ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ គឹម សុខ ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ដោយ​ព្រះរាជអាជ្ញា​បាន​អះអាង​ថា​ការ​ដោះលែង​លោក សុខ មុន​បញ្ចប់​ទោស​ជាប់​ពន្ធនាគារ​ ១៨ ​ខែ​អាច​នាំ​ឲ្យ​ «​វឹកវរ​» ​នៅ​ក្នុង​សង្គម និង​ធ្វើឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខកចិត្ត​ដោយ​តុលាការ​កំពូល​បាន​សម្រេច​រក្សា​ការ​ឃុំ​ខ្លួន​លោក​ គឹម សុខ នៅ​ក្នុង​ពន្ធនាគារ​ដដែល​។

លោក គឹម សុខ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ពី​បទ ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដោយ​លោក​បាន​ចោទប្រកាន់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​លោក​ កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក សុខ ​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​កំពូល​ពីព្រោះ​វា​អយុត្តិធម៌​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏​បាន​និង​កំពុង​ប្រើប្រាស់​អំណាច និង​មន្ត្រី​របស់​គាត់​ដើម្បី​ដាក់​ខ្ញុំ​នៅ​ក្នុង​គុក​ងងឹត​ដែរ​»​។

លោក​បាន​និយាយ​ថា​នៅ​ក្នុង​ពន្ធនាគារ​សិទ្ធិ​របស់​គាត់​ត្រូវ​បាន​គេ​រំលោភបំពាន​ដោយ​លោក​បាន​អះអាង​ថា​លោក​ត្រូវ​បាន​គេ​វាយដំ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ទៀត​ផង​។ ​លោក​បាន​បញ្ជាក់​ថា​ប្រសិន​បើ​លោក​ត្រូវ​បាន​ដោះលែង​នោះ​លោក​នឹង​មិន​រត់​គេច​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​លោក​នឹង​ប្រមូល​ភ័ស្តុតាង​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​កាត់​ទោស​រូប​លោក​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​មិន​រត់​ទេ​ខ្ញុំ​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​រឿង​ក្តី​នេះ​»​។

ព្រះរាជអាជ្ញា​តុលាការ​កំពូល​លោក​ ចាន់ តារារស្មី បាន​ជំរុញ​ឱ្យ​តុលាការ​បដិសេធ​សំណើ​របស់​លោក​ គឹម សុខ «​ដើម្បី​ប្រយោជន៍​សង្គម​ប្រយោជន៍​ដល់​សាធារណៈ និង​ដើម្បី​ជា​ប្រយោជន៍​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​»​។

ប្រធាន​ចៅក្រម​លោក​ គឹម សុថាវី បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​ដោយ​លើក​ឡើង​អំពី​នីតិវិធី​ស្រប​ច្បាប់​ និង​បាន​បន្ថែម​ថា​៖ «​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​គឺ​មិន​សំខាន់​ទេ​ពីព្រោះ​តុលាការ​បាន​សម្រេច​កាត់​ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​ ១៨ ​ខែ​រួច​ហើយ​»​។

កាលពី​ម្សិលមិញ​មេធាវី​របស់​គណបក្ស​ប្រជាជន​លោក​ គី តិច បាន​អបអរសាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ​ដោយ​លោក​បាន​បន្ថែម​ថា​មាន​ករណី​ប្តឹង​លោក​ គឹម សុខ ​ទី​ ២ ​ទៀត​ទាក់ទង​ទៅ​នឹង​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​ដែល​ត្រូវ​បាន​ប្តឹង​ដោយ​រដ្ឋាភិបាល​ហើយ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​តាម​ផ្លូវ​ច្បាប់​។

លោក គី តិច បាន​និយាយ​ថា​លោក គឹម សុខ គឺ​ «​ច្រងេង​ច្រងាង​» ហើយ​មិន​ព្រម​ស្តាប់​ចៅក្រម​ទេ និង​បាន​ជេរប្រមាថ​តុលាការ​ទៀត​ផង​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​គាត់​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះ​បទឧក្រិដ្ឋ​នឹង​កើតឡើង​គ្រប់​ទីកន្លែង​ពីព្រោះ​គាត់​មិន​ព្រម​ស្តាប់​នរណា​ទាំងអស់​»​។

លោក​បាន​បន្ត​ថា​៖ «​គាត់​បាន​បង្ក​ភាព​វឹកវរ និង​បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​»​។

បន្ទាប់ពី​គាត់​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​លោក​ សុខ បាន​ចោទប្រកាន់​តុលាការ​ថា​ជា​កូន​អុក​របស់​នាយក​រដ្ឋមន្ត្រី​។

លោក​និយាយ​ថា​៖ «​តុលាការ​គ្រាន់​តែ​ជា​ត្រា​ប្រថាប់​សម្រាប់​លោក​ ហ៊ុន សែន ប៉ុណ្ណោះ​... តុលាការ​បាន​ជួយ​លោក​ ហ៊ុន សែន ​ឱ្យ​ដាក់​ពន្ធនាគារ​លទ្ធិប្រជាធិបតេយ្យ​»​។ លោក គឹមសុខ បាន​ថ្លែង​ដូច​នេះ​ខណៈ​ដៃ​ទាំង​ ២ ​របស់​គាត់​កំពុង​ជាប់​ខ្នោះ និង​ត្រូវ​បាន​គេ​បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ​៕ NS