ភ្នំពេញៈ តុលាការ​បាន​បដិ​​សេ​​ធ​សំណើ​សុំ​លើក​លែង​បទ​ចោទ លើ​​លោក កឹម សុខា ជា​លើក​ទី​៤ ក្រោយ​ពេល​ក្រុម​មេធាវី​ការពារ​​ក្តី បាន​ដាក់​ពាក្យ​ស្នើ​សុំ​កាល​ពី​ ២​ សប្ដាហ៍​មុន ខណៈ​ដែល​អ្នក​ជំនាញ​ច្បាប់​យល់​ថា ប្រសិន​បើ​តុលាការ​មា​​​ន​ភ័ស្តុតាង ​គួរ​តែ​ប្រញាប់​កាត់​ក្តី​ ដោយ​មិន​ត្រូវ​ទុក​សំណុំ​រឿង​របស់​អតី​​ត​មេ​បក្ស​ប្រឆាំង​​បែប​នេះ​ទេ។

លោក​ស្រី ម៉េង​ សុភារី មេធាវី​ការពារ​ក្តី​១​​រូប​​ក្នុង​ចំណោម ​៤ រូប​របស់​លោក កឹម សុខា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ក្រុម​មេធាវី​ទើប​តែ​ទទួល​បាន​ដីកា​សម្រេច​រប​ស់​ចៅក្រម​ស៊ើប​សួរ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​​ចៅក្រម​បាន​សម្រេ​ច​​បដិសេធ​ ការ​ស្នើ​សុំ​លើក​លែង​បទ​ចោទ​ លើ​លោក កឹម សុខា។

លោក​ស្រី​បញ្ជាក់​ថា ក្រុម​មេធាវី ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ លើក​លែង​បទ​ចោទ ​កាល​ពី​ថ្ងៃទី​ ១៤ ​ខែ ​មីនា ប៉ុន្តែ​ចៅក្រម​បាន​សម្រេច​បដិសេធ​តាម​ដីកា​ចុះ​ថ្ងៃទី​ ១៩ មីនា។ លោក​ស្រី​ថ្លែង​ថា តាម​នីតិវិធី​ ការ​បដិសេ​ធ​របស់​ចៅក្រម​ស៊ើប​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​​ធ្វើ​ឡើង​ដោយ​មិន​ចាំបាច់​មាន​នីតិវិធី​ទេ​។ តែ​ប្រសិន​​បើ​សហ​មេធាវី​ប្តឹង​ទៅ​​ឧទ្ធរណ៍ ឬ​ប្ដឹង​សារ​ទុក្ខ នោះ​ទើ​ប​មាន​ការ​បើក​សវនា​ការ​ នៅ​សាលា​ឧទ្ធរណ៍​ឬ​តុលាការ​កំពូល។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​ ៣ ខែ​ កញ្ញា ២០១៧ ដោយ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិឬសន្ទិ​ដ្ឋភាព​ជាមួយ​​បរទេស។ ការ​ចាប់​ខ្លួន​នេះធ្វើ​ឡើង​ក្រោយ​ពេល​មាន​ការ​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ក្នុង​នោះ លោក សុខា បាន​ថ្លែង​នៅប្រទេស​អូស្ត្រាលី​ កាលពី​ឆ្នាំ​ ២០១៣ ​ថា ​លោក​​បាន​​ទ​ទួ​ល​ដំបូន្មាន​ពី​សហ​រដ្ឋ​អាមេរិក​ ក្នុង​​ការ​ធ្វើ​នយោ​បាយ​របស់​លោក។

