មណ្ឌលគិរី: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​លោក ញាណ សុវណ្ណ បាន​សម្រេច​ឃុំខ្លួន​ឧត្ដមសេនីយ៍ទោ​ម្នាក់​ដោយ​ចោទ​ពី​បទ​កាប់​គាស់​រុករាន​ដីព្រៃ ប្រព្រឹត្ត​នៅក្នុង​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាលពី​ខែកញ្ញា ឆ្នាំ​ ២០២០​។

តាម​ដីកា​ចេញ​ដោយ​លោក ញាណ សុវណ្ណ ចុះ​ថ្ងៃទី​ ២ ខែ​តុលា​ដែល ​ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួល​ពី​ម្សិលមិញ​បាន​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ឈ្មោះ ពៅ សុធារ៉ាន់ ភេទ​ប្រុស អាយុ​ ៤៣ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម និង​មាន​លំនៅ​បច្ចុប្បន្ន​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​ជា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

ដីកា​បន្តថា ជននេះ​ត្រូវ​ចោទប្រកាន់​ពីបទ «​កាប់​គាស់​រុករាន​ដីព្រៃ ឆ្ការ​ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​» ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំ​រហាំង ស្ថិត​នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​ ៩ ខែ​កញ្ញា ឆ្នាំ​ ២០២០ បទល្មើស​ព្រហ្មទណ្ឌ​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៦២ ចំណុច​ ១ និង​មាត្រា​ ៥៦ ចំណុច​ ៤ ​នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

ដីកា​នេះ​បាន​បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​ជា​បណ្ដោះអាសន្ន​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ឱ្យ​​ដឹង​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការឃុំ​ជនសង្ស័យ​​នេះ និង​ថា​គាត់​ជាប់​ពាក់ព័ន្ធ​បទល្មើស​លួច​ឈូសឆាយ​ដី​ព្រៃ​ទំហំ​ ៤០ ​ហិកតា​។

លោក​ថា​៖ «​ករណី​ឈូសឆាយ​ដីព្រៃ​នេះ​គឺ​យើង​នៅ​បន្ត​ស្រាវជ្រាវ​រក​ជនល្មើស​ដែល​ពាក់ព័ន្ធ​បន្ថែមទៀត បើទោះបី​ជា​យើង​ចាប់​បាន​មេខ្យល់​ក៏ដោយ​។ យើង​មិនអាច​បណ្ដោយ​ឱ្យ​ជន​អនាធិបតេយ្យ​ដើរ​ចាប់ដី​រដ្ឋ​លក់​តាមតែ​ចិត្ត​នោះទេ​។ ​ឥឡូវនេះ យើង​កំពុង​ធ្វើការងារ​ហ្នឹង គឺ​ចាត់​វិធានការ​តាម​ច្បាប់​តែម្ដង​»​។

លោក​ សៀក មុន្នី អភិបាលស្រុក​​អូររាំង​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​ករណីនេះ​បាន​ទេ ដោយ​ទូរស័ព្ទ​​លោក​មិនអាច​ទាក់ទង​បាន​។

លោក អ៊ាង ម៉េងលី មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​សាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ខេត្ត​ដែល​បាន​ឃុំខ្លួន​មន្ត្រី​មាន​អំណាច​នេះ និង​​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​បន្ថែម​លើ​ជនល្មើស​ផ្សេងៗ​ទៀត​។

លោក​បន្តថា បទល្មើស​បែបនេះ​បាន​កើត​មាន​ជា​ហូរហែ​នៅ​ខេត្ត​មណ្ឌលគិរី ហើយ​អាជ្ញាធរ​ក៏បាន​បង្ក្រាប​ញឹកញាប់​ដែរ ប៉ុន្ដែ​នៅ​មិន​ទាន់​ថយចុះ​ទេ ដែល​ទាមទារ​មាន​វិធានការ​តឹងរ៉ឹង​ថែមទៀត ។

លោក​បញ្ជាក់ថា​៖ «​យើង​មានច្បាប់ មាន​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​ស្ដីពី​ការពារ​តំបន់​អភិរក្ស​ជាច្រើន​មកហើយ​។ អ៊ីចឹង​យើង​គួរតែ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ បើ​មិន​អ៊ីចឹង​ទេ​គឺ​បញ្ហា​កើតមាន​នៅ​តែ​បន្ត​រ៉ាំរ៉ៃ​ពី​ ១ ​ថ្ងៃ ទៅ​ ១ ​ថ្ងៃ ហើយ​បញ្ហា​កើតឡើង​ច្រើន​ដដែលៗ​​ថែម​ទៀត​»​។

គួររំឭក​ថា​លោក ហ៊ូ សាគុណ អគ្គស្នងការរង​នគរបាលជាតិ និង​លោក ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួមទាំង​លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​ ៣០ ​កញ្ញា​ បាន​ដឹកនាំ​កងកម្លាំង​​ចម្រុះ និង​មន្ទីរជំនាញ​ខេត្ត​ចុះ​ពិនិត្យ​ទីតាំង​ដែល​មាន​ការឈូសឆាយ​ដីព្រៃ​នេះ ប៉ុន្ដែ​មន្ត្រី​មិនទាន់​​បាន​បញ្ជាក់​ពី​លទ្ធផល​ទេ​៕