ភ្នំពេញៈ បន្ទាប់ពីជាប់ឃុំអស់រយៈពេលជិត ៥ ឆ្នាំ លោក ថោង សារ៉ាត់ និងបក្ខពួក ៣ នាក់ទៀត ដែលជាប់ចោទពីបទឃាតកម្មសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីអំឡុងឆ្នាំ ២០១៤ នោះត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ចុះថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីព្រឹកថ្ងៃព្រហ្បតិ៍។
សេចក្ដីប្រកាសបានសរសេរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់, កួយ ចាន់ថុល, មាស សម្បត្តិ និងឈ្មោះ ឃុន ចិត្រា ត្រូវបានដោះលែងនៅក្រៅឃុំជាបណ្ដោះអាសន្នក្រោមលក្ខខណ្ឌ ៤ ចំណុច រួមមានជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ ហាមផ្លាស់ប្តូរលំនៅឋានត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី ១ រៀងរាល់ខែ និងត្រូវចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ។
សេចក្ដីប្រកាសបញ្ជាក់ថា៖ «ក្នុងចំណោមជនជាប់ចោទទាំង ៤ នាក់នោះ ក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាលដោយពេទ្យជំនាញឯកទេសផងដែរ»។ ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ មាត្រា ២០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននោះអ្នកនាំពាក្យសាលាឧទ្ធរណ៍បានពន្យល់ថា ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានជំនុំជម្រះលើសំណុំរឿងរបស់ពួកគេអស់រយៈពេល ៥ លើក។ តាមរយៈសវនាការទាំង ៥ លើកកន្លងមកនេះ និងក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការ និងភ័ស្តុតាងក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែមដើម្បីជាប្រយោជន៍យុត្តិធម៌នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះមេធាវីការពារក្តីរបស់ជនជាប់ចោទ ៤ រូបបានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុជាអំណះអំណាង។
សេចក្ដីប្រកាសដដែលនោះបានបន្តថា៖ «ការបើកការស៊ើបសួរបន្ថែមអាចត្រូវការរយៈពេលយូរបន្ថែមទៀត ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញ ព្រមជាមួយគ្នានេះកម្រិតនៃភ័ស្តុតាងទាក់ទងនឹងជនជាប់ចោទ ដែលបានដាក់ពាក្យសុំនៅមានកម្រិត ហើយក្រុមប្រឹក្សាយល់ថា ការឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភ័ស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់នៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ»។
សំណុំរឿងឃាតកម្មសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ មានជនជាប់ចោទ ៦ នាក់ដែលក្នុងនោះលោក ថោង សារ៉ាត់ ត្រូវបានជាប់ចាទពីបទ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា ២៨ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ខណៈអង្គរក្សរបស់គាត់ម្នាក់ឈ្មោះ សៀង វាសនា ដែលជាអ្នកដៃដល់ប្រើកាំភ្លើងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានជាប់ចោទពីបទ «ប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងមនុស្ស ៤ នាក់ទៀត ដែលរួមមានឈ្មោះ លី សៅ, កួយ ចាន់ថុល, មាស សម្បត្តិ និងឈ្មោះ ឃុន ចិត្រា ត្រូវបានជាប់ចោទពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
រយៈពេលជិត ៣ ឆ្នាំ បន្ទាប់ពីជនជាប់ចោទឈ្មោះ លី សៅ បានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយសារតែបញ្ហាសុខភាពនៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៩ កន្លងទៅនេះក្រោយពីការបើកសវនាការសួរដេញដោលជាច្រើនលើកច្រើនសារួចមក សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ថោង សារ៉ាត់, សៀង វាសនា, កួយ ចាន់ថុល, មាស សម្បត្តិ និងឈ្មោះ ឃុន ចិត្រា ដាក់ពន្ធនាគារអស់ ១ ជីវិត។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំពោះជនជាប់ចោទឈ្មោះ សៀង វាសនា ដែលជាជនដៃដល់ក្នុងអំពើបាញ់ប្រហារលើឧកញ៉ា អ៊ឹង ម៉េងជឺ មិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះទេ ដោយសារមេធាវីការពារជនជាប់ចោទខាងលើនេះពុំបានដាក់ពាក្យស្នើសុំនៅក្រៅឃុំជាលាយលក្ខណ៍អក្សរមកកាន់សាលាឧទ្ធរណ៍។
លោក ថារិទ្ធ បានបញ្ជាក់៖ «តុលាការសាលាឧទ្ធរណ៍ មិនបានលើកយកករណីរបស់ជនជាប់ចោទឈ្មោះ សៀង វាសនា មកពិចារណានោះទេ ដោយសារមេធាវីការពារជនជាប់ចោទរូបនេះមិនបានដាក់សំណើសុំនៅក្រៅឃុំជាលាយលក្ខណ៍អក្សរមកសាលាឧទ្ធរណ៍។ ម្យ៉ាងទៀត ជនជាប់ចោទរូបនេះបានសារភាពនៅចំពោះមុខតុលាការថា ខ្លួនគឺពិតជាបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ឹង ម៉េងជឺ ប្រាកដមែន»។
មេធាវីការពារជនជាប់ចោទ ថោង សារ៉ាត់ គឺលោក ទួត លុច បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះជាសញ្ញាល្អមួយសម្រាប់កូនក្ដីរបស់លោក។ គាត់គឺជាជនរងគ្រោះដោយសារការទម្លាក់កំហុសរបស់ជនជាប់ចោទឈ្មោះ សៀង វាសនា ដែលជាជនដៃដល់ក្នុងអំពើបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។
លោក លុច ថ្លែងថា៖ «ការសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះជាជំហានមួយនៃការចាប់ផ្ដើមផ្ដល់ភាពយុត្តិធម៌សម្រាប់កូនក្ដីរបស់ខ្ញុំ»។
នៅពេលសួរថា តើស្ថាប័នតុលាការមានការប៉ះប៉ូវការខូចខាតយ៉ាងដូចម្ដេច នៅពេលដំណើរការស៊ើបអង្កេតទៅថ្ងៃមុខនៅរកមិនឃើញតម្រុយ ឬភ័ស្តុតាងណាមួយដែលបង្ហាញថា កូនក្ដីរបស់លោកជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ? លោកលុចបានឆ្លើយយ៉ាងខ្លីថា៖ «យុត្តិធម៌ គឺតុលាការត្រូវតែដោះលែងកូនក្ដីខ្ញុំឲ្យមានសេរីភាព»។
លោក លី ច័ន្ទតុលា មេធាវីមកពីស្ថាប័នមេធាវី អេសវីភី បានឲ្យដឹងថា ស្ថាប័នតុលាការនៅកម្ពុជានាពេលបច្ចុប្បន្នពុំមានមាត្រាណាមួយចែងអំពីការប៉ះប៉ូវមកវិញចំពោះជនត្រូវចោទដែលត្រូវបានផ្ដន្ទាទោស ដោយការសម្រេចមានភាពឆ្គាំឆ្គងរបស់ចៅក្រមនោះទេ៕