ភ្នំ​ពេញៈ តុលា​ការ​ក្រុង​ភ្នំ​ពេញ​​ កោះ​ហៅ​អតី​ត​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​៦ ​រូប​ ឲ្យ​ចូល​បំភ្លឺ​​ជា​បន្ត​បន្ទាប់​នៅ​ចុង​ខែ​ ឧសភា​ ឆ្នាំ ​២០១៨​ ពាក់​ព័ន្ធ​​នឹង​​​ការ​​បង្កើត​ចល​នា​សង្គ្រោះ​ជាតិ​​ ដែលរាជ​​រដ្ឋា​ភិ​បាល​ចាត់​ទុក​ថា ​ជា​ចលនា​ឧទ្ទាម​ខុស​ច្បាប់។​

លោក​ សៀង​ ​សុខ​ ​ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​អម​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​ ៣០ ​មីនា ​បាន​ចេញ​ដីកា​យ៉ាង​ហោច​ណាស់​ចំនួន​ ៦​ កោះ ​«អញ្ជើញ»​ អតីត​​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជន​សង្ស័យ​។

អ្នក​ដែល​ត្រូវ​បាន​កោះ​ហៅ​រួម​​មាន​ លោក ​សម​ រង្ស៊ី​ និង​ភរិយា​របស់​លោក​គឺ​លោក​ស្រី​ ​ជូឡុ​ង សូ​មួ​រ៉ា លោក​ តុ​ ​វ៉ាន់​ចាន់​ ​លោក​ ​អេង​ ​ឆៃ​អ៊ាង ​លោក​ ​នុត​ ​រំដួល ​និង​លោក​ ​ហូរ​ ​វ៉ាន់។​

ដី​កា​ទាំង ​៦ ​បាន​សរ​សេរ​ដូចៗ​គ្នា​ថា៖«​ការ​កោះ​ហៅ​នេះ​ គឺ​​​ដើម្បី​សាក​សួរ​ពី​ដំ​ណើរ​រឿង​ការ​បង្កើត​ចល​នា​សង្គ្រោះ​ជាតិ​ ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វ​រ​ធ្ងន់​ធ្ងរ​ដល់​សង្គម​ ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ​ ក្នុង​គោល​បំណង​ផ្តួល​រំលំ​អាជ្ញា​ធរ​ស្រប​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា»​។​

ចល​នា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រ​កាស​បង្កើត​ឡើង​ជា​ផ្លូវ​ការ​កាល​ពី​ចុង​ខែ​មក​រា​ ​នៅ​សហ​រដ្ឋ​អា​មេរិ​ក។​

លោក​ ​អេង​ ​ឆៃ​អ៊ាង​ ​ដែល​ជា​សមា​ជិក​​ហើយ​ត្រូវ​បាន​កោះ​ហៅ​ដែរ​នោះ​ បាន​ថ្លែង​ថា​ លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ការ​ហោះ​ហៅ​របស់​តុលាការ​នោះ​ទេ។ លោក ឆៃអ៊ាង​ថ្លែង​ថា៖«ខ្ញុំ​នឹង​មិន​ចូល​មក​លែង​ជា​មួយ​តុលា​ការ​ដែល​​ជា​ឧប​ក​រ​ណ៍​នេះ​ទេ»។​

លោក ​សុខ​ ​ឥសាន​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ថ្លែង​ថា ​ចល​នា​សង្គ្រោះ​បាន​​បង្កើត​សកម្មភាព​ដែល​ប៉ះ​ពាល់​ដល់​ប្រ​យោជ​ន៍​របស់​កម្ពុជា។ លោក​ ឥសាន ថ្លែង​ថា៖«ខ្ញុំ​​មិន​ជឿ​ថា​ពួក​គាត់​ក្លា​ហាន​ចូល​មក​បំភ្លឺ​ឡើយ»៕