ភ្នំពេញៈ សំណុំរឿងលោក រ៉ាត់ រ័ត្នមុនី ដែលពាក់ព័ន្ធនឹងផលិតខ្សែវីដេអូរឿង «ម្តាយខ្ញុំលក់ខ្ញុំ» ហើយដែលត្រូវសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះពីម្សិលមិញដែលបន្តពីសវនាការលើកទី១ នោះនឹងត្រូវលើកប្រកាសសាលក្រមនៅថ្ងៃទី ២៦ ខែ មិថុនា ខាងមុខ។
អង្គសវនាការដែលមានសមាសភាពលោកចៅក្រម កូយ សៅ និងមានតំណាងអយ្យការលោក វង្ស ប៊ុនវិសុទ្ធ នោះ អ្នកស្រី ទេព សាលីន និងកូនស្រីឈ្មោះ លឹម ស្រីទី បានឆ្លើយប្រាប់ចៅក្រមថា មុននឹងពួកគេស្ម័គ្រចិត្តថតវីដេអូនេះគឺឈ្មោះ រ៉ាត់ រ័ត្នមុនី បានទៅប្រាប់ពួកគាត់ (ម្តាយកូន) ថា នឹងជួយផ្ចុងផ្តើមជាទុនក្នុងការបើកហាងអ៊ុតសក់ និងបើកកន្លែងបោកអ៊ុតដើម្បីរកស៊ីចិញ្ចឹមជីវិតហើយការថតនេះគេមិនចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជាទេ។ រឿងនេះគេយកទៅចាក់ផ្សាយនៅក្រៅប្រទេស ហើយបើបានល្បីគេនឹងជួយផ្ដល់ជាលុយកាក់ឲ្យ។
អ្នកស្រី ទេព សាលីន ថ្លែងថា៖ «គ្រួសារខ្ញុំក្រីក្រផង ហើយពេលលោក មុនី មកប្រាប់ខ្ញុំ គាត់ថា ចាំជួយរកជំនួយ តែពេលចេញចំណងជើងស្រាប់តែចេញជាម្តាយខ្ញុំលក់ខ្ញុំវិញ។ បើខ្ញុំដឹងអ៊ីចឹងខ្ញុំ និងកូនស្រីមិនធ្វើបែបនេះទេ។ ទោះជាខ្ញុំក្រក្តីក៏ខ្ញុំមិនលក់កូនដែរ ហើយខ្ញុំទារសំណង ១ ម៉ឺនដុល្លារ»។
ចំពោះ លឹម ស្រីទី ដែលជាកូនវិញ បានប្រាប់ចៅក្រមដែរថា មូលហេតុដែលនាងស្ម័គ្រចិត្តថតវីដេអូនោះ ក៏ព្រោះតែយល់ថា លោក រ៉ាត់ រ័ត្នមុនី ប្រាប់នាងថា ការផលិតខ្សែវីដេអូនេះ គ្រាន់តែនិយាយពីជីវភាពគ្រួសារក្រីក្រនៅកម្ពជាប៉ុណ្ណោះ ហើយនៅក្នុងខ្សែវីដេអូដែលនាងនិយាយថា ធ្លាប់លក់ខ្លួនអីនោះ គឺគ្រាន់តែជាការសម្តែង មិនមែនជាការពិតនោះទេ។ ចំពោះដែលនាងនិយាយបានរលូនក្នុងវីដេអូនោះទៀតសោតគឺ លោក មុនី មិនបានបង្គាប់ឲ្យនាងនិយាយទេ តែគាត់គ្រាន់តែប្រាប់ឲ្យនាងនិយាយយ៉ាងណាឲ្យចំសាច់រឿង។
ស្រីទី បានថ្លែងថា៖ «គាត់មិនបានប្រាប់ខ្ញុំមុនទេតែខ្ញុំនិយាយតាមសំណួរដែលគាត់សួរខ្ញុំ។ តាមពិតខ្ញុំមិនដែលលក់ខ្លួនទេទោះជាខ្ញុំក្រក៏ដោយ ហើយពេលបែកធ្លាយរឿងនេះប៉ូលិសរកចាប់ម្តាយខ្ញុំផង ព្រោះគេថាម្តាយខ្ញុំលក់ខ្ញុំ ហើយខ្ញុំទារសំណង ១ ម៉ឺនដុល្លារ និងសុំឲ្យតុលាការសម្រេចតាមច្បាប់»។
ដោយឡែក លោក នាក់ សុទ្ធា ជានាយកសាលាឥន្ទ្រទេវីដែលជាដើមបណ្តឹងរដ្ឋប្បវេណីដែរនោះ បានឆ្លើយក្នុងសវនាការពីម្សិលមិញដែរថា លោក រ៉ាត់ រ័ត្នមុនី បានយកលិខិតក្រសួងព័ត៌មានទៅបង្ហាញគាត់សុំថតវីដេអូ ក្នុងសាលាហើយយកកូនសិស្សរបស់លោកម្នាក់ឈ្មោះ អៀង ស្រីម៉ុច ឲ្យថតវីដេអូនោះផង ហើយប្រាប់លោកថា វីដេអូនោះមានចំណងជើងថា ការអភិវឌ្ឍរបស់ប្រទេស កម្ពុជា ក្រោយរបបខ្មែរក្រហម។ ក្នុងន័យនេះហើយទើបលោកអនុញ្ញាតឲ្យថត។
លោក សុទ្ធា ថ្លែងថា៖ «ពេលមានការផ្សព្វផ្សាយជារឿងម្តាយខ្ញុំលក់ខ្ញុំនោះ ខ្ញុំសោកស្តាយនិងធ្វើឲ្យសាលាខ្ញុំអាប់កិត្តិយស។ ប៉ុន្តែខ្ញុំមិនទារសំណងពីគាត់ទេ ខ្ញុំសុំឲ្យគាត់ឈប់ប្រព្រឹត្តបែបនេះទៀត»។
