ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីកាលពីថ្ងៃសុក្របានសម្រេចបង្គាប់ឲ្យឃុំខ្លួនយុវជន សួង នាគព័ន្ធ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ដូចគ្នាទៅនឹងយុវជន គង់ រ៉ៃយ៉ា ដែលត្រូវចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
យុវជនទាំង២រូបដែលសមត្ថកិច្ចនិងចៅក្រមរាជធានីចោទប្រកាន់នេះ ក្រោយពេលពួកគេបានចូលរួមប្រារព្ធខួបគម្រប់ ៣ ឆ្នាំ នៃឃាតកម្ម លោក កែម ឡី កាលពីថ្ងៃទី ៩-១០ ខែកក្កដា ដោយសារតែពួកគេបានបោះពុម្ពអាវយឺតមានរូបថតនិងចែកខិត្តប័ណ្ណដែលមានភ្ជាប់សារលោក កែម ឡី។ តាមដីកាដែលចេញដោយចៅក្រមស៊ើបសួរលោក ឯក ប៉ូលីហ្វីល កាលពីថ្ងៃទី ១២ ខែ កក្កដា បានបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ សួង នាគព័ន្ធ នៅមណ្ឌលអប់រំកែប្រែទី១ «ម១» (ព្រៃស)។
យុវជន នាគព័ន្ធ ត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ១០ ខែ កក្កដា នៅគ្រាដែលយុវជនរូបនេះបានចែកខិត្តប័ណ្ណដែលសមត្ថកិច្ចចាត់ទុកថា ជារឿងញុះញង់ពាក់ព័ន្ធនឹងឃាតកម្ម លោក កែម ឡី នៅចំណុចស្តារម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីបានថ្លែងកាលពីម្សិលមិញថា៖ «ចៅក្រមស៊ើបសួរសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ សួង នាគព័ន្ធ ដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ដូចនឹងយុវជន គង់ រ៉ៃយ៉ា ដែរ»។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ កាលពីថ្ងៃទី ១១ ខែ កក្កដា។
លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរកាលពីម្សិលមិញបានបញ្ជាក់ថា សួង នាគព័ន្ធ ដែលជាសមាជិកសមាគមរបស់លោក គ្រាន់តែជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ មិនមែនជាសកម្មជនបក្សមានតួនាទីអ្វីនោះទេ។
លោកបន្តថា៖ «ដូចនេះ ខ្ញុំសូមអង្វរដល់អតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ដែលនិរទេសខ្លួននៅក្រៅប្រទេស សូមមេត្តាកុំយកខ្លួនគាត់ (នាគព័ន្ធ) ទៅពាក់ព័ន្ធនឹងនយោបាយ ដើម្បីកេងចំណេញ។ សូមមេត្តាអាណិតដល់រូបគាត់ជាមនុស្សស្លូតត្រង់ និងចង់រស់នៅមានសេរីភាព»។ «វាជារឿងអយុត្ដិធម៌ណាស់សម្រាប់លោកនាគព័ន្ធ ដែលចៅក្រម និងតំណាងក្រសួងយុត្ដិធម៌បានដាក់បន្ទុកដល់រូបគាត់ ដោយចោទថា មានគណបក្សប្រឆាំងជាអ្នករៀបចំជាកញ្ចប់សម្រាប់ឲ្យធ្វើសកម្មភាពផ្សេងៗនេះ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានសម្តែងការសោកស្តាយ ចំពោះការចោទប្រកាន់យុវជនទាំង ២ រូបខាងលើ ដោយលោកថ្លែងថា ការប្រារព្ធខួប ៣ ឆ្នាំ នៃឃាតកម្មលោក កែម ឡី គឺជាពិធីមួយដែលសាធារណជនបានដឹង និងបានប្រារព្ធជាទូទៅនិងមានថ្ងៃកំណត់ជាមុនច្បាស់លាស់។
លោកថ្លែងថា៖ «ហេតុការណ៍នេះ វាមិនមែនជារឿងមួយនៃបទល្មើសដូចទៅនឹងការចោទប្រកាន់របស់ចៅក្រមនោះទេ។ បើយើងមើលលើមាត្រាច្បាប់ទៅទៀតចំពោះការញុះញង់ ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍នេះ ទាល់តែជនទាំង ២ រូប និយាយអ្វីមួយ នៅតាមបណ្ដាញសាធារណៈឲ្យអ្នកណាម្នាក់ទៅប្រព្រឹត្ដិបទឧក្រិដ្ឋ។ ប៉ុន្ដែយើងឃើញថា គ្មានពាក្យសម្ដីណាមួយ ដែលបញ្ជាក់ថា អ្នកទាំង ២ នឹងទៅនិយាយឲ្យអ្នកណាម្នាក់ទៅប្រព្រឹត្ដនូវបទឧក្រិដ្ឋទេ»។
កាលពីទី ១២ ខែ កក្កដា ក្រុមអង្គការសង្គមស៊ីវិលជាង ៨០ ក្នុងនោះក៏មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស អាដហុក និងអង្គការលីកាដូផងដែរបានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កងកម្លាំងសន្តិសុខ ដោយមិនសមហេតុផល អំឡុងពេលប្រារព្ធពិធីរំឭកខួប ឃាតកម្មលើអ្នកវិភាគនយោបាយលោកកែម ឡី និងបានស្នើសុំយ៉ាងទទូចឲ្យអាជ្ញាធរដោះលែង លោក គង់ រ៉ៃយ៉ា និងលោកសួង នាគព័ន្ធដោយគ្មានលក្ខខណ្ឌ។ «ការចោទប្រកាន់ទៅលើការជួបជុំគ្នាដោយសន្តិវិធី ដោយការដាក់ទោសជាប់ពន្ធនាគារ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធចំពោះលំហដែលនៅសល់តិចតួចសម្រាប់សេរីភាពបញ្ចេញមតិនៅក្នុងប្រទេស កម្ពុជា»៕