
អង្គការសារមន្ទីរគ្រាប់មីន ស្ថិតក្នុងស្រុកបន្ទាយស្រីនៅតែមិនទាន់បើកទ្វារឲ្យដំណើរការឡើងវិញនៅឡើយទេ។
ភ្នំពេញៈ លោក អាគីរ៉ា ស្ថាបនិកអង្គការសារមន្ទីរគ្រាប់មីនរួមនឹងក្រុមការងារ ២ នាក់ផ្សេងទៀតត្រូវបានចៅក្រមស៊ើបសួរខេត្ដសៀមរាបសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ បន្ទាប់ពីការស្នើឲ្យនៅក្រៅឃុំរបស់មេធាវីរបស់លោក។ នេះបើតាមលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាបប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញ។
លោក យិន ស្រាង បានថ្លែងថា៖ «ចៅក្រមស៊ើបសួរជាអ្នកដោះលែងពួកគាត់ព្រោះមេធាវីពួកគាត់បានស្នើសុំឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ចំណែកសំណុំរឿងពួកគាត់ស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៅឡើយ ព្រោះចៅក្រមនៅមិនទាន់បិទការស៊ើបសួរទេ»។
លោក ទូច ឡូញ មន្ដ្រីនៃអង្គការសារមន្ទីរគ្រាប់មីន និងជាអ្នកមើលថែទាំក្មេងៗពេលលោក អាគីរ៉ា និងថ្នាក់ដឹកនាំសារមន្ទីរមីនត្រូវបានឃុំខ្លួននោះ បានឲ្យដឹងកាលពីម្សិលមិញថាពេលនេះលោក អាគីរ៉ា និងសមាជិក ២ នាក់ទៀតបានត្រឡប់ទៅដល់ផ្ទះពួកគាត់អស់ហើយ។
លោកថ្លែងថា៖ «ពួកគាត់សុខសប្បាយទេពេលនេះពួកគាត់ទៅដល់ផ្ទះពួកគាត់វិញអស់ហើយ ខ្ញុំទើបតែបានទៅសួរសុខទុក្ខពួកគាត់បានម្ដង ២ ដងដែរទេ។ តែមកដល់ផ្ទះវិញខលទៅលេខទូរស័ព្ទគាត់អត់ចូលសោះ»។
ទាក់ទងនឹងក្មេងៗទាំង ២៦ នាក់ដែលត្រូវយកចេញពីអង្គការសារមន្ទីរគ្រាប់មីន បន្ទាប់ពីការផ្អាកដំណើរការបណ្ដោះអាសន្នកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ នោះលោក ឡូញ បានឲ្យដឹងថាមានអង្គការ ២ កំពុងទទួលមើលថែក្មេងៗទាំងនោះតាមរយៈមន្ទីរសង្គមកិច្ចបានរៀបចំ។
លោកបានឲ្យដឹងថា៖ «ក្មេងៗបានទៅនៅអង្គការគេបណ្ដោះអាសន្នសិន ព្រោះយើងបិទសារមន្ទីរបណ្ដោះអាសន្នអ៊ីចឹងក៏ឲ្យអង្គការគេមើលការខុសត្រូវបណ្ដោះអាសន្នសិនអង្គការនោះគឺនៅក្នុងខេត្ដសៀមរាប»។
បើតាមលោក ឡូញ អង្គការដែលទទួលមើលថែក្មេងៗទាំង ២៦ នាក់បន្ដពីអង្គការសារមន្ទីរគ្រាប់មីននោះមាន ២ គឺ «អង្គការសាន់រាយ» និង«អង្គការទាំងអស់គ្នាដើម្បីកម្ពុជា»។
បើទោះជាលោក អាគីរ៉ា បាននៅក្រៅឃុំពិត ប៉ុន្ដែអង្គការសារមន្ទីរគ្រាប់មីន ស្ថិតក្នុងស្រុកបន្ទាយស្រីនៅតែមិនទាន់បើកទ្វារឲ្យដំណើរការឡើងវិញនៅឡើយទេ។
លោក ប៊ុត រ៉ៃ អនុប្រធានការពារដែលអាជ្ញាធរបានចាត់តាំងមកការពារនៅអង្គការសារមន្ទីរគ្រាប់មីនជាមួយនឹងកងកម្លាំងជាង ១០ នាក់ទៀតនោះបានថ្លែងថាមកដល់ពេលនេះលោកមិនទាន់ទទួលបានបញ្ជាណាមួយថា ត្រូវបញ្ឈប់ការយាមកាម និងបើកទ្វារអង្គការសារមន្ទីរគ្រាប់មីននៅពេលណានោះទេ។
លោកថ្លែងថា៖ «អត់មានឮគេប្រាប់ថាឲ្យឈប់ពេលណាទេ។ មកដល់ពេលនេះ ពួកខ្ញុំនៅយាម ២៤ ម៉ោងដដែលទេ»។
គួរបញ្ជាក់ថាលោក អាគីរ៉ា និងបុគ្គលិករួមការងាររបស់លោកត្រូវចាប់ខ្លួននៅថ្ងៃទី ២៨ ខែសីហា ក្រោមបទចោទលាក់ទុកអាវុធខុសច្បាប់។
ក្រៅពីជាស្ថាបនិកសារមន្ទីរមីនក្នុងខេត្តសៀមរាបលោក អាគីរ៉ា មានកេរ្តិ៍ឈ្មោះល្បីសុសសាយទាំងនៅក្នុង និងក្រៅប្រទេសដោយសារលោកត្រូវបានទូរទស្សន៍ CNN ផ្ដល់ងារជា «វីរបុរស CNN ឬ CNN Heroes» កាលពីឆ្នាំ ២០១០ ព្រោះតែសកម្មភាពបោសសម្អាតមីនដោយស្ម័គ្រចិត្តរបស់លោក៕