ភ្នំពេញៈ ​យុវ​ជន ​២ ​រូប​ដែល​​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំពេញ​ចោទ​ ពាក់​ព័ន្ធ​នឹង​ការ​ញុះ​ញង់​បង្កើត​ឲ្យ​​មាន​បទ​ឧក្រិដ្ឋ​ និង​អសន្តិ​សុខ​ក្នុង​សង្គម​ កាល​ពី​ថ្ងៃ​ទី ​៩​-​​១០​ ខែ​កក្កដា​នេះ​ ក្នុង​ពេល​រៀប​ចំ​ និង​ប្រារព្ធ​ខួប​ ៣ ឆ្នាំ​​ លោក​ កែម​ ឡី ​ក្រោយ​​ពួក​គេ​បោះ​ពុម្ព​អាវ​យឺត​មាន​រូប​ថត​ និង​ចែក​ខិត្ត​ប័ណ្ណមាន​ភ្ជាប់​បណ្ដាំ​ កែម ឡី។​ ​

​លោក​ គុជ​ គឹម​ឡុង​ អ្នក​នាំ​ពាក្យ​តំណាង​អយ្យកា​រ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេ​ញ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា​ ក្នុង​ចំណោម​យុវ​ជន​ទាំង​ ២​ នាក់​នោះ ​មាន​យុវជន​ម្នាក់​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​ចោទ​ប្រកាន់ ​​​​បទ​ញុះ​ញ​​​ង់​ឲ្យ​ប្រព្រឹ​ត្ត​បទ​ល្មើស​ជា​អាទិ៍​ និង​បញ្ជូន​ទៅ​ពន្ធនា​គារ​ព្រៃស​ ចំណែក​ម្នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​សាក​សួរ​បន្ដ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ឡើយ។​ ​

​លោក​បាន​ថ្លែង​ថា​៖ ​«​ក្រោយ​ការ​សាក​សួរ​ យុវ​ជន​ រ៉ៃ​យ៉ា​ ចៅ​ក្រម​បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញ​​​ង់​ឲ្យ​ប្រព្រឹ​ត្ត​បទ​ល្មើស​ជា​អាទិ៍​ និង​​ឲ្យ​ឃុំ​ខ្លួន​រួច​​ហើយ។​ ​ចំណែក​ សួង​ នាគ​ព័ន្ធ​ យើង​កំពុង​សាក​សួរ​បន្ដ​នៅ​តុលាការ»។​

​លោក​ សំ ​សុគង់​ មេធាវី​ការ​ពារ​ក្ដី​ឲ្យ​យុវ​ជន​ គង់​ រ៉ៃ​យ៉ា​ បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​ កាល​ពី​​ម្សិល​មិញ​ថា ​ការ​​ចោទប្រកាន់​របស់​ព្រះ​រាជអាជ្ញា​នេះ​ ជា​រឿង​មិន​ត្រឹមត្រូវ។​

​លោក​ថ្លែង​ថា​៖ «​ការ​បោះ​ពុម្ព​អាវ​យឺត​ដែល​មាន​រូប​ថត ​និង​បណ្ដាំ​លោក​ កែម​ ឡី​ នេះ​ រ៉ៃយ៉ា ​មាន​គោល​បំណង​តែ​ ២ ​គត់​ គឺ​លក់​អាវ​នេះ​​ ដើម្បី​បាន​ផល​ចំណេញ​ ដោយ​​បោះ​​ពុម្ព​លក់​តាំង​ពី​ឆ្នាំ ​២០១៧​ រហូត​មក ​លក់​ជា​ហូរ​ហែ មិន​ដែល​មាន​បញ្ហា​អ្វី​ទេ​​។​ មួយ​ទៀត​គាត់​បោះ​ពុម្ព​ អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត​ កែម​ ឡី​ គឺ​ដោយ​សារ​តែ​គាត់​ជា​អ្នកគាំទ្រ ​និង​ស្រឡាញ់​គាត់​អត់​មាន​គោល​ដៅ​លក្ខណៈ​ក្នុង​ការ​ញុះញ​ង់​ ឬ​នយោបាយ​អី​ទេ»។​

