៊ុន សែន ​ខ្វាក់​ភ្នែក​តែ​ម្ខាង​ទេ ចំណែក​អ្នក​គាំទ្រ ហ៊ុន សែន ខ្វាក់​ភ្នែក​ទាំង​សង្ខាង [សងខាង] ថែម​ថ្លង់​ទៀត»។

ការសរសេរ​បែបនេះ បានធ្វើ​ឲ្យ​មានការ​ខឹងសម្បា​ពី​សំណាក់​អ្នកគាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក្នុង​នោះ​មាន លោក ប៉ាន់​ខែម ប៊ុនថន ផងដែរ ដែល​ជា​នាយក​រង​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សេន និង​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព។

លោក​ ប៊ុនថន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​បានឃើញ​សារ​ចែកចាយ​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ ហើយ​វា​ហួស​ហេតុ​ពេក»។

លោក​បន្តថា៖ «ក្នុងនាម​ពួក​ខ្ញុំ​ប្រជាជន​ខ្មែរ​ទាំងអស់​ដែល​គាំទ្រ​ការដឹកនាំ​របស់​សម្ដេច​ជាង ៤០ ឆ្នាំ យើង​ទ្រាំ​បាន​ទេ​ភាសា​ហ្នឹង?​ព្រោះ​ខ្ញុំ​មនុស្ស​ល្អជា​តើ។ ការ​ប្រមាថ​នេះ​មិន​មែន​ប្រមាថ​ខ្ញុំ​តែ​ម្នាក់​ឯង​ទេ​គឺ​ប្រមាថ​អ្នក​គាំទ្រ​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន។ អ៊ីចឹង​ក្នុង​នាម​ខ្ញុំ​តំណាង​អ្នក​គាំទ្រ​សម្ដេច ខ្ញុំ​សុំ​ចេញ​មុខ​ប្ដឹង​តែម្ដង»។

លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា-ដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ចោទ​ប្រកាន់​ឈ្មោះ​ ស៊ូ យាន ជា​ផ្លូវការ​ពីបទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ប៉ុន្តែ​លោក​បដិសេធ​អត្ថាធិប្បាយ៕