ភ្នំពេញៈ ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ដែលពាក់ព័ន្ធជួលស្ត្រីខ្មែរឲ្យពពោះដើម្បីយកទារកទៅចិញ្ចឹមនៅក្រៅប្រទេសហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ១៨ ខែនោះត្រូវសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ពីម្សិលមិញប្រកាសសាលដីកាដោយរក្សាទោសនៅដដែល បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ២៧ ខែធ្នូកន្លងមក។
នៅក្នុងបន្ទប់សវនាការ និងនៅចំពោះមុខស្ត្រីជាប់ចោទលោកស្រីចៅក្រម គឹម ដានី បានអានសាលដីកាថាសំណុំរឿងដែលមានស្ត្រីជាប់ចោទឈ្មោះ Tammy Alayne Chales អាយុ ៤៩ ឆ្នាំដែលកាលពីថ្ងៃជំនុំជម្រះមានលិខិតពីវេជ្ជបណ្ឌិតអះអាងថាជនជាប់ចោទមានជំងឺដុំពកភ្នែកហើយមុនជាប់ឃុំក៏ត្រូវវះកាត់ម្តងហើយដែរ។
លោកស្រីចៅក្រមបន្តតាមលិខិតពេទ្យថាគ្រូពេទ្យថាប្រសិនបើដុំពកភ្នែកនោះរើឡើងវិញនោះជំងឺនេះត្រូវតែវះកាត់។ ប៉ុន្តែការលើកឡើងនេះលោកស្រីចៅក្រមហាក់មិននិយាយដល់ការអនុញ្ញាតឲ្យជនជាប់ចោទបាននៅក្រៅឃុំដើម្បីព្យាបាលពេលជំងឺមហារីករើឡើងវិញឬយ៉ាងណានោះដែរ។
ចំពោះមូលហេតុដែលត្រូវសភាព្រហ្មទណ្ឌតម្កល់ទោសនោះលោកស្រីចៅក្រមពន្យល់ទៅស្ត្រីជាប់ចោទថា៖ «ទោស ១៨ ខែដែលសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដល់ជនជាប់ចោទនោះគឺមានលក្ខណៈសមល្មមហើយព្រោះបើតាមមាត្រានៃក្រមព្រហ្មទណ្ឌទោសនេះត្រូវជាប់ឃុំពី ៦ ខែទៅ ២ ឆ្នាំឯណោះ។ ដូច្នេះតុលាការមិនអាចធ្វើតាមការស្នើសុំពីជនជាប់ចោទកាលពីថ្ងៃជំនុំជម្រះឲ្យបន្ថយទោសដល់ខ្លួនបានទេ»។
គួររំឭកដែរថាកាលពីថ្ងៃជំនុំជម្រះស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Tammy Alayne-Chales អាយុ ៤៩ ឆ្នាំបានទទួលកំហុស និងសុំឲ្យបន្ថយទោសដែលការស្នើសុំនេះបានធ្វើឡើងក្រោយពីតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ។
កាលពីថ្ងៃជំនុំជម្រះស្ត្រីជាប់ចោទប្រាប់ចៅក្រមថាគាត់ត្រូវលោកគ្រូពេទ្យផ្ញើលិខិតពីបរទេសបញ្ជាក់អំពីបញ្ហាជំងឺមហារីកកោសិការបស់គាត់។
ដូច្នេះគាត់សូមឲ្យតុលាការជួយកាត់បន្ថយទោសដើម្បីឲ្យគាត់ឆាប់បានចេញពីមន្ទីរឃុំឃាំងទៅព្យាបាលជំងឺ។
លោកស្រីចៅក្រម គឹម ដានី បានឲ្យដឹងតាមអង្គហេតុថាកាលពីអំឡុងឆ្នាំ ២០១៥-២០១៦ ស្ត្រីជាប់ចោទ Tammy Alayne Chales បានមកប្រទេសកម្ពុជាហើយស្វែងរកស្ត្រីខ្មែរដើម្បីពពោះយកទារក និងបានទាក់ទងបុរសឈ្មោះ ពេជ្រ ឫទ្ធី និង ស្ត្រីឈ្មោះ សំរិទ្ធ ចរិយា ដើម្បីរកស្ត្រីខ្មែរឲ្យពពោះ។
អង្គហេតុបង្ហាញបន្តថាបន្ទាប់ពីជនទាំង ២ នាក់រកស្ត្រីខ្មែរបានក៏នាំទៅមន្ទីរសម្ភពដើម្បីចាក់មេជីវិតដែលស្ត្រីជាប់ចោទផ្តល់ប្រាក់ឲ្យថ្លៃសេវាចំនួន ៣០០ ដុល្លារ។ រីឯស្ត្រីជាអ្នកពពោះនោះគឺស្ត្រីជាប់ចោទផ្តល់ប្រាក់ឲ្យ ១ ម៉ឺនដុល្លារពេលទារកកើតមក។
ប៉ុន្តែរឿងនេះត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនបុរស ឈ្មោះ ពេជ្រ ឫទ្ធី ស្នាក់នៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក និងស្ត្រីឈ្មោះ សំរិទ្ធ ចរិយា អាយុ ៣០ ឆ្នាំមុខរបរឆ្មបស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករានៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។ បើតាមរបាយការណ៍នគរបាលបង្ហាញថា ករណីនេះមានស្ត្រីខ្មែរ ២៣ នាក់ហើយដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញទាក់ទងនឹងករណីគេឲ្យពពោះជំនួសក្នុងអាជីវកម្មខុសច្បាប់។
ក្នុងចំណោមស្ត្រីខ្មែរទាំង ២៣ នាក់នោះគេបង្កើតបានទារក ៥ នាក់ខណៈស្ត្រី ១៨ នាក់ទៀតកំពុងពពោះនៅឡើយ។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧ សម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ១ ឆ្នាំ ៦ ខែចោទបទ «អន្ដរកាលរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទសុំឲ្យផ្ដល់ឯកសារទុច្ចរិត» និងពិន័យប្រាក់ ៤ លានរៀលចូលថវិការដ្ឋ។ ដោយឡែកជនជាប់ចោទខ្មែរ ២ នាក់ទៀតក៏ជាប់ដូចគ្នាជាចារីសមគំនិត៕