លោក ចាន់​ ចេន មេធាវី​ការ​​ពារ​ក្តី​ម្នាក់​ទៀត​ បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​៤​ ហើយ​ ដែល​ក្រុម​មេធាវី​ការពារ​ក្តី​​បាន​ដាក់​​ពាក្យ​ស្នើ​សុំ​លើក​លែង​ប​ទ​ចោទ​​។ លោក​ពន្យល់​ថា ការ​ស្នើ​សុំ​លើក​លែង​បទ​ចោទ​​នេះ ​ដោយ​សារ​តែ​រឿង​ក្តី​នេះ​ ត្រូវ​បាន​តុលាការ​ ស៊ើប​អង្កេត​គ្រប់​ជ្រុង​ជ្រោយ​​រួច​ហើយ ហើយ​មា​ន​រយៈពេល​ជាង​ ១ ឆ្នាំ​ហើយ។

លោក​ថា​​ តុលាការ​មិន​មាន​អ្វី​សម្រាប់​ដាក់​បន្ទុក​ទៅ​លើ​កូន​ក្តី​របស់​លោក​ទេ ក្រៅ​ពី​អំណះអំណាង​ជា​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល​ខ្លី។ ចំណុច​ទី​៣ គឺមា​​ន​ការ​អះអាង​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាត​ស្អំ មាន​មុខ​របរ​ត្រឹម​ត្រូវ​ មាន​អាសយដ្ឋាន​ច្បាស់​លាស់។

លោក​ថ្លែង​ថា៖​ «មូលហេតុ​សំខាន់​ ដែល​សហមេធាវី​ស្នើ​ឲ្យ​លើក​លែង​​បទ​ចោទប្រកាន់​គឺ ដោយពិនិត្យ​ទៅ​លើ​អង្គហេតុ​អង្គច្បាប់ វា​អត់​មាន​ធាតុ​ផ្សំ​គ្រប់​គ្រាន់​សម្រាប់​ដាក់​បន្ទុក​ទៅលើ​កូន​ក្តីក្នុង​ការ​ចោទ​ប្រកាន់​ ពី​បទ​សន្ទិដ្ឋភាព​ជា​មួយ​បរទេស»។

យោង​តាម​លោក ចាន់ ចេន លោក​ចៅក្រម​ស៊ើប​សួរ​ គី ឫទ្ធី បាន​សម្រេច​បដិសេធ​លើក​លែង​បទ​ចោទ​ដោយ​បញ្ជាក់​ពី​ហេតុ​ផល​ថា វា​ជា​បទ​ល្មើស​សន្ទិដ្ឋភាព​ជាមួយ​បរទេស តុលា​ការ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេតគ្រប់​ជ្រុង​ជ្រោយ ហើយ​តុលាការ​ ត្រូវ​ការ​សាក​សួរ​សាក្សី​បន្ត​ទៀត។

លោក​ស្រី ម៉េង សុភារី បញ្ជា​ក់​​ថា សហមេធាវី​អាច​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​​លើក​លែង​បទ​ចោទនេះ​ទៅ​សាលា​ឧទ្ធរ​ណ៍​​តាម​កំណត់​ច្បាប់។ លោក​ចៅក្រម​ស៊ើប​សួរ គី ឫទ្ធី មិន​អាច​ទាក់​ទងសុំ​ការ​បំភ្លឺ​បានទេ​កាល​ពី​ម្សិលមិញ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដោះ​លែងពី​ពន្ធនា​គារ​​ត្រពាំង​ផ្លុងក្នុង​ខេត្ត​ត្បូង​ឃ្មុំកា​ល​​ពី​ខែ​ កញ្ញា​​ ឆ្នាំ ​២០១៨ ដោយ​ដាក់​ឲ្យ ស្ថិត​នៅ​​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។ ក្នុង​ដីកាសម្រេច​របស់​ចៅក្រម​ស៊ើប​សួរ «ក្រៅ​ពីលំនៅឋាន ​ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​លេ​ខ​ ៣១៣ លោក សុខា​ មិន​ត្រូវ​ចេញ​ពី​ព្រំ​ប្រទល់​នៃ​ដែន​ដី​ដែ​ល​​ខណ្ឌ​ដោយ​ផ្លូវ​លេខ​ ៣១៣ ផ្លូវ ​៣១១ និង​ផ្លូវ​លេខ ៦០៨»។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក​មេធាវី សុក សំអឿន យល់​ថា ​ក្នុង​ច្បាប់​កម្ពុជា លោក ​កឹម សុខា ពិត​ជាត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​ ប៉ុន្តែ​​ជាក់​ស្ដែង​ និង​ក្នុង​ក្រសែភ្នែក​របស់​​អន្តរជាតិ លោក​នៅ​តែ​មិន​មាន​សេរីភាព​ដដែល។

