ក្រចេះ: សាលាដំបូង​ខេត្តក្រចេះ​បាន​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​ឈើ​ចំនួន ៣ ​ករណី និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តក្រចេះ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បាន​លួច​ដឹកឈើ​ខុសច្បាប់ និង​បាន​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន​។

ជនសង្ស័យ​ខាងលើ​មាន​ឈ្មោះ ឃាន សម្បិត្ត ភេទ​ប្រុស អាយុ ៣៨ ​ឆ្នាំ​ មាន​លំនៅ ភូមិ​ព្រែកប្រាំ ឃុំ-ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដោយ​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ស្រុក​ព្រែកប្រសព្វ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ពី​ថ្ងៃ​​ទី​ ២៣ ខែសីហា តាម​បណ្ដឹង​របស់​ឈ្មោះ ម៉ូវ សុខឌីម ភេទ​ប្រុស អាយុ ៥០ ​ឆ្នាំ ​ជា​អ្នក​សារព័ត៌មាន​គេហទំព័រ BDP​។

លោក ទីវ វុធធេន អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ឃាន សម្បត្តិ នេះ​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ពីថ្ងៃ​ទី​ ២៤ សីហា​។ លោក​បន្តថា បទចោទ​លើ​ជនសង្ស័យ​រូបនេះ​គឺ​មាន​ ៣ ​ករណី​ គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ បទល្មើស​ហិង្សា​ស្រាល និង​បទល្មើស​ក្លែង​ឯកសារ​សាធារណៈ​ (​ប្រើប្រាស់​រថយន្ដ​ស្លាក​លេខ ខ.ម)​។

លោក​ថា​៖ «​យើង​បាន​សម្រេច​ឃុំខ្លួន​ហើយ​... តែ​យើង​មិនទាន់​សម្រេច​បើក​សវនាការ​នៅឡើយ​ទេ រង់ចាំ​ការអនុវត្ត​នីតិវិធី​បន្ត​សិន​»​។

យោង​តាម​របាយការណ៍​កងរាជ​អាវុធហត្ថ​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ២១ ខែ សីហា ឆ្នាំ​ ២០២០ ជនសង្ស័យ​ឈ្មោះ ឃាន សម្បិត្ត បាន​ដឹក​ជញ្ជូន​ឈើ​ក្រហម​ (​ឈើ​គ្រឿងផ្ទះ​) តាម​រថយន្ដ​កែច្នៃ​ពី​ចំណុច​ព្រៃឡង់ ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ​ឆ្ពោះ​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

លុះដល់​ម៉ោង​ប្រហែល​ ៤ ​និង​ ៣០ ​នាទី​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃទី​ ២២ ខែ​សីហា ពេល​ឡាន​ដឹកឈើ​របស់​ឈ្មោះ ឃាន សម្បិត្ត បើក​ដល់​ចំណុច​ភូមិ​ទួលស្រឡៅ ឃុំ​ទួលសំបួរ ស្រុក​ស្ទឹងត្រង់​ក៏​បាន​ជួប​រថយន្ដ​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ២ ​រថយន្ដ ធ្វើការ​បើក​បិទផ្លូវ មិន​ឲ្យ​រថយន្ដ​ដឹកឈើ​ធ្វើដំណើរ​ហើយ​ក៏​មាន​ការប៉ះទង្គិច​គ្នា​តែម្ដង​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​៖ «​ខណៈនោះ​ដែរ ស្រាប់តែ​ឈ្មោះ ឃាន សម្បិត្ត បាន​បើករថយន្ដ​ម៉ាក​ឡិចស៊ីស ៤៧០ ពណ៌​ត្រេអី ពាក់​ស្លាក​លេខ​ខម ទៅ​ដល់​ក៏​ចុះ​ពី​លើ​រថយន្ដ​ទៅ​ប្រវាយប្រតប់​គ្នា​ជាមួយ​ឈ្មោះ ម៉ូវ សុខឌីម ជា​អ្នកសារព័ត៌មាន​ដើម្បី​កុំឲ្យ​ថត​សកម្មភាព​របស់ខ្លួន ក៏​បង្កើត​ទៅជា​ករណី​ហិង្សា​កើតឡើង​»​។

អ្នកស្រី ឃុត ស្រីនុច ត្រូវជា​ភរិយា​លោក ម៉ូវ សុខឌីម ជា​ជនរងគ្រោះ​ដោយ​ការប្រើ​ហិង្សា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ប្តី​អ្នកស្រី​មាន​របួស​ត្រង់​ខ្នង ភ្នែក និង​មុខ ដោយសារ​តែ​លោក ឃាន សម្បតិ្ត បាន​ប្រើ​ហិង្សា​លើ​គាត់​។ លោកស្រី​បាន​បន្តថា ជនសង្ស័យ​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នករកស៊ី​បទល្មើស​ឈើ ហើយ​មាន​ការអួត​ក្អេងក្អាង មិន​ខ្លាច​នរណា​នោះ​ទេ ដូច្នេះ​អ្នកស្រី​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ ព្រោះ​ខ្លាច​បុគ្គល​រូបនេះ​សងសឹក​នៅ​ថ្ងៃ​ក្រោយ​។

អ្នកស្រី​បាន​បន្តថា​៖ «​តាម​ដែល​ប្តី​ខ្ញុំ​​និយាយ​មក គឺ​គាត់​ឃើញ​ឡាន​គេ​បើក​​មក ហើយ​មាន​ភ្លើង​ច្រើន ហើយ​គាត់​ក៏​បាន​ទាញ​ទូរស័ព្ទ​ថត ហើយ​ក៏​ជនបង្ក​ស្ទុះ​មក​វ៉ៃ​ប្តី​ខ្ញុំ​តែ​ម្តង​។ និយាយ​ទៅ ខ្ញុំ​ចង់​បាន​ភាពយុត្តិធម៌​ឲ្យ​ប្តី​ខ្ញុំ​ហ្នឹង​ណា ពេល​ដែល​វ៉ៃ និង​ព្រមាន​ដាក់​ប្តី​ខ្ញុំ វា​វ៉ៃ​ហ្នឹង ចង់​វ៉ៃ​សម្លាប់​យើង​ចោល​តែម្ដង​ហ្នឹង ព្រោះ​មាន​ទាំង​កូនចៅ​វា​ច្រើន​ទៀត​។ បើសិន​យើង​គ្មាន​ភ័ស្តុតាង​ទេ ធ្វើ​អី​វា​មិន​បាន​ទេ ហើយ​វា​បាន​ជំរុញ​ឲ្យ​ប្តី​ខ្ញុំ​ប្តឹង​ទៀត​»៕