
អគារកម្ពស់ ៧ ជាន់ ដែលបាក់រលំបណ្ដាលអោយមនុស្ស ៣៦ នាក់ស្លាប់ កាលពីខែមករា ឆ្នាំ ២០២០។ ហេង ជីវ័ន
កំពតៈ តុលាការខេត្តកំពតគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងបាក់អគារកម្ពស់ ៧ ជាន់ កាលពីដើមឆ្នាំ ២០២០ នៅក្នុងខេត្តកែប នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ ដែលបណ្ដាលឲ្យមនុស្ស ៣៦ នាក់ស្លាប់នៅក្រោមគំនរបាក់បែក។
លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១០ ខែមករាថា ចំណាត់ការរបស់តុលាការលើករណីសំណុំរឿងបាក់អគារនៅក្នុងខេត្តកែបមួយនេះបានអូសបន្លាយយូរ ដោយសារភាពស្មុគស្មាញនៃសំណុំរឿង និងមានជនរងគ្រោះច្រើនគ្នា។
លោក គី តិច ថ្លែងថា៖ «ករណីនេះត្រូវបានតុលាការបានធ្វើសវនាការរួចហើយ និងគ្រោងប្រកាសនៅថ្ងៃទី ១៣-១-២១។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានបំពេញភារកិច្ចការពារជូនជនរងគ្រោះតាមផ្លូវច្បាប់ ឯលទ្ធផលយ៉ាងណា វាអាស្រ័យលើការវិនិច្ឆ័យដោយចៅក្រម»។
លោក គី តិច បានឱ្យដឹងថា ក្រោយការសម្រេចរបស់សាលាដំបូងខេត្ត បើភាគីណាមួយគិតថាមិនទទួលបានយុត្តិធម៌អាចប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍។ ចំពោះកិច្ចការនេះប្រមុខរាជរដ្ឋាភិបាលបានទទួលខុសត្រូវខ្ពស់ក្នុងការជួយសង្គ្រោះជួយជាថវិកាឧបត្ថម្ភ និងជួយទាំងមេធាវី ដើម្បីជួយការពារ និងជួយទាមទារសំណងផ្នែករដ្ឋប្បវេណីជូនជនរងគ្រោះ។
លោក យ៉ាន់ ទី អគ្គលេខាធិការនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ (BWTUC) បានឱ្យដឹងថា សមាជិករបស់សហព័ន្ធបានបើកយុទ្ធនាការទាមទារយុត្តិធម៌ជូនដល់គ្រួសារជនរងគ្រោះក្រោយឧប្បត្តិហេតុនេះ។
លោកថ្លែងថា៖ «យើងទាមទាររកយុត្តិធម៌ ដល់ជនរងគ្រោះកុំឱ្យមានការភាន់ច្រឡំថា សំណងដែលសាច់ញាតិទទួលបានកន្លងមកនេះ វាយុត្តិធម៌នោះ គឺមិនមែននោះទេ ព្រោះវាជាប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលប៉ុណ្ណោះ»។
លោក យ៉ាន់ ទី អះអាងថា សម្រាប់សំណងរដ្ឋប្បវេណីពីភាគីខាងក្រុមហ៊ុន គឺមិនទាន់បានចម្លើយនោះទេ ហើយដំណើរនៅប្រព័ន្ធតុលាការមិនទាន់បើកសវនាការឱ្យច្បាស់ថា អ្នកណាទទួលខុសត្រូវកម្រិតណា ចំពោះកម្មករដែលបានបាត់បង់ជីវិត។
កម្មករសំណង់ចំនួន ៣៦ នាក់បានស្លាប់ក្រោមគំនរបាក់បែកនៃអគារក្នុងក្រុងកែប ខេត្តកែបកាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ មូលហេតុនៃការបាក់អគារនេះបង្កឡើងដោយកំហុសបច្ចេកទេសរួមមានការប្រើប្រាស់ដែកសាងសង់មិនត្រឹមត្រូវ និងការដកពុម្ពប្លង់សេមុនកាលកំណត់។ ម្ចាស់សំណង់ដែលមានឈ្មោះ ឯក សារុន និងភរិយាត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពីតម្កល់ប្រាក់ធានានៅក្រៅឃុំ៕