លោក​ពន្យល់​ថា៖​ «​បើ​យើង​និយាយ​ពី​សិទ្ធិ​សេរីភា​ព​ អ្វី​ដែល​ហៅ​ថា​ ការ​ឃុំ​ខ្លួន។ ឧទា​ហរណ៍​គេ​មិន​ឲ្យ​យើង​អាច​ទៅ​ណា​បាន​ ឲ្យ​នៅ​តែ​ក្នុង​រង្វង់​ប៉ុន្មាន​ម៉ែត្រ​អ៊ីចឹង។ តើ​នេះ​ ជា​ការ​ឃុំ​ខ្លួន​ឬ​អត់? ព្រោះ​យើង​អត់​អាច​ដើរ​ហើរ​ក្រៅ​ពី​នោះ​បាន​។ ដូច្នេះ​យើង​បាត់​បង់​សិទ្ធិ​ដើរ​ហើរ​មួយ​ហើយ។ ដូច្នេះ​ការ​ធ្វើ​បែប​នេះចំពោះ​ខ្ញុំ​ ខ្ញុំ​ថា​ ជា​ការ​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន»។

លោក​បន្ត​ថា ការ​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ គួរ​តែ​​ហាម​ឃាត់​តែ​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ «បើ​មិន​ឲ្យ​ចេញ​ពី​បរិវេណ​ ១០ ឬ​ ២០ ​ម៉ែត្រ​បួន​ជ្រុង នៃ​បរិវេណ​ផ្ទះ​អ៊ីចឹង​ ហើយ​ចុះ​បើ​គ្រួសារ​អត់​រកស៊ី​អី មិន​ងាប់​ហើយ​អ៊ីចឹង»។

លោក​ថ្លែង​បន្ត​ថា៖ «តុលាការ​ចាត់​ទុក​ថា​ អាហ្នឹង​ជា​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ តុលាការ​និង​រដ្ឋ​អំណាច អាជ្ញាធរ​ គេ​ឲ្យ​តម្លៃ​អ៊ីចឹង!​ ប៉ុន្តែ​ខ្ញុំ​ថា ថ្វី​ដ្បិត​តែ​យើង​ក្នុង​ស្រុក​ ឲ្យ​និយម​ន័យ​អ៊ីចឹង​មែន ប៉ុន្តែ​ភ្នែក​ខាង​ក្រៅ​ប្រទេស​ដែល​ជា​បទដ្ឋាន​អន្តរ​ជា​​តិ​​នោះ​គេ​អត់​យល់​ថា​ យើង​ធ្វើ​ត្រូវ​ទេ។​ គេ​ថា​ យើង​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។ ជា​អនុសាសន៍​របស់​ខ្ញុំ ខ្ញុំ​ថា​ គួរ​តែ​តុលាការ​បើ​មាន​ភ័ស្តុតា​ង​ចោទ ប្រកាន់​គេ​ ក៏​ប្រញាប់​កាត់​ក្តីទៅកុំ​ទុក​ចោល​អ៊ីចឹង។ ចៅ​​ក្រ​ម​ស៊ើប​សួរ​បើ​អត់​មាន​ភ័ស្តុ​តាង​ទេ​ លើក​លែង​ការ​ចោទប្រកា​ន់​ទៅ បើ​មាន​ភ័ស្តុតាង​មែន​កាត់​ក្ដី​ឲ្យ​គេ ​(កឹម សុខា) មាន​ទោស​ទៅ ជាប់គុក​ប៉ុន្មាន​ឆ្នាំៗ​ឲ្យ​ដឹង​ច្បាស់»។

