ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​ស៊ើបអង្កេត​លើ​ដំណើររឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទញុះញង់​ឲ្យ​មាន​ការរើសអើង​ប្រព្រឹត្ត​តាមរយៈ​បង្ហោះ​វីដេអូឃ្លីប និង​ចែកចាយ​វីដេអូ​បរិហារ​ជា​សាធារណៈ​អំពី​ភាពមិនប្រក្រតី​នៃ​ការប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ថា​មាន​អំពើ​ពុករលួយ​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​បាន​ឲ្យ​ដឹងថា លោក​ព្រះរាជអាជ្ញារង សាយ ណូរ៉ា បាន​ធ្វើការ​សាកសួរ​ទៅលើ​លោក គង់ ប៊ុនរិទ្ធ អស់​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃ​សុក្រ ទី​ ១៤ កុម្ភៈ ពាក់ព័ន្ធ​សំណុំរឿង​ចំនួន​ ២ ដែលមាន​បទល្មើស​ចំនួន​ ៣ គឺ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទញុះញង់​ឲ្យ​មាន​ការរើសអើង​។ ក្រោយ​ការសាកសួរ ព្រះរាជអាជ្ញា ណូរ៉ា បាន​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​រូបនោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ឃាត់ខ្លួន​នោះទេ ប៉ុន្តែ​នឹង​បន្តធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ជនសង្ស័យ​រូបនោះ​។

លោក គង់ ប៊ុនរិទ្ធ គឺជា​បេក្ខជន​ប្រឡង​ម្នាក់​ក្នុងចំណោម​បេក្ខជន​មួយចំនួន​តូច ហើយ​បាន​ចេញមុខ​តវ៉ា​នឹង​ការប្រឡង​ប្រជែង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ដោយ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ និង​បាន​ស្វែងរក​កិច្ចអន្តរាគមន៍​ទៅ​ស្ថាប័ន​ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​។

លោក ប៊ុនរិទ្ធ បាន​ក្លាយ​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ការបរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការរើសអើង​ជា​សាធារណៈ ក្រោយ​បង្ហោះ​វីដេអូ​ឃ្លីប​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដោយ​បង្ហាញថា មាន​បេក្ខជន​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ ១៥ ម៉ឺន​ដុល្លារ ដើម្បី​បាន​ជាប់​ក្នុង​ការប្រឡង​នេះ បើ​ទោះ​ជា​កន្លងមក​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ក្រសួងយុត្តិធម៌ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បានប្រកាស​ហើយ​ថា ការប្រឡង​នោះ​គឺ​មាន​តម្លាភាព និង​យុត្តិធម៌ ១០០ ​ភាគរយ​។

ក្រោយ​ការចូល​បំភ្លឺ​នៅ​តុលាការ​លោក គង់ ប៊ុនរិទ្ធ ដែល​ជាប់​ជា​ជនសង្ស័យ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។