លោក ឡោ ជុនធី និងលោក សំ ទិតសីហា ជាមេធាវីការពារសិទ្ធិឲ្យលោក រ៉ាត់ រ័ត្នមុនី បានសន្និដ្ឋានថា កូនក្តីរបស់លោកកាលពីថតវីដេអូនោះមិនបានបង្គាប់ឲ្យជនរងគ្រោះនិយាយពីការលក់ខ្លួនទេហើយដំណើររឿងសុទ្ធតែជនរងគ្រោះឆ្លើយដោយស្ម័គ្រចិត្ត។ ម៉្យាងក្រុមការងារថតវីដេអូរបស់រុស្ស៊ីនោះក៏បានសរសេរលិខិតទៅស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ីដែរថា លោករ៉ាត់រ័ត្នមុនី គ្រាន់តែជាអ្នកបកប្រែប៉ុណ្ណោះ។
លោកមេធាវី ឡោ ជុនធី ថ្លែងថា៖ «ដូច្នេះខ្ញុំសូមឲ្យតុលាការលុបចោលបទចោទមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ និងសុំឲ្យកូនក្តីខ្ញុំរួចពីបទចោទ»។
លោក វង្ស ប៊ុនវិសុទ្ធ តំណាងអយ្យការបានសន្និដ្ឋានថា យោងតាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង ៥ នាក់និងយោងតាមភ័ស្តុតាង និងកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា លោក រ៉ាត់ រ័ត្នមុនី ពិតជាបានចូលរួមក្នុងសកម្មភាពផលិតខ្សែវីដេអូនោះមែនដោយគាត់មិនត្រឹមជាអ្នកបកប្រែទេតែថែមទាំងជាផលិតករផង។
លោក ប៊ុនវិសុទ្ធ ថ្លែងថា៖ «ខ្សែវីដេអូនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជាដូច្នេះខ្ញុំសុំតម្កល់បទចោទរបស់លោកចៅក្រមស៊ើបសួរ»។
ទាក់ទងនឹងករណីនេះដែរ កាលពីដើមសប្តាហ៍នេះ ស្ថាប័នសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី Russia Today (RT) ដែលជាម្ចាស់ផលិតកម្មខ្សែភាពយន្ត «ម្តាយខ្ញុំ លក់ខ្ញុំ (My Mother Sold Me) » បានផ្ញើលិខិតមួយច្បាប់ទៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងម៉ូស្គូ ដោយបង្ហាញក្តីបារម្ភ និងអះអាងថា ខ្សែភាពយន្តនេះ គ្មានជាប់ពាក់ព័ន្ធនឹងលោក រ៉ាត់ រ័ត្នមុនី នោះទេ។
ប្រធាននាយកដ្ឋានឯកសារភាពយន្ត RT ឈ្មោះ Ekaterina Yakovleva បានលើកឡើងក្នុងលិខិតនោះថា លោក មុនី គ្រាន់តែជាអ្នកបកប្រែ និងជាអ្នកសម្របសម្រួលក្នុងខ្សែភាពយន្តនេះ ក្នុងអំឡុងពេល ពីថ្ងៃទី ២២ ខែ មករា រហូតទៅដល់ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ តែប៉ុណ្ណោះ។ ក្រុមការងាររបស់ RT បានចាប់ផ្តើមដំណើរការផលិតរឿងនេះ តាំងពីឆ្នាំ ២០១៧ តាមរយៈការដាក់សំណើសុំថតទៅក្រសួងព័ត៌មាន ហើយក្រសួងក៏បានអនុញ្ញតផងដែរ។ Yakovleva បន្តថា ជាមួយគ្នានេះ ក្រុមការងារទូរទស្សន៍ RT ក៏បានទទួលការ អនុញ្ញាតតាមរយៈការចុះកិច្ចព្រមព្រៀងរបស់ក្រុមតួឯកស្រ្តីម្នាក់ ក្នុងចំណោមតួនីមួយៗ ដើម្បីបង្ហាញខ្លួនរបស់ពួកគេក្នុងភាពយន្តនេះផងដែរ។
លិខិតនេះបញ្ជាក់ថា៖ «យើងខ្ញុំពិតជាមានកង្វល់យ៉ាងខ្លាំង ចំពោះការឃុំខ្លួនលោក រ៉ាត់ រ័ត្នមុនី ហើយយើងខ្ញុំក៏សង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ»៕