ក្រចេះ: សាលាដំបូងខេត្តក្រចេះកាលពីម្សិលមិញបានដោះលែងសកម្មជនព្រៃឈើរបស់សហគមន៍ ៣ នាក់ និងសកម្មជនសិទ្ធិមនុស្សរបស់អង្គការក្រៅរដ្ឋាភិបាលម្នាក់ ក្រោយពីប្រជាពលរដ្ឋមួយក្រុមប្រមូលផ្ដុំគ្នាដើម្បីតវ៉ានៅមុខតុលាការសុំឲ្យមានការដោះលែងពួកគេ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ និងបរិស្ថានដែលបានដឹកនាំមនុស្ស ១ ក្រុមតូចតវ៉ានៅមុខតុលាការសុំឲ្យមានការដោះលែងសកម្មជនទាំង ៤ នាក់នោះដោយមានការលើកបដាសរសេរថា៖ «អ្នកកាប់ព្រៃឈើមិនចាប់ មកចាប់អ្នកការពារព្រៃឈើ» និងបដារូបថតមនុស្សទាំង ៤ នាក់។
លោក ហេង ស្រស់ ថ្លែងថា៖ «ខ្ញុំសាទរចំពោះការសម្រេចរបស់តុលាការខេត្តក្រចេះ ហើយក៏ចូលរួមសោកស្ដាយដែលពួកគាត់ត្រូវបានគេឃុំខ្លួនចំនួន ៣ ថ្ងៃទាំងមិនមានទោសកំហុស។ ខ្ញុំយល់ការអនុវត្តច្បាប់របស់សមត្ថកិច្ចទៅលើសកម្មជនការពារព្រៃឈើនេះគឺជាការបំបាក់ស្មារតីអ្នកការពារព្រៃឈើផ្សេងៗទៀត ហើយពួកខ្ញុំក៏នឹងមិនរួញរាចំពោះឆន្ទៈការពារព្រៃឈើដែរ»។
លោក ស្រស់ ថ្លែងថា៖ «ចៅក្រមស៊ើបសួរ និងលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះបានសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញហើយ ប៉ុន្ដែតុលាការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល»។
លោក ទីវ វុធធេន អ្នកនាំពាក្យ និងលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
លោក ហេង ស្រស់ បានឲ្យដឹងថា ការឃាត់ខ្លួនលោក អ៊ូច ឡេង ជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងពលរដ្ឋសហគមន៍ព្រៃឡង់ ៣ នាក់ បានធ្វើឡើងតាមបណ្ដឹងលោក ឡាច ផាន់ណូ តំណាងក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) (Think Biotech Co., Ltd)។ ក្រោយការចាប់ខ្លួនពួកគេត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះចោទប្រកាន់ចំនួន ៣ បទល្មើសទៅតាមក្រមព្រហ្មទណ្ឌមាត្រា ២៩៩ និងមាត្រា ៣៦០ និងមាត្រា ៣២ ច្បាប់ស្ដីពីច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក ហេង ស្រស់ បានឲ្យដឹងទៀតថា រឿងហេតុពីដំបូងនៅថ្ងៃទី ១៣ មីនា បុរសទាំង ៤ នាក់បាននាំគ្នាជិះម៉ូតូដើរល្បាតព្រៃ ស្រាប់តែទៅដល់តំបន់មួយ ពួកគាត់នាំគ្នាស្នាក់នៅផ្ទះអ្នកភូមិក្បែរក្រុមហ៊ុន ក្រោយមកពួកគាត់ជិះម៉ូតូឌុបគ្នារកទិញទឹក តែនៅកន្លែងនោះគ្មានអ្នកលក់ទេ មានតែនៅក្នុងដីក្រុមហ៊ុន ស៊ីងបាយអូថេកមានរោងលក់ចាប់ហួយមួយ ហើយពួកគាត់ក៏នាំគ្នាចូលទៅទិញទឹកនៅទីនោះ ស្រាប់តែក្រុមសន្ដិសុខក្រុមហ៊ុនមកឃាត់ខ្លួនព្រមទាំងបានប្រើហិង្សាទៅលើពលរដ្ឋម្នាក់ក្នុងចំណោមនោះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានថ្លែងពីម្សិលមិញថា តុលាការត្រូវតែបន្តស៊ើបអង្កេតរកជនដៃដល់ដែលបានប្រើអំពើហិង្សាទៅលើសកម្មជនការពារព្រៃឈើម្នាក់ឲ្យរងរបួសក្នុងចំណោមនោះ។
លោក សែនករុណា ថ្លែងថា៖ «យើងពិនិត្យឃើញហើយថា បើសិនរឿងនេះនៅមិនទាន់ដោះលែងពួកគាត់ ហើយនៅបន្តទៅទៀតនោះ ហើយឈានទៅធ្វើការចោទប្រកាន់ ឬឃុំខ្លួនពួកគាត់គឺបង្ហាញយ៉ាងច្បាស់ថា វាជាការគំរាមកំហែងដល់សកម្មជនការពារព្រៃឈើ»។
លោក គង់ ស៊ីដន ស្នងការរងនគរបាលខេត្តក្រចេះពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេ។ ប៉ុន្ដែលោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃទី ១៥ ខែមីនានេះថា ជនសង្ស័យទាំង ៤ នាក់ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃទី ១៥ មីនា បន្ទាប់ពីមន្ត្រីបានធ្វើការសាកសួរពីដើមហេតុជុំវិញបណ្ដឹងរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក ដើម្បីឲ្យតុលាការចាត់ចែងតាមនីតិវិធីច្បាប់បន្តទៀត។
លោក ស៊ីដន ថ្លែងថា៖ «ខ្ញុំទទួលបានបណ្ដឹងនេះពីក្រុមហ៊ុនគឺពួកគាត់បាននាំគ្នាចូលក្នុងទីស្នាក់ការក្រុមហ៊ុនដែលកន្លែងហាមឃាត់ ហើយគាត់នាំគ្នាថតរូបនៅក្នុងស្នាក់ការគេដោយគ្មានការអនុញ្ញាតដែរ»។
លោក លូ ឈូឆាង នាយកក្រុមហ៊ុន និងលោក ឡាច ផាន់ណូ តំណាងក្រុមហ៊ុន ស៊ីង បាយអូថេកកាលពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងបានទេ។ លោក អ៊ូច ឡេង និងពលរដ្ឋ ៣ នាក់ផ្សេងទៀតមានឈ្មោះ លោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ត្រូវបានកងសន្តិសុខក្រុមហ៊ុននេះឃាត់ខ្លួនទាំង ៤ នាក់កាលពីព្រឹកថ្ងៃទី ១៣ ខែមីនា៕