ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​បង្កក​ទ្រព្យសម្បត្ដិ​របស់​បុគ្គល និង​អង្គភាព​ដែល​មាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នៃ​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ក្រោយពី​ទទួល​បាន​សំណើ​ពី​ក្រសួង​យុត្ដិធម៌​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា​ថា ដីកា​សម្រេច​បង្កក​ទ្រព្យសម្បត្ដិ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺជា​ការអនុវត្ដ​នីតិវិធី​តុលាការ​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ថ្មី​ដែល​រដ្ឋសភា​កម្ពុជា​ទើបតែ​អនុម័ត​គឺ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ការសម្រេច​ចិត្ដ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​គឺ​តម្រូវឱ្យ​កម្ពុជា​ត្រូវតែ​ធ្វើការ​បង្ក​កនូវ​ទ្រព្យសម្បត្ដិ​របស់​បុគ្គល និង​អង្គភាព​ទាំងឡាយ​ណា​ដែល​មាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​សេចក្ដី​សម្រេច​ចិត្ដ​ដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​»​។

លោក ម៉ាលីន បញ្ជាក់ថា​៖ «​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​ថ្មី​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​នេះ ក្រសួង​យុត្ដិធម៌​បាន​ជូនដំណឹង​ទៅ​តុលាការ​អំពី​បញ្ជី​ឈ្មោះ​បុគ្គល និង​អង្គភាព​ដែល​ជាប់​ទណ្ឌកម្ម​នៅក្នុង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ តុលាការ​កម្ពុជា​ គឺ​បំពេញ​កិច្ច​ដោយ​ចេញ​ដីកា​បង្កក​ទ្រព្យសម្បត្ដិ​»​។

បើ​តាម​លោក​ ម៉ាលីន នៅក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ទ្រព្យសម្បត្ដិ​ដែល​ត្រូវ​បង្កក​គឺ​មាន​ទាំង​ថវិកា ចលនទ្រព្យ និង​អចលនទ្រព្យ​ផ្សេងៗ​ទៀត​។ ទោះយ៉ាង​ណា​លោក​ ម៉ាលីន ​បដិសេធ​ប្រាប់​ពី​ឈ្មោះ​របស់​បុគ្គល និង​អង្គភាព​ដែល​ត្រូវបាន​បង្កក​ទ្រព្យសម្បត្តិ​ទាំងនោះ​។

យោងតាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​កាលពី​ថ្ងៃ​ទី​ ២ ខែវិច្ឆិកា​បាន​បញ្ជាក់ថា ដោយ​តុលាការ​ទទួលបាន​លិខិត​លេខ​ ១៥៥៩ ចុះ​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ​ ២០២០ ​របស់​ក្រសួង​យុត្ដិធម៌ ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​មាន​ចំនួន ១១​។ តុលាការ​បាន​ពិនិត្យឃើញ​ថា មាន​សេចក្ដី​សម្រេច​ចំនួន​ ៩ បាន​ដាក់​ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ហេតុនេះ​គប្បី​តុលាការ​ត្រូវ​ចេញ​ដីកា​សម្រេច​តាម​សំណើ​។

ក្រៅពីនេះ​មាន​សេចក្ដី​សម្រេច​ចំនួន​ ២ ​ផ្សេង​ទៀត​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ផងដែរ ហេតុដូចនេះ​តុលាការ​ចេញ​ដីកា​សម្រេច​តាម​សំណើ​។

តុលាការ​បាន​សម្រេច​បង្កក​ទ្រព្យសម្បត្ដិ​ ឬ​អង្គភាព​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិ និង​តាម​សេចក្ដី​សម្រេច​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង និង សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ដោយ​អនុវត្ដ​តាម​បញ្ញត្ដិ​នៃ​មាត្រា​ ៤ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ ដោយ​ហាមឃាត់ ការលក់ ផ្គត់ផ្គង់ ភតិសន្យា ការផ្ទេរ ការបំប្លែង ការធ្វើ​មត៌ក​ឬ​អនុប្បទាន ការចល័ត ឬ​ការប្រើប្រាស់​ចំពោះ​ទ្រព្យសម្បត្តិ​ទាំងអស់​។

នៅក្នុង​ចំណុច​ចុងក្រោយ​នៃ​ដីកា​របស់​តុលាការ​បាន​គូសបញ្ជាក់​ថា​៖ «​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ​ត្រូវ​តាមដាន​បុគ្គល​រាយការណ៍​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់ខ្លួន​ដើម្បី​ធានា​ការអនុវត្ត​ដីកា​សម្រេច​នេះ​យោងតាម​បញ្ញត្តិ​មាត្រា​ ១៦ ​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​»​។

ទោះ​យ៉ាងណា​ដីកា​របស់​តុលាការ​មិន​បាន​បញ្ជាក់​ឱ្យដឹងពី​ឈ្មោះ​របស់​បុគ្គល និង​អង្គភាព​ដែល​ត្រូវបាន​បង្កក​ទ្រព្យសម្បត្តិ​ទាំង​នោះទេ​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