​​លោក​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​ការ​បោះ​ពុម្ព​ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​ ក្នុង​នាម​ជា​អ្នក​រក​ស៊ី ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ និង​ការ​គោរព​ស្រឡាញ់​លោក​បណ្ឌិត​ កែម ​ឡី​ នេះ​ ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​បទ​ល្មើស​ ហើយ​រឿង​នេះ​ពាក់​ព័ន្ធទៅ​នឹង​សិទ្ធិ​នៃ​​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​នៃ​ការ​ចេញ​ផ្សាយ​ គឺ​មិន​មែន​ជា​ចរិត​ដែល​បង្កឲ្យ​មាន​បទ​ល្មើស​ទេ​។​ ដូច្នេះ​ ការ​ចោទ​ប្រកាន់​នេះ នៅ​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ទេ»។​

​លោក ​សំ ​សុគង់ ថ្លែង​ថា​​៖ ​«​បើ​ចៅ​ក្រម​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​វា​ជា​ជម្រើ​ស​មួយ​ល្អ​ចំពោះ​អង្គ​ហេតុ​​នេះ។ ​គាត់​ក៏មាន​ក្រុម​គ្រួសារ​ដើម្បី​ថែ​ទាំ​ ​រក​ស៊ី​ផ្គត់​ផ្គង់​ និង​គួប​ផ្សំ​នឹង​គាត់​មាន​ជំងឺ​ផងដែរ»។​

​លោក​ ឡៅ​ ម៉ុង​ហៃ​ អ្នកវិភាគ​បញ្ហា​នយោ​បាយ​ បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​​កាល​ពី​ម្សិល​មិញ​ដែរ​ថា សុំ​ដោះ​លែង​ គង់​ រ៉ៃយ៉ា ​ឲ្យ​មាន​សេរីភាព​វិញ​ទៅ។​

​លោក​បន្ត​​ថា​៖ «​គ្រាន់​តែ​យក​សម្តី កែម​ ឡី​ ដែល​គេ​ដឹង​ឮ​ជា​សាធា​រណ:​ តាំង​តែ​ពី​មុន​គេ​ ​បាញ់​គាត់​ស្លាប់​ម្ល៉េះ មក​បោះពុម្ព​លើ​អាវ​សម្រាប់​លក់​ នៅ​ថ្ងៃ​ខួប​ ៣ ឆ្នាំ​គាត់​នោះ​ មិន​មែន​ជា​ឧក្រិដ្ឋកម្ម​ទេ។​ បើ​ប៉ះ​ពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ គេ​អាច​ហាម​ឃាត់​កុំ​ឲ្យ​លក់​ និង​កុំឲ្យ​ទិញ​ ឬ​ដូច​ដែល​ធ្លាប់​បាន​ប្រមូល​រឹប​អូស​កា​សែ​ត​ និង​ទស្ស​នា​វដ្តី​ពី​មុន​ៗ ​អាជ្ញា​ធរ​អាច​ប្រ​មូល​រឹបអូស​អាវ​យឺត​ទាំង​នោះ​បាន​ទេ​តើ»។​

គួរ​បញ្ជាក់​ថា​ យុវ​ជន​ គង់​ រ៉ៃយ៉ា ​ធ្លាប់​ត្រូវ​បាន​តុលា​ការ​ កាត់​ទោស​ឲ្យ​ជាប់​ព​ន្ធា​គារ កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ ២០​១​៥​ ក្រោម​បទ​ចោទ ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​»​ ដោយ​ជាប់​ពន្ធ​នា​គារ​ ១ ​ឆ្នាំ ​៦​ ខែ​ ម្តង​រួ​ច​មក​ហើយ ​និង​ត្រូវ​បាន​ដោះ​លែង​វិញ​​កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​។​ កាល​នោះ ​យុវជន​រូបនេះ​បាន​បង្ហាញ​បំណង​ក្នុង​ការ​ធ្វើ​បដិ​វត្ត​ន៍​ពណ៌ ​តាម​រយៈ​សំណេរ​ លើ​គណ​នី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ដែល​មាន​ឈ្មោះ​ថា​ «Soriya Koko»។​

សំណេរ​របស់​យុវជន​ គង់​ រ៉ៃយ៉ា​ បាន​ក្លាយ​ជា​អង្គ​ហេតុ​ ដែល​នាំ​ឲ្យ​តុលា​ការ​ ចាត់​ទុ​កថា​ ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​។ លោក សួង​ នាគ​ព័ន្ធ​ សកម្ម​ជន​កូន​ភ្លោះ​ ជុំ​ ហួត​ និង ជុំ​ ហួរ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​​ថា​ បាន​ស្នើ​សុំ​ទៅ​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​ ដើម្បី​ផ្ដល់​មេធាវី​ជួយ​ការពារ​ក្ដី​ដល់​យុវជន​ដែល​កំ​ពុង​ជាប់​ចោទ​ទាំង ២ នាក់៕