ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ជូន​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដី​ខេត្ត​​ព្រះសីហនុ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​ម្សិលមិញ​ពី​បទចោទប្រកាន់​ចំនួន​ ៣ ​ករណី​។ អតីត​ប្រធាន​មន្ទីរ​ដែនដី​នេះ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា បន្ទាប់ពី​ការសាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​អយ្យការ​បាន​សម្រេច​បញ្ជូន​លោក នួន ប៉ុក ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ពី​បទ​ចោទប្រកាន់​រំលោភ​អំណាច បទ​បំពាន​ធនធាន​ធម្មជាតិ និង​បទ​ផ្ដល់​ឯកសារ​ក្លែង​ដល់​អាជ្ញាធរ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ​ចៅក្រម​ស៊ើបសួរ​បាន​ស៊ើបសួរ​ហើយ​បាន​សម្រេច​ឃុំខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​»​។

កាលពី​ថ្ងៃអាទិត្យ​ទី​ ១ ​ខែ​មីនា​លោកស្រី កែម សុភាព ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​លោក នួន ប៉ុក នៅឯ​គេហដ្ឋាន​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ រួចហើយ​បាន​បញ្ជូន​មក​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​រាជធានី​ភ្នំពេញ​។

លោក នួន ប៉ុក បាន​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ​ ២០១៨​។

លោក គុជ គឹមឡុង បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បញ្ចប់​ការ​សាកសួរ និង​បញ្ជូន​លោក នួន ប៉ុក មក​តុលាការ​កាលពី​ល្ងាច​ថ្ងៃទី​ ៤ ខែមីនា​។ កាលពី​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក លឿម ប៊ុនរឿន អតីត​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តពោធិ៍សាត់​រួមទាំង​អនុប្រធាន​មន្ទីរ និង​មន្ត្រី​មន្ទីរ​ម្នាក់ទៀត​ពី​បទសម្អាត​ប្រាក់ រំលោភ​អំណាច និង​វីតិក្រម​ដោយ​ដាក់​ពន្ធនាគារ​ចំនួន ៨ ឆ្នាំ​។ អតីតមន្ត្រី​មន្ទីរ​ដែនដី​ទាំង ៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ខេត្ត​ពោធិ៍សាត់​កាលពី​ខែ​​កក្កដា ឆ្នាំ​ ២០១៩៕