ប៉ុន្តែ​សារ​ដែល​លោក​បាន​បង្ហាញ​ចុងក្រោយ​នៅលើ​គណនី​ហ្វេសប៊ុក​បាន​សរសេរ​ថា​៖ «​ខ្ញុំបាទ​ពុំមាន​មេធាវី​ការពារ​សិទ្ធិ​ក្នុងករណី​បំភ្លឺ​ព្រឹក​ (​សុក្រ​) នេះ​នោះទេ​។ ខ្ញុំបាទ​ក៏​សូម​គោរព​អំពាវនាវ​ដល់​សាធារណជន​ក៏ដូចជា​អ្នក​សារព័ត៌មាន​មេត្តា​ចូលរួម​តាមដាន​ក្នុង​ដំណើរ​រឿង​នៃ​សកម្មភាព​ស្នើសុំ​តម្លាភាព​ពិតប្រាកដ​ចំពោះ​លទ្ធផល​ប្រទ្បង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ​ដើម្បី​ជាការ​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​របស់​រាជរដ្ឋាភិបាល​»​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អំឡុងពេល​ចូលរួម​ឃ្លាំមើល​ជុំវិញ​ការ​ស៊ើបសួរ​រវាង​ព្រះរាជអាជ្ញា​ជាមួយ​លោក គង់ ប៊ុនរិទ្ធ ក្នុង​អំឡុង​នោះ​សភាពការណ៍​នៃ​ការសាកសួរ​ហាក់​មាន​ភាពតានតឹង​ខ្លាំងណាស់​។ ព្រះរាជអាជ្ញា​រូបនោះ បាន​បង្ហាញ​សកម្មភាព​គំរាមកំហែង ដោយ​បង្ហាញ​អាការ​ខឹងសម្បា និង​ស្រែក​ខ្លាំង​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ដំណើរការ​សាកសួរ​យូរ​មែនទែន​ចាប់ពី​ម៉ោង​ ៩ ​ព្រឹក​រហូត​ដល់ ​៦ ​ល្ងាច ហើយ​សភាពការណ៍​ហាក់បី​ដូចជា​តឹងតែង រហូត​យើង​ឃើញ​ព្រះរាជអាជ្ញា សាយ ណូរ៉ាហ្នឹង​ចេញ​មក​ក្រៅ​ស្រែក​ដាក់​លោក គង់ ប៊ុនរិទ្ធ ដោយ​គ្រាន់តែ​ជា​ជនសង្ស័យ​ដែល​បង្ហាញ​ពី​ការខ្វះ​សីលធម៌ និង​បង្ហាញ​ពី​ការគំរាមកំហែង​ដោយ​ប្រយោល​ដល់​ជនសង្ស័យ​យើង​នឹង​បន្ត​តាមដាន​បន្តទៀត ព្រោះ​យើង​ក៏​មិនទាន់​អាច​ទាក់ទង​គាត់​បានដែរ ដែល​មិនទាន់​ដឹងថា តើ​មាន​ការគំរាមកំហែង​អ្វី​ទៀត​មក​លើ​គាត់​ទេ​»​។

លោក វឌ្ឍនាសាប៊ុង បាន​ថ្លែងថា សកម្មភាព​របស់​បុគ្គល​ឈ្មោះ គង់ ប៊ុនរិទ្ធ គឺ​មិនមែន​ជា​ករណី​ដែល​តុលាការ​ត្រូវធ្វើ​ការចោទប្រកាន់​នោះទេ គឺ​គួរតែ​មាន​ការកោតសរសើរ​ចំពោះ​បុគ្គល​រូបនោះ ដែល​មាន​ភាពក្លាហាន​ហ៊ាន​ចេញមុខ​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៃ​អំពើ​ពុករលួយ​ដែល​ស្ថាប័នរដ្ឋ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​ជាថ្មី និង​រក​ឲ្យ​ឃើញ​កុំ​ឲ្យ​បន្ត​កើតមាន​ករណី​ទាំងនេះ​ទៀត​។

លោក​ថ្លែងថា​៖​ «​ខ្ញុំ​នឹង​ធ្វើ​របាយការណ៍​ជា​លើក​ទី​ ២ ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចុង​សប្តាហ៍​នេះ ហើយ​ក៏​ធ្វើលិខិត​មួយ​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​ពិនិត្យ​អំពី​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​ព្រះរាជអាជ្ញា​លោក សាយ ណូរ៉ា នេះ​ដែរ​»​។

គួរ​រំឭក​ផងដែរ​ថា កាលពី​ចុង​ខែ​មករា ឆ្នាំ​ ២០២០ លោក សាយ ណូរ៉ា តំណាង​អយ្យការ​អម​សាល​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកាកោះ​លោក ប៊ុនរិទ្ធ ដែល​ជា​ជនសង្ស័យ​ឲ្យ​ចូល​ទៅ​កាន់​តុលាការ​ដើម្បី​សួរ​យក​ចម្លើយ​៕