លោក សុក សំអឿន ​បន្ត​ថា លោក​យល់​ឃើញថា​ មាន​បញ្ហា​ផ្លូវ​ច្បាប់​មួយ​ នៅ​កម្ពុជា​ គឺ​ការ​មិន​កំណត់​ថិរ​វេលា​នៃ​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ លោកថា​ ទោះ​បី​នៅ​ក្នុង​ឃុំ​ ឬ​ក្រៅ​ឃុំ​ក៏​ដោយ​ ក៏​គួរ​មាន​ការ​កំណត់​ពេល​វេលា ដោយ​មិន​ត្រូវ​ទុក​ជន​ត្រូវ​​ចោទ​​ចោលទេ ព្រោះ​​វា​ធ្វើ​ឲ្យ​ជន​នោះ​​មាន​ការភ័យខ្លាច​​ អត់​ស្រឡះ​ចិត្ត មាន​សម្ពាធ​ផ្លូវ​ចិត្ត​ ព្រោះ​ខ្លាច​តុលា​ការ​ចាប់​ដាក់​គុក​នៅ​ថ្ងៃ​ណមួយ។

អ្នក​វិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​ ការ​ចាប់ខ្លួន​លោក សុខា ធ្វើ​ឡើង​ទាំង​មាន​ចម្ងល់​ហើយ​នៅ​ពេល​ដែ​ល​​ការ​ចោទប្រកាន់​គាត់​ដោយ​ថា ​មាន​ជាប់​ទាក់​ទិន​នឹង​អាមេរិក​នោះ វា​មិន​ងាយ​ស្រួល​សម្រាប់​តុលាការ​ខ្មែរ​ក្នុង​ការ​កាត់​ទោ​ស​គាត់​ ដោយ​មិន​បាន​ចោទ​ប្រកា​​ន់​ កោះ​ហៅ​ និង​យក​ភ័ស្តុតាង​ពី​អ្នក​សម​គំនិត​បរទេស​ទាំង​នេះ​ទេ។

លោក​ថា បើ​មាន​ការ​ហៅ​បរទេស​មក​ជាប់​ពាក់​ព័ន្ធ​នោះ​ វា​នឹង​ធ្វើ​​ឲ្យ​មាន​ការ​បង្ហាញ​ដល់​អន្តរជាតិ​ថា តុលាការ​ទាំង​នេះ​ មិន​មាន​សមត្ថភាព​ ខ្វះ​ឯករាជ្យ នៅ​ពេល​ប្រឈម​មុខ​ជាមួយ​មេធាវី​បរទេស​ដែល​មាន​វិជ្ជា​​ជីវៈ​ ដែល​ការពារ​អ្នក​ដែល​ចូល​ដៃ​ចូល​ជើង។

លោក​​ថា៖ «​ដូច្នេះ (រដ្ឋា​ភិបាលគិត​ថា) ​វា​ជា​​រឿង​​ប្រសើរ​ សម្រាប់​រដ្ឋាភិបា​ល ​ក្នុង​ការ​បន្ត​ឃុំ​ខ្លួន ​លោក​ កឹម សុខា នៅ​ផ្ទះ​ ហើយ​លាក់​មុខ​ ក្រោម​ការ​លើក​ឡើង​ពី​ភាព​ស្រប​ច្បាប់​ នៃ​ការ​ឃុំ​ខ្លួន ដែល​ជា​ការ​អះអាង​ផ្លូវ​ច្បាប់​អំពី​ឯករាជភាព​ដើម្បី​ការ​ពារ​ខ្លួន (រដ្ឋាភិបាល) ​ពី​ការ​រិះ​គន់​ និង​សម្ពាធ»៕