ភ្នំពេញៈ មន្ត្រី​នគរ​បាលខណ្ឌ​ពោធិសែនជ័យ ត្រូវ​បាន​អយ្យការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​សម្រេច​ចោទ​ប្រកាន់​ នៅ​ព្រឹកមិញ​នេះ​ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេត​នា បន្ទាប់​ពី​លោក​បាន​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ ពេល​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ការ​ជល់​មាន់​ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្រោយ​ចំណុច​ផ្សារ​ កាណា​ស៊ី​ធី​ ក្នុង​សង្កាត់​ចោម​ចៅ ២។​

លោក​ លី ​សុផា​ណា ​អ្នក​នាំ​ពាក្យនៃ​អយ្យការ​អម​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ៖​ «ក្រោយ​ពី​បាន​ពិនិត្យ​ឯកសារ​សំណុំ​រឿង​ សាក​សួរ​ចម្លើយ​តាម​នីតិ​វិធី​ និង​ ពិនិត្យ​ភស្តុតាង​ តំណាង​អយ្យការ​បាន​សម្រេច​បើក​ការស៊ើប​សួរ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ មនុស្ស​ឃាត​ដោយ​អចេតនា​ តាម​មាត្រា​ ២០៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត​»។

ជន​ត្រូវ​ចោទ​មាន​ឈ្មោះ ចន វិរៈ ជា​មន្ត្រី​នគរបាល​ផ្នែក​អន្តរាគមន៍​ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិសែន​ជ័យ​ និង​កងកម្លាំង​ខណ្ឌ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង នៅ​សង្កាត់​ចោម​ចៅ​ ២ ក្រោយ​ផ្សារ​កាណា​ស៊ីធី កាលពីថ្ងៃ​អាទិត្យ ទី២១ ខែ​មករា ក៏​បាន​ធ្វើការ​ផ្ទុះ​អាវុធ និងបាន​ផ្លាតគ្រាប់​ទៅ​​បន្ទប់​ជួល​ជាន់​ទីបី ក្បែរ​នោះ​បណ្តាល​ឲ្យ​បុរស​ជា​ជន​រងគ្រោះ ឈ្មោះ សៀក រ៉ន ត្រូវ​គ្រាប់​ស្លាប់ ដោយ​​បន្សល់​ទុក​នូវ​កូន​ប្រុស​ស្រី ចំនួន​ពីរនាក